ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ បាន​​ផ្តល់​មេដាយ​សេរីភាព​ឱ្យ​អ្នក​សេដ្ឋសាស្ត្រ​សម័យ​ប្រធានាធិបតី Reagan


លោក​ ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក Arthur Laffer អ្នក​សេដ្ឋសាស្ត្រ​ បន្ទាប់ពីលោក​បាន​​ប្រគល់​គ្រឿង​ឥស្សរិយយស​ស៊ីវិល ឬ​មេដាយ​ប្រធានាធិបតី​សម្រាប់​សេរីភាព នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៩។
លោក​ ដូណាល់ ត្រាំ ចាប់​ដៃ​ជាមួយ​លោក Arthur Laffer អ្នក​សេដ្ឋសាស្ត្រ​ បន្ទាប់ពីលោក​បាន​​ប្រគល់​គ្រឿង​ឥស្សរិយយស​ស៊ីវិល ឬ​មេដាយ​ប្រធានាធិបតី​សម្រាប់​សេរីភាព នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៩។

លោក​ប្រធានាធិបតី​ស.រ.អ.​ ដូណាល់​ត្រាំ ​បាន​ប្រគល់​គ្រឿង​ឥស្សរិយយស​ស៊ីវិល​ខ្ពស់​បំផុត​ឱ្យ​អ្នក​សេដ្ឋសាស្ត្រ​ម្នាក់​នៅ​សម័យ​លោក ​Reagan ​កាន់ តំណែង​ប្រធានាធិបតី​ស.រ.អា.​ដែលបាន​ជួយ​ធ្វើ​ឱ្យ​គេ​និយម​ជា​ទូទៅ​ថា​ការ​កាត់​បន្ថយ​ពន្ធដារ​នាំ​ឱ្យ​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​មុន។

លោក​ ត្រាំ ​បាន ​ប្រគល់​មេដាយ​សេរីភាព​ប្រធានាធិបតី​ឱ្យ​លោក​ Arthur Laffer នៅ​ក្នុង​ពិធី​មួយ​នា​សេតវិមានកាល​ពី​ថ្ងៃ​ពុធ​ទី​១៩​ ខែ​មិថុនា។​ ពួក​សាធារណរដ្ឋ​បាន​កោត​សរសើរ​អ្នក​សេដ្ឋសាស្ត្រ​រូប​នេះ​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ ក៏​ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់​មិន​យល់​ស្រប​ជាមួយទ្រឹស្តី​ដែល​លោក​បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ទេ។​

នៅ​ក្នុង​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធីទទួល​មេដាយ​ក្នុង​សេតវិមាន លោក ​ត្រាំ ​បាន​សរសើរ​ស្ថានភាព​សេដ្ឋកិច្ច​ស.រ.អា.​ហើយ​លោក​បាន​ផ្តល់​កិត្តិយស​ច្រើន​ដល់​គោល​នយោបាយ​សេដ្ឋកិច្ចឧបត្ថម្ភ​ផ្ចុង​ផ្តើម​ដោយ​លោក​ Laffer ​ហើយ​បាន​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​ដោយ​លោក​អតីត​ប្រធានាធិបតី​ Ronald Reagan។

លោក​ ត្រាំ ​បាន​និយាយ​ថា៖​ «នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ ប្រទេស​ជាតិ​យើង​ខ្លាំង​ជាង​មុន​ ប្រជារាស្ត្រ​យើង​សម្បូរ​រុង​រឿង​ជាង​មុន​ ហើយ​ពិភពលោក​ក៏​ជា​កន្លែង​មួយ​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ​ដោយសារ​ប្រាជ្ញា​ឈ្លាសវៃ​និងភាព​មុះ​មុត​របស់​លោកបណ្ឌិត Arthur Laffer‍»។

លោក​ Laffer ​បាន​ត្រូវ​ស្គាល់​ច្រើន​ដោយសារ​អ្វី​ដែល​ហៅ​ថា «បន្ទាត់​កោង Laffer» ភាសា​អង់គ្លេស​ហៅ​ថា​ Laffer curve​ ដែល​ជា​គំនូរ​ទ្រឹស្តី​មួយ​លោក​បាន​គូរ​នៅ​លើ​ក្រដាស​ជូត​មាត់​នៅ​ពេល​បរិភោគ​អាហារ​ដើម្បី​បង្ហាញ​ទំនាក់​ទំនង​រវាង​អត្រា​ពន្ធដារ​និង​ទឹក​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធដារ​ដោយ​រដ្ឋាភិបាល។

