ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ដល់​លោក Roger Stone


លោក Roger Stone ដែល​ជា​ទីប្រឹក្សា​ជា​យូរ​មក​ហើយ​របស់​លោក​ប្រធានាធិបតិ Donald Trump បាន​ដើរ​ចេញ​ក្រៅ​ដោយ​ពាក់​ម៉ាស់​ដែល​សរសេរ​ថា «ដោះលែង Roger Strone» បន្ទាប់​ពី​លោក Trump បាន​បន្ថយ​ទោស​​របស់​លោក កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២០។
លោក Roger Stone ដែល​ជា​ទីប្រឹក្សា​ជា​យូរ​មក​ហើយ​របស់​លោក​ប្រធានាធិបតិ Donald Trump បាន​ដើរ​ចេញ​ក្រៅ​ដោយ​ពាក់​ម៉ាស់​ដែល​សរសេរ​ថា «ដោះលែង Roger Strone» បន្ទាប់​ពី​លោក Trump បាន​បន្ថយ​ទោស​​របស់​លោក កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ​២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ដល់​លោក Roger Stone ដែល​ជា​ទីប្រឹក្សា​ជា​យូរ​មក​ហើយ​របស់​លោក ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​លោក Stone ត្រូវ​ជាប់​ពន្ធនាគារ។

លោក Stone ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​កុហក​ក្រោម​ពាក្យ​សម្បថ និង​រារាំង​ដំណើរការ​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ និង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ៤ ខែ។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «លោក Roger Stone បាន​រងគ្រោះ​ខ្លាំងក្លា​រួច​ទៅ​ហើយ។ លោក​ត្រូវ​បាន​គេ​ប្រព្រឹត្ត​មក​លើ​ដោយ​អយុត្តិធម៌ គឺ​ដូចជា​អ្នក​ដទៃ​ជា​ច្រើន​ទៀត​ដែរ​នៅ​ក្នុង​សំណុំរឿង​នេះ។ ឥឡូវ​នេះ លោក Roger Stone គឺ​ជា​អ្នក​គ្មាន​ទោស!»។

ការ​បន្ថយ​ទោស​នេះ​គឺ​មិន​មែន​មាន​ន័យ​ថា​ជា​ការ​លើកលែង​ទោស​ទាំងស្រុង​នោះ​ទេ ហើយ​មិន​បាន​លុបចោល​ការ​ផ្តន្ទាទោស​អំពី​បទ​ឧក្រិដ្ឋ​ចំពោះ​លោក Stone តាម​វិធី​ដែល​ការ​លើកលែង​ទោស​អាច​ធ្វើ​បាន​នោះ​ដែរ។ ប៉ុន្តែ ការ​បន្ថយ​ទោស​នេះ​គឺ​អាច​ការពារ​លោក Stone មិន​ឲ្យ​ជាប់​ពន្ធនាគារ​បាន។

លោក Stone ត្រូវ​បាន​គេ​គ្រោង​ឲ្យ​ចាប់ផ្ដើម​ការ​បំពេញ​ទោស​ជាប់​ពន្ធនាគារ​របស់​លោក​នៅ​ក្នុង​រដ្ឋ Georgia នៅ​ថ្ងៃ​អង្គារ​ខាង​មុខ បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បាន​ច្រានចោល​សំណើ​របស់​លោក​ដែល​ចង់​ឲ្យ​ពន្យារពេល​កាល​បរិច្ឆេទ​ចូល​ខ្លួន​ជាប់​ពន្ធនាគារ។

បន្ទាប់ពី​លោក Trump បាន​ប្រកាស​អំពី​ការ​បន្ថយ​ទោស​នេះ​មក លោក Stone បាន​ដើរ​ចេញ​ពី​ផ្ទះ​របស់​លោក​នៅ​ក្នុង​ទីក្រុង Fort Lauderdale រដ្ឋ Floria ដោយ​ពាក់​ម៉ាស់​ដែល​សរសេរ​អក្សរ​ថា «ដោះលែង​លោក Roger Stone» និង​បាន​ប្រាប់​អ្នក​កាសែត​ថា៖ «នេះ​គឺ​ជា​សុបិន្ត​អាក្រក់​ដ៏​គួរ​ឲ្យ​រន្ធត់ នៅ​ពេល​ដែល​អ្នក​ដឹង​ថា ការ​ស៊ើប​អង្កេត [អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦] នេះ​មិន​ដែល​មាន​ការ​ចាប់ផ្ដើម​ស្រប​ច្បាប់​នោះ។ វា​គឺ​ជា​ការ​តាម​ព្យាបាទ»៕

XS
SM
MD
LG