ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់លោកស្រី ហ៊ីឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យចំពោះការចូលរួមក្នុងប្រតិបត្តិការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋដែលមានសម្លេងឆ្នោតប្រកៀកប្រកិតគ្នាទាំង៣ដែលលោក ត្រាំ បានឈ្នះ។
លោក ត្រាំ បានរំឭកឡើងពីអ្វីដែលលោកស្រី គ្លីនតុន បាននិយាយនៅក្នុងវេទិកាដេញដោលគ្នាលើកទី៣ថា អ្នកចាញ់ឆ្នោតគួរតែព្រមទទួលយកលទ្ធផលបើទោះបីជាគេមិនចូលចិត្តលទ្ធផលនោះក៏ដោយ។
នៅក្នុងយុទ្ធនាការរយៈពេលវែងរបស់លោក លោក ត្រាំ បានមានប្រសាសន៍ថា ការបោះឆ្នោតមានលក្ខណៈមិនសូវយុត្តិធម៌មកលើរូបលោក ប៉ុន្តែលោកបានហៅសំណើរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សបៃតង លោកស្រី Jill Stein ក្នុងការចាប់ផ្តើមរាប់សន្លឹកឡើងវិញនៅក្នុងរដ្ឋWisconsin រដ្ឋ Michigan និងរដ្ឋ Pennsylvania ថាជាការឆបោក ហើយបានចំអកដល់ការសម្រេចចិត្តរបស់លោកស្រី គ្លីនតុន ក្នុងការចូលរួមនៅក្នុងប្រតិបត្តិការរាប់សន្លឹកឆ្នោតឡើងវិញនេះទៀតផង។
ក្នុងចំណោមសន្លឹកឆ្នោតរាប់លានសន្លឹកដែលប្រជាពលរដ្ឋបានបោះ លោក ត្រាំ បានទទួលជ័យជំនះលើលោកស្រី គ្លីនតុន នៅក្នុងរដ្ឋទាំង៣ ក្នុងចំនួនប្រមាណ២ម៉ឺន៧ពាន់សន្លឹកក្នុងរដ្ឋ Wisconsin ១ម៉ឺន២ពាន់សន្លឹកក្នុងរដ្ឋ Michigan និង៦ម៉ឺន៨ពាន់សន្លឹកក្នុងរដ្ឋ Pennsylvania។ ចំណែកឯលោកស្រី Stein ទទួលបានត្រឹមតែប្រមាណ១ភាគរយនៃសន្លឹកឆ្នោតទាំងអស់ប៉ុណ្ណោះក្នុងរដ្ឋនីមួយៗ។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា «លោកស្រី ហ៊ីឡារី គ្លីនតុន ព្រមទទួលស្គាល់ថាចាញ់ នៅពេលដែលលោកស្រីបានទូរស័ព្ទមកខ្ញុំមុនពេលដែលខ្ញុំធ្វើសុន្ទរកថាជ័យជម្នះ និងបន្ទាប់ពីលទ្ធផលឆ្នោតបានចេញ។ នឹងគ្មានអ្វីផ្លាស់ប្ដូរនោះទេ»។
នៅក្នុងសារមួយទៀតលើបណ្តាញសង្គម Twitter ដែលលោកបានបង្ហោះពេលដែលលោកកំពុងស្នាក់នៅឯភូមិគ្រឹះទល់មុខមហាសមុទ្រអាត្លង់ទិករបស់លោកនៅក្នុងរដ្ឋ Florida បានសរសេរថា «សមាជិកគណបក្សប្រជាធិបតេយ្យ នៅពេលដែលពួកគេយល់ច្រឡំថាខ្លួននឹងឈ្នះ បានស្នើឲ្យគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ មិនអញ្ចឹងទៀតទេ!»៕