ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden រៀបចំ​ការ​ប្រជុំ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​បញ្ហា​សន្តិសុខ​ជាតិ


ប្រធានាធិបតីជាប់​ឆ្នោត​លោក Joe Biden ចូលរួម​កិច្ចប្រជុំ​អំពី​បញ្ហា​សន្ដិសុខជាតិ ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រុង Wilmington រដ្ឋ Delaware។
ប្រធានាធិបតីជាប់​ឆ្នោត​លោក Joe Biden ចូលរួម​កិច្ចប្រជុំ​អំពី​បញ្ហា​សន្ដិសុខជាតិ ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ក្រុង Wilmington រដ្ឋ Delaware។

ដោយ​មាន​ការ​រារាំង​ពី​សំណាក់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ទាក់ទិន​នឹង​ការ​ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​អំពី​បញ្ហា​សន្តិសុខ​ជាតិ លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​រៀបចំ​ការ​ប្រជុំ​ដោយ​ខ្លួន​លោក​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ជំនាញ​ខាង​ក្រៅ​នានា​ផ្នែក​ការទូត ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​ផ្នែក​ការពារ​ជាតិ។

លោក Biden បាន​ថ្លែង​នៅ​ពេល​ចាប់ផ្ដើម​ការ​ប្រជុំ​ថា៖ «ខ្ញុំ​មិន​ចំាបាច់​និយាយ​ឲ្យ​ចំ​ទេ។ យើង​ដឹង​ហើយ​ថា ខ្ញុំ​មិន​អាច​ទទួល​បាន​ការ​ជូន​ដំណឹង [ជា​ផ្លូវការ​អំពី​បញ្ហា​សន្តិសុខ​ជាតិ] ដែល​ខ្ញុំ​គួរតែ​ទទួល​បាន​នៅ​ក្នុង​ពេល​នេះ​នោះ​ទេ»។

ប្រធាន​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​ទទួល​បន្ទុក​កិច្ចការ​សេវាកម្ម​ទូទៅ (GSA) អ្នកស្រី Emily Murphy មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​បញ្ជាក់​ទទួល​ស្គាល់​ការ​ផ្ទេរ​អំណាច​នៅ​ឡើយ​ទេ ដូច្នេះ​ក្រុម​ការងារ​របស់​លោក Biden មិន​អាច​ប្រើ​ថវិកា និង​ការិយាល័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​ឡើយ។ ចំណុច​នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេង​ទៀត​ពិចារណា​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុម​ការងារ​របស់​លោក Biden។

អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា៖ «ឯកសារ​បញ្ជាក់​មិន​ទាន់​ត្រូវ​បាន​គេ​ធ្វើ​នៅ​ឡើយ​ទេ។ ទីភ្នាក់ងារ GSA និង​ប្រធានទី​ភ្នាក់ងារ​នេះ នឹង​បន្ត​គោរព​និង​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់​នៅ​ក្រោម​ច្បាប់ និង​ប្រកាន់​ខ្ជាប់​តាម​គំរូ​ពី​មុន​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Bill Clinton ក្នុង​ឆ្នាំ ២០០០»។

បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ខ្លះ​បាន​ប្រាប់ VOA ថា ទោះបីជា​គ្មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​ទីភ្នាក់ងារ GSA ក៏​ដោយ ក៏​លោក Trump បើសិនជា​លោក​ចង់ ក៏​អាច​អនុញ្ញាត​ឲ្យ​លោក Biden ទទួល​បាន​នូវ​ការ​ជូន​ដំណឹង​សម្ងាត់​នានា​បាន​ដែរ៕

XS
SM
MD
LG