ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ អះអាង​ថា លោក​មិន​ដែល​ព្យាយាម​ចាត់​វិធានការ​រារាំង​ការស៊ើបអង្កេត​លើ​ករណី​បញ្ឈប់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឡើយ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​តាម​ទូរស័ព្ទ​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទិ២៩ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បាន​អះអាង​ជា​បន្តបន្ទាប់​នៅ​ក្នុង Tweeter កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ពី​សេតវិមាន ដោយ​បាន​និយាយ​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​ស៊ើបអង្កេត ឬ FBI របស់​លោក និង​បាន​អះអាង​ថា លោក​មិន​ដែល​ស្នើ​ឲ្យ​អតីត​នាយក FBI លោក James Comey បញ្ឈប់​ការ​ស៊ើបអង្កេត​ទៅ​លើ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ លោក Michael Flynn អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្នុង​រដ្ឋធានី Washingtonនោះ​ឡើយ។

លោក ត្រាំ បាន​អះអាង​ថា កេរ្តិ៍​ឈ្មោះ​របស់ FBI កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​ឲ្យ​វា​វិល​ទៅ​រក​ភាព​អស្ចារ្យ​វិញ។

នៅ​ក្នុង​សារ​មួយ​ផ្សេង​ទៀត​របស់​លោក ​ត្រាំ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក Comey នៅ​ចំពោះ​មុខ​សភា​អាមេរិក​ ដែល​លោក​បាន​និយាយ​ថា លោក ត្រាំ បាន​ប្រាប់​ឲ្យ​លោក​ឈប់​ស៊ើបអង្កេត​លើ​ករណី​លោក Flynn នោះ លោក ត្រាំ បាន​និយាយ​ថា នោះ​គ្រាន់​តែ​ជា​ព័ត៌មាន​ប្រឌិត​អំពី​ការ​កុហក​របស់​លោក Comey តែ​ប៉ុណ្ណោះ។

សារទាំងនេះត្រូវបានបង្ហោះឡើងពីរថ្ងៃបន្ទាប់ពីលោក Flynn ទទួលស្គាល់ទោសកំហុសក្នុងរដ្ឋធានី Washington អំពីការនិយាយមិនពិតទៅកាន់ភ្នាក់ងារ FBI ពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងលោកជាមួយនឹងអតីតឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Sergey Kislyak មួយសប្តាហ៍មុននឹងលោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា។

កាល​ពី​ថ្ងៃ​អាទិត្យ លោក ត្រាំ បាន​ប្រើប្រាស់​វេទិកា​បណ្តាញ​សង្គម​ដដែល​នេះ​វាយ​ប្រហារ​ទីភ្នាក់ងារ FBI ខណៈ​ដែល​មាន​ការ​បង្ហាញ​ការ​ពិត​ថា ភ្នាក់ងារ​ម្នាក់ ដែល​បាន​សរសេរ​អ៊ីមែល គាំទ្រ​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ​ត្រូវ​បាន​ដក​ចេញ​ពី​ការ​ស៊ើបអង្កេត​នោះ បន្ទាប់​ពី​អ៊ីមែល​ទាំង​នោះ​ត្រូវ​បាន​លាត​ត្រដាង៕

XS
SM
MD
LG