ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិ៖ ភាគច្រើន​នៃ​អ្នកបោះឆ្នោត​ក្នុង​សហរដ្ឋអាមេរិក​ជឿថាលោក Trump មិនមែន​ជា​មនុស្ស​គំរូ​សម្រាប់​កុមារទេ


ប្រធានាធិបតី​ត្រាំ​ថ្លែងក្នុង​ការ​ជួប​ជុំ​មួយ​​នៅ​ក្នុង​បន្ទប់​ខាងកើត​នៃ​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃពុធ​ទី​២៤ មករា ២០១៨។

យោង​តាម​ការស្ទង់មតិ​របស់​ សកលវិទ្យាល័យ Quinnipiacបង្ហាញថា​ អ្នកបោះឆ្នោត​ជនជាតិអា​មេរិកាំង​ជាងពាក់កណ្តាល​មិនជឿថា​ លោកប្រធានាធិបតី Donald Trump គឺ​ជន​គំរូ​សម្រាប់​កុមារទេ។

ខណៈដែល​អ្នកបោះឆ្នោត​ចំនួន៩០ភាគរយ​គិតថា​ វាមានសារៈសំខាន់​ណាស់​សម្រាប់​ប្រធានាធិបតី​ធ្វើ​ជា​មនុស្ស​គំរូ​នោះ​ ៦៧ភាគរយ​នៃ​អ្នកបោះឆ្នោត​មិនជឿថា​លោក Trump ជា​មនុស្ស​គំរូ​ទេ ហើយ២៩ភាគរយ​ទៀត​មាន​ជំនឿ​លើ​លោក។

ការស្ទង់មតិ​អំពី​លោកTrump នេះ​បាន​ទទួល​ការគាំទ្រ​តិចតួច​ក្នុងចំណោម​មនុស្សគ្រប់​វ័យ​ អ្នករៀនសូត្រចេះដឹង​ ទាំងប្រុសទាំងស្រី​ ក្រុមអ្នកកាន់សាសនា​ និង​ក្នុងចំណោម​គណបក្ស​នយោបាយនានា​ លើកលែង​តែ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​គណបក្ស​របស់​លោក​នោះ។

៧២ភាគរយ​នៃ​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​និយាយថា​ លោក Trump គឺ​ជាជនគំរូ​សម្រាប់​កុមារ​ ហើយ២២ភាគរយ​ទៀត​មិន​គិត​ថា​ដូច្នេះ​ទេ។

ការស្ទង់មតិ​ក្នុងចំណោម​អ្នកបោះឆ្នោត​ស្បែកស​ ដែល​គ្មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ដែល​ជាអ្នកគាំទ្រ​យ៉ាង​ខ្លាំង​របស់លោក Trump បង្ហាញ​ថា​ ៥៤ភាគរយ​គាំទ្រ​លោក និង៤១ភាគរយ​មិនគាំទ្រ​ ថា​លោក​គឺ​ជា​មនុស្ស​គំរូ​សម្រាប់កុមារ។

ការស្ទង់មតិ​លើ​ភាព​ជាអ្នកដឹកនាំ​ខាងសីលធម៌​របស់​លោក​ បាន​ទទួល​ការគាំទ្រ​តិចតួច​។ ៦៣ភាគរយ​នៃអ្នកបោះឆ្នោត​មិនគិតថា​លោក​បាន​ផ្តល់​ដល់​ប្រទេស​នូវ​គោលការណ៍​ណែនាំ​នោះ​ទេ​ ចំណែក​ឯ៣៣ភាគរយ​ទៀត​គិតថា​លោក​បាន​ផ្តល់​ដល់​ប្រទេសជាតិ។ ៨០ភាគរយ​ក្នុង​ចំណោម​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​គិតថា​លោក​គឺ​ជា​មេដឹកនាំ​ប្រកប​ដោយ​សីលធម៌៕

XS
SM
MD
LG