លោក ​ត្រាំ ​បាន​ថ្លែង​ថា៖ «គំនូរ​នោះ​បាន​បង្ហាញ​ថា​ប្រសិន​បើ​អត្រា​ពន្ធដារ​ខ្ពស់​ពេក​ ប្រជារាស្ត្រ​ឈប់​ចាយ​វាយ​ហើយ​ឈប់​ធ្វើ​វិនិយោគ។​ លទ្ធផល​គឺ​មាន​ការ​លូត​លាស់​តិច​ជាង​មុន ​ហើយ​មាន​ប្រាក់​ចំណូល​ពី​ពន្ធដារ​តិច​ជាង​មុន​ផងដែរ‍»។

ទ្រឹស្តី​នេះ​ដែល​មិន​បាន​ត្រូវផ្តើម​គំនិត​ដោយ​លោក​ Laffer ​នោះ ​មាន​ប្រជា​ប្រិយ ភាព​ជាមួយ​ពួក​សាធារណរដ្ឋ​ ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​និយាយ​ថា​គ្មាន​ការ​សិក្សាប្រាកដ​ប្រជា​ថាវា​ត្រូវ​ទេ។​ ពួក​អ្នក​រិះ​គន់​ក៏​បាន​ចង្អុល​បង្ហាញ​ថា​សេដ្ឋកិច្ច​ ស.រ.អា. មាន​ការ​លូត​លាស់​ក្នុង​រយៈ​ពេល​ខ្លះ​នៅ​ពេល​ដែល​អត្រា​ពន្ធដារ​មាន​កម្រិត​ខ្ពស់​រហូ​ត​ដល់​៩០​ភាគ​រយ​ផង​នោះ។​

កាល​ពី​ថ្ងៃ​ពុធ​ទី១៩ខែ​មិថុនា​ ធនាគារ​កណ្តាល​ស.រ.អា.​បាន​ប្រកាស​ថា​អត្រា​ការ​ប្រាក់​នឹង​គ្មានការ​ប្រែប្រួល​ទេ​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ។ ​

លោក ​Jerome Powell ​ដែល​ជា​ប្រធាន​ធនាគារ​កណ្តាល​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​ សេដ្ឋកិច្ច​មាន​ស្ថានភាពល្អ​គួរសម ​ដោយ​មាន​មូលដ្ឋាន​មាំ​ទាំ ​គាំទ្រ​ការ​លូត​លាស់​តទៅ​ទៀត​និង​ការ​មាន​ការងារ​ច្រើន។​

អតិផរណា​មាន​ទាប​ជាង​ការ​រំពឹង​ទុក​ ក៏ប៉ុន្តែ​យើង​រំពឹង​ថា​ វា​នឹង​កើន​ខ្ពស់​ជាង​មុន​គាំ​ទ្រ​ដោយ​ការ​លូត​លាស់​រឹង​មាំ​និង​ផ្សារ​ការងារ​ខ្លាំង​មួយ‍»។

លោក​ប្រធាន​ធនាគារ​កណ្តាល​ស.រ.អា. ​Jerome Powell ​បាន​និយាយ​ថា​គេ​រំពឹង​ថា​សេដ្ឋកិច្ច​ស.រ.អា.​នឹង​នៅ​តែ​ខ្លាំង​ក៏​ប៉ុន្តែ​វា​អាច​មាន​ការ​ប្រែ​ប្រួល​ដោយ​សារ​«ការ​អភិវឌ្ឍពាណិជ្ជកម្ម​និង​កង្វល់​អំពីការលូត​លាស់​សាកល‍»។

លោក Jerome Powell ​បានថ្លែង​ថា៖ «យើង​មាន​ការ​ខ្វល់​ខ្វាយ​ខ្លះ​ដែរ​អំពី​ហានិភ័យ​នៃ​ការ​ប្រមើល​មើល​អំពី​អនាគត។​ យើង​ប្រុង​ប្រៀប​ដើម្បី​ចាត់​វិធានការ​និង​ប្រើ​ប្រាស់មធ្យោបាយ​របស់​យើង​តាម​សេចក្តី​ត្រូវការ​ដើម្បី​ធ្វើឱ្យ​ការ​រីក​ចម្រើន​មាន​តទៅ​ទៀត‍»។

ពួក​អ្នក​សេដ្ឋសាស្ត្រ​រំពឹង​ថា​ ធនាគារ​កណ្តាល​ស​.រ.អា.​នឹង​កាត់​បន្ថយ​អត្រាការ​ប្រាក់​ម្តង​ឬ​ពីរ​ដង​ក្នុង​ឆ្នាំ​នេះ​ជា​លើក​ដំបូង​ក្នុងមួយ​ទសវត្សរ៍​មក​នេះ។ ​អត្រា​ផ្តល់​ប្រាក់​សហព័ន្ធ​មាន​ផល​ប៉ះ​ពាល់​លើ​អត្រា​នៃ​ការ​ខ្ចី​ប្រាក់​របស់​ពួក​អតិថិជន​ និង​ការ​ខ្ចី​ប្រាក់​សម្រាប់​ធ្វើជំនួញ​ហើយក៏​អាច​មាន​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG