ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានគំរាមលោក Justin Amash សមាជិកសភាថា «មានទម្ងន់ស្រាលពេក» បន្ទាប់ពីតំណាងរាស្ត្ររដ្ឋមីឈីហ្គាន់រូបនេះ បានក្លាយជាអ្នកសាធារណរដ្ឋលើកដំបូងអំពាវនាវឲ្យប្តឹងចោទប្រកាន់ប្រធានាធិបតីត្រាំទម្លាក់ចេញពីតំណែង។
ប្រធានាធិបតី ត្រាំ បាននិយាយថា៖ «លោកមិនមែនជាអ្នកគាំទ្រសមាជិកតំណាងរាស្ត្រដែលកាន់តំណែង ៥ អាណត្តិ និងបានអះអាងថា លោកជំទាស់ប្រឆាំងខ្ញុំ និងគំនិតនិងគោលនយោបាយដ៏អស្ចារ្យខ្លះរបស់គណបក្សសាធារណរដ្ឋ ដើម្បីធ្វើឲ្យឈ្មោះរបស់លោកចេញផុតពីភាពចម្រូងចម្រាស»។
ប្រធានាធិបតី ត្រាំ បាននិយាយទៀតថា លោក Amash ជាអ្នកចាញ់ដែលបានស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកប្រឆាំង។
លោក Amash ដែលបានបន្ទតាមសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាច្រើន បានអះអាងថា ប្រធានាធិបតី ត្រាំ បានទាក់ទិននឹងសកម្មភាពដែលអាចប្តឹងទម្លាក់ចេញពីតំណែងបាន ចំពោះការប៉ុនប៉ងរារាំងការស៊ើបអង្កេតរយៈពេល ២២ ខែរបស់រដ្ឋអាជ្ញាពិសេស Robert Mueller នៅក្នុងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦។
សមាជិកសភាខ្លះរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រ បានអំពាវនាវឲ្យប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង ទោះបីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រមិនបានផ្តល់ការអនុញ្ញាត ដើម្បីចាប់ផ្តើមសវនាការប្តឹងចោទប្រកាន់ទម្លាក់ចេញពីតំណែងក៏ដោយ ខណៈដែលបើកចំហទុកលទ្ធភាពនៅពេលដែលគណៈកម្មាធិការជាច្រើនរបស់សភាតំណាងរាស្ត្រធ្វើការស៊ើបអង្កេតថ្មីពីកិច្ចការពាណិជ្ជកម្ម ពន្ធដារ ហើយនិងការកាន់អំណាចជាង ២ ឆ្នាំរបស់លោកនៅសេតវិមាន៕