ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​របស់​លោក Trump បោះបង់​ចោល​ផ្នែក​ខ្លះ​នៃ​បណ្តឹង​របស់​ខ្លួន​ក្នុង​រដ្ឋ Pennsylvania


រូបឯកសារ៖ លោក Rudy Giuliania មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលទទួលខុសត្រូវលើពាក្យបណ្តឹងអំពីដំណើរការបោះឆ្នោតឲ្យលោក ត្រាំ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Rudy Giuliania មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលទទួលខុសត្រូវលើពាក្យបណ្តឹងអំពីដំណើរការបោះឆ្នោតឲ្យលោក ត្រាំ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

យុទ្ធនាការ​បោះឆ្នោត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ទម្លាក់​ចោល​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ពាក្យ​បណ្តឹង​របស់​ខ្លួន ដែលបាន​ព្យាយាម​រារាំង​រដ្ឋ Pennsylvania មិន​ឲ្យ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ក្នុង​រដ្ឋ​នោះ ទាក់ទិន​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី។

ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ពាក្យ​បណ្ដឹង​នោះ ​ផ្ដោត​លើ​តែ​សន្លឹក​ឆ្នោត​ក្នុង​ចំនួន​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ពាក្យ​បណ្តឹង​ដែល​ដាក់​នៅ​ក្នុង​តុលាការ​សហព័ន្ធ​នោះ យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ បាន​ទម្លាក់ចោល​ការ​អះអាង​ដែល​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​បាន​រារាំង​ដោយ​ខុស​ច្បាប់ ​មិន​ឲ្យ​អ្នក​សង្កេត​ការណ៍​មើល​ការ​រាប់​សន្លឹកឆ្នោត​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​ក្នុង​ទីក្រុង Philadelphia និង​ទីក្រុង Pittsburg។

ឥឡូវ​នេះ ពាក្យ​បណ្តឹង​នោះបាន​ផ្តោតលើ​តែ​ការ​អះអាង​ដែល​ថា ស្រុក​នានា​ដែល​មាន​ទំនោរ​រក​គណបក្ស​ប្រជាធិបតេយ្យ​បាន​អនុញ្ញាតដោយ​ខុស​ច្បាប់​ឲ្យ​អ្នក​បោះឆ្នោត​កែ​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​របស់​ខ្លួន ដោយ​រំលោភ​ច្បាប់​រដ្ឋ។

មន្ត្រី​នានា​និយាយ​ថា ពាក្យ​បណ្ដឹង​នោះ​ប៉ះពាល់​លើ​សន្លឹក​ឆ្នោត​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​លោក ចូ បៃដិន (Joe Biden) ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ឈ្នះ​សំឡេង​ឆ្នោត​ជាង ៦ ម៉ឺន​សំឡេង។

មន្ត្រី​រដ្ឋ Pennsylvania បាន​ស្នើ​ចៅក្រម​ឲ្យ​ទាត់​ចោល​ពាក្យ​បណ្តឹង​នោះ ដោយ​និយាយ​ថា អ្នក​សង្កេតការណ៍​បោះឆ្នោត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​មើល​ដំណើរការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍ ហើយ​ថា ស្រុក​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជូន​ដំណឹង​ដល់​អ្នក​បោះឆ្នោត ប្រសិនបើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​របស់​ពួកគេ​មិន​គ្រប់​លក្ខណៈ ទោះបីជា​វា​មិនមែន​ជា​ការ​តម្រូវ​ ដែល​ត្រូវតែ​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ក៏ដោយ៕

XS
SM
MD
LG