ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​​ ប្រកាស​តាម​ Twitter ដក​លោក Esper ពី​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ


រូបឯកសារ៖ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពីការរាតត្បាតនៃជំងឺកូវីដ ១៩ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពីការរាតត្បាតនៃជំងឺកូវីដ ១៩ នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ បណ្តេញលោក Mark Esper ចេញ​ពី​តំណែង​ជារដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក។ លោក Esper​ ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​លោក​Trump ចុង​ក្រោយ​បង្អស់ ​ដែល​ត្រូវ​ដក​ចេញ​ ដោយ​សារ​ការ​ខ្វែង​គំនិត​ជាមួយ​លោក​ប្រធានាធិបតី។

លោក​ ត្រាំ​ បាន​ប្រកាស​ការ​សម្រេច​របស់​លោក​នេះ​ នៅ​ក្នុង​សារ​មួយ​តាម​បណ្តាញ Twitter ដោយ​លោក​ថា៖ «លោក Mark Esper ត្រូវ​បាន​បញ្ឈប់​ពី​តំណែង។ ខ្ញុំ​សូម​អរគុណ​លោក​ចំពោះ​កិច្ចការ​បម្រើ​ប្រទេស​ជាតិ»។​

លោក Esper ដំបូង​ឡើយ​ត្រូវ​រំពឹង​ថា ​នឹងបន្ត​កាន់​តំណែង​ដល់​ចុង​ខែ​មករា ឆ្នាំ២០២១ នៅ​ពេលប្រធានាធិបតី​ដែល​ត្រូវ​ព្យាករណ៍​ថា​ជាប់​ឆ្នោត​ថ្មី​គឺ​លោក Joe Biden ត្រូវ​គេ​រំពឹង​ថា​នឹង​ស្បថចូលកាន់​តំណែង​នៅ​ពេល​នោះ។

កាល​ពី​ខែ​មិថុនា លោក Esper បានបង្ហាញ​ជា​សាធារណៈ​ពី​ការ​ខ្វែង​គំនិត​របស់​លោក​ជាមួយ​លោក ត្រាំ ដោយ​លោក​ Esper មិន​យល់​ស្រប​ឲ្យបញ្ជូន​កង​ទាហាន​អាមេរិក​ទៅ​គ្រប់គ្រងស្ថានភាពធ្វើបាតុកម្មរបស់ក្រុម​បាតុករ​ស្វែងរកយុត្តិធម៌ជាតិសាសន៍ នៅ​តាម​ទី​ក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក​ នៅ​ពេល​នោះ​ទេ។ វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​លោក ​ត្រាំ​ ខឹង​សម្បារ។

លោក Christopher Miller ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម នឹង​ដើរ​តួ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តី​ទី ជំនួស​លោក Esper «ភ្លាមៗ» បើ​តាម​សារ ​Twitter របស់​លោក​ប្រធានាធិបតី ​ត្រាំ។​

ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​ថា ​លោក Esper បាន​សរសេរ​សំបុត្រ​លាលែង​ពី​តំណែង ខណៈ​មន្ត្រី​ដែល​ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តី​ក្នុង​សេចក្តីរាយការណ៍​ព័ត៌មាន​ទាំង​នោះ លើកឡើងថា លោក Esper មិនមាន​គម្រោង​លាលែង​ពី​តំណែង​នោះ​ទេ។

លោក Esper បានបម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ មក។ នៅ​មុន​ពេលលោក​ត្រូវ​បាន​តែងតាំងដោយ​លោក​ប្រធានាធិបតី ត្រាំ លោក Esper ធ្លាប់​បាន​បម្រើការ​ជា​អគ្គលេខាធិការ​នៃ​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០១៧ ទៅ​២០១៩៕

XS
SM
MD
LG