ប្រធានាធិបតីអាមេរិកលោក Donald Trump ទទួលស្គាល់ថា លោកលុបចោលដំណើរទស្សនកិច្ចមួយទៅប្រទេសដាណឺម៉ាក ពីព្រោះនាយករដ្ឋមន្ត្រីនៃប្រទេសនេះបានធ្វើកំណត់សម្គាល់ «មិនល្អ» មួយជាប្រតិកម្មដល់ដល់សំណើរបស់លោកឱ្យពលរដ្ឋដាណឺម៉ាកលក់ដែនដី Greenland ឱ្យសហរដ្ឋអាមេរិក។
លោក Trump បាននិយាយប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធថា «ខ្ញុំយល់ថា វាមិនមែនជាសេចក្តីថ្លែងការណ៍ល្អមួយទេគឺ វិធីដែលគាត់រិះគន់ខ្ញុំ។ គាត់រិះគន់ស.រ.អ.ខ្លាំងណាស់។ គាត់និយាយដោយស្រពិចស្រពិល។ នេះមិនមែនជាពាក្យពេចន៍ត្រូវប្រើទេ»។
លោកស្រីនាយករដ្ឋមន្ត្រី Mette Frederiksen នៃប្រទេសដាណឺម៉ាកបាននិយាយកាលពីពេលមុននេះកាលពីថ្ងៃពុធថា លោកស្រីស្តាយហើយភ្ញាក់ផ្អើលនឹងការណ៍ដែលលោក Trump បានលុបចោលជាបន្ទាន់នូវទស្សនកិច្ចដែលលោកបានគ្រោងធ្វើក្នុងប្រទេសដាណឺម៉ាក និងបានច្រានចោលសំណើរបស់លោកក្នុងការទិញដែនដី Greenland ដែលជាដែនដីយុទ្ធសាស្ត្រក្នុងតំបន់អាកទិចសំបូរដោយធនធានរ៉ែដែលជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក។
លោកស្រី Frederiksen បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្នុងក្រុងកូប៉ិនហាកថា «ខ្ញុំទន្ទឹងរង់ចាំទស្សនកិច្ចនេះ ហើយយើងបានប្រុងប្រៀបល្អសម្រាប់ទស្សនកិច្ចនេះផងដែរ»។ លោកស្រីបាននិយាយបន្ថែមថា វាអាចជាឱកាសមួយសម្រាប់អបអរសាទរទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។
ឥស្សរជននយោបាយដាណឺម៉ាកបានរិះគន់ខ្លាំងដល់ការលុបចោលដំណើរទស្សនកិច្ចនេះដោយលោក Trump ដោយនិយាយថា ការព្រងើយកន្តើយដោយមើលងាយបែបនេះជាអាកប្បកិរិយាមិនល្អទេ។
លោក Michael Aastrup Jensen សមាជិកសភានៃប្រទេសដាណឺម៉ាកបានមានប្រសាសន៍ថា «វាជាការប្រមាថមើលងាយមួយពីមិត្តភ័ក្តិនិងសម្ព័ន្ធមិត្តជិតស្និទ្ធមួយ»។ លោកបាននិយាយបន្ថែមថា Trump «ខ្វះខាតការប៉ិនប្រសប់ខាងការទូតជាមូលដ្ឋាន»។
អ្នកនយោបាយឆ្វេងនិយម Pernille Skipper បានសរសេរតាម Twitter ថា «លោក Trump រស់នៅលើភពមួយទៀត។ គាត់មានភាពគ្រប់គ្រាន់ដោយខ្លួនឯងហើយគ្មានការគោរពដល់អ្នកឯទៀតទេ»។