សមាជិកសភាសហរដ្ឋអាមេរិកកំពុងពិនិត្យលើសំណើច្បាប់កំណែទម្រង់ប៉ូលិសថ្នាក់ជាតិ ស្របពេលដែលអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររដ្ឋប្រកាសអំពីជំហានបន្ថែមទៀតដើម្បីផ្លាស់ប្ដូរការឧបត្ថម្ភថវិកា និងការផ្ដល់សិទ្ធិឲ្យប្រើកម្លាំងនៅក្នុងនាយកដ្ឋានប៉ូលិសរបស់ពួកគេ។
គណៈកម្មាធិការតុលាការនៃរដ្ឋសភាគ្រោងនឹងបើកសវនាការនៅថ្ងៃពុធនេះដើម្បីស្ដាប់សក្ខីកម្មរបស់លោក Philonise Floyd ដែលជាប្អូនរបស់លោក George Floyd។ លោក George Floyd បានស្លាប់ កាលពី២សប្ដាហ៍មុន បន្ទាប់ពីប៉ូលិសប្រើជង្គង់សង្កត់កលោកអស់ជាង៨នាទី។ ការស្លាប់របស់លោកបានបង្កឲ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកជំរុញឲ្យមានការកែទម្រង់។
សាក្សីផ្សេងទៀតមានដូចជា ប្រធានប៉ូលិសក្រុង Houston រដ្ឋ Texas លោក Art Acevedo និងអ្នកស្រី Vanita Gupta អតីតប្រធានផ្នែកសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌ និងបច្ចុប្បន្នជាប្រធាន និងនាយកប្រតិបត្តិនៃអង្គការសន្និសីទភាពជាអ្នកដឹកនាំអំពីសិទ្ធិស៊ីវិល និងសិទ្ធិមនុស្ស (The Leadership Conference on Civil and Human Rights)។
អ្នកស្រី Gupta បានសរសេរនៅលើ Twitter ថា អ្នកស្រីនឹងផ្ដល់សក្ខីកម្ម «អំពីភាពចាំបាច់ឲ្យមានកំណែទម្រង់គោលនយោបាយប៉ូលិស ដែលលើកកម្ពស់ការទទួលខុសត្រូវ គិតគូរឡើងវិញអំពីសុវត្ថិភាពសាធារណៈ និងគោរពដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់រូប»។
សមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបានស្នើកញ្ចប់សំណើច្បាប់កំណែទម្រង់ប៉ូលិសមួយដែលរួមមានទាំងការហាមឃាត់មិនឲ្យមានការសង្ស័យបែបរើសអើសជាតិសាសន៍ និងការរឹតក ដែលចំណុចនេះធ្វើឲ្យមានភាពងាយស្រួលជាងមុននៅក្នុងការប្ដឹងមន្ត្រីប៉ូលិសទៅតុលាការស៊ីវិល និងបង្កើតឲ្យមានប្រព័ន្ធទិន្នន័យថ្នាក់ជាតិមួយដែលតាមដានទង្វើមិនត្រឹមត្រូវរបស់ប៉ូលិស។
ការបោះឆ្នោតលើសំណើច្បាប់នេះគ្រោងធ្វើឡើងនៅក្នុងខែនេះ៕