លោកប្រធានាធិបតីដូណាល់ ត្រាំ និយាយថា លោកពេញចិត្តដែលប្រជាពលរដ្ឋអាមេរិកាំងកំពុងពាក់ម៉ាសដើម្បីជួយទប់ស្កាត់ការកើនឡើងនូវការរាតត្បាតមេរោគកូរ៉ូណា ក៏ប៉ុន្តែបាននិយាយថា លោកនឹងមិនបង្ខំឱ្យប្រើប្រាស់ម៉ាសទូទាំងប្រទេសទេ។
លោកប្រធានាធិបតីត្រាំបាននិយាយនៅក្នុងកិច្ចសម្ភាសន៍នៅឯសេតវិមានជាលើកទី១ដែលបានផ្សាយ «ក្នុងកម្មវិធី Fox News Sunday» ថា ខ្ញុំគិតថា ម៉ាសជាការល្អណាស់។
ក៏ប៉ុន្តែ លោកប្រធានាធិបតីត្រាំដែលបានពាក់ម៉ាសនៅក្នុងកន្លែងសាធារណៈជាលើកដំបូងទើបតែមួយសប្តាហ៍មុនបានប្រាប់លោក Chris Wallace អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Fox News នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា «ខ្ញុំមិនយល់ស្របជាមួយសេចក្តីថ្លែងការណ៍ថា ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបពាក់ម៉ាសនោះ ជំងឺនោះនឹងបាត់នោះទេ»។
ទោះបីនៅពេលដែលអភិបាលរដ្ឋជាច្រើននៃអភិបាលរដ្ឋចំនួន៥០ និងអភិបាលក្រុងធំៗរបស់សហរដ្ឋអាមេរិកបានតម្រូវឱ្យពាក់ម៉ាសក្នុងការប្រឈមការកើនឡើងនូវមេរោគកូរ៉ូណាក៏ដោយ លោកប្រធានាធិបតីត្រាំ បាននិយាយថា លោកជឿថា ការពាក់ម៉ាសគួរតែជាការស្ម័គ្រចិត្ត។
លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ថ្ងៃអាទិត្យលើកដំបូងកាលពីជាងមួយឆ្នាំមុនថា «ខ្ញុំចង់ឱ្យពលរដ្ឋមានសេរីភាពពិតប្រាកដហើយខ្ញុំមិនជឿក្នុងការតម្រូវឱ្យពាក់ម៉ាសជាច្បាប់នោះទេ»។
លោកប្រធានាធិបតីត្រាំ បាននិយាយថា លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងដ៏ល្បីល្បាញ និងលោក Jerome Adams ប្រធានគ្រូពេទ្យអាមេរិកបានប្រឆាំងការពាក់ម៉ាសនៅក្នុងការរាតត្បាតវីរុសថ្ងៃទី១នៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំនេះ។ចាប់តាំងពីពេលនោះមក លោកទាំង២ បានផ្លាស់ប្តូរគំនិត ហើយបានអំពាវនាវម្តង ហើយម្តងទៀតឱ្យពាក់ម៉ាស៕