ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​តែង​តាំង​បុគ្គល​ពីរ​រូប​ទៀត តែ​លោក​មិន​ទាន់​ជ្រើសរើស​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៅ​ឡើយ


អ្នក​ស្រី​ Kathleen McFarland និង​លោក​ Donald McGahn ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុមង​ផ្ទេរ​តំណែង​របស់​លោក​ Trump។
អ្នក​ស្រី​ Kathleen McFarland និង​លោក​ Donald McGahn ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុមង​ផ្ទេរ​តំណែង​របស់​លោក​ Trump។

ក្នុង​ខណៈ​ពេល​ដែល​សមាជិក​នៃ​ក្រុម​រៀបចំ​ការ​ផ្ទេរ​តំណែង​របស់​លោក Trump កំពុង​ជជែក​ដេញ​ដោល​ចំពោះ​អ្នក​ដែល​គួរ​កាន់​តំណែង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក​ Trump បាន​បន្ត​តែង​តាំង​បុគ្គល​ពីរ​រូប​ទៀត​កាលពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញ​នេះ។

លោកស្រី Kathleen Troia McFarland ឬ​ KT McFarland នឹង​ធ្វើ​ជា​អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ហើយ​លោក Donald F.McGahn នឹង​ធ្វើ​ជា​ជំនួយ​ការ​ប្រធានាធិបតី​និង​ទីប្រឹក្សា​សេតវិមាន។

មុខ​តំណែង​ទាំង​ពីរ​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​នោះ​ទេ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក Trump បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​និង​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​លោកស្រី McFarland ហើយ​ថា​ លោកស្រី​មាន​ផ្នត់​គំនិត​ស្រប​ច្បាប់​ដ៏​ឈ្លាសវៃ អាកប្បកិរិយា​ដ៏​ល្អ ហើយ​និង​មាន​ការ​យល់​ដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ច្បាប់​រដ្ឋធម្មនុញ្ញ‍»។

លោកស្រី​ធ្វើ​ជា​អ្នក​វិភាគ​សន្តិសុខ​ជាតិ​និង​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ Fox News។ លោក​ស្រី​ធ្លាប់​ឈរ​ឈ្មោះ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ឲ្យ​រដ្ឋ​ New York កាលពី​ឆ្នាំ២០០៦ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។

ចំណែក​ឯ​លោក McGahn ដែល​ជា​អតីត​ប្រធាន​គណៈកម្មកា​រៀបចំ​ការ​បោះ​ឆ្នោត​សហព័ន្ធ​ ហើយ​ធ្លាប់​ធ្វើ​ជា​មេធាវី​របស់​លោក Trump ក្នុង​អំឡុង​ពេល​យុទ្ធនាការ។

រហូត​មក​ដល់​ពេល​នេះ​អ្នក​ណា​នឹង​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Trump នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ រហូត​ទាល់​តែ​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ក្រុម​រៀប​ចំ​ការ​ផ្ទេរ​តំណែង​នេះ​អាច​ដោះស្រាយ​រួច​រាល់​សិន។

ក្រុមជំទាស់​ទាំង​២​នៅ​ក្នុង​ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ត្រូវ​បាន​បែងចែក​ជា​២​រវាង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០១២ លោក Mitt Romney និង​អតីត​អភិបាល​ក្រុង​ញូវយ៉ក​លោក Rudolph Giuliani។

នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីប្រឹក្សា​របស់​លោកTrump លោកស្រី Kellyanne Conway បាន​បង្ហាញ​មនោសញ្ចេតនា​ប្រឆាំង​នឹង​លោក Romney។ លោកស្រី Conway បាន​មាន​ប្រសាសន៍​ថា លោកស្រី​បាន​ទទួល​នូវក្តី​បារម្ភ​ពី​មនុស្ស​ម្នា​ដែល​ចោទ​សួរ​ទៅ​លើ​ភាព​ស្មោះត្រង់​របស់​លោក Romney ដែល​ជា​អតីត​អភិបាល​រដ្ឋ Massachusetts ដែល​បាន​ហៅ​លោក Trump ថា​ជា​មនុស្ស​ក្លែងក្លាយ​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​យុទ្ធនាការ​បោះឆ្នោត៕

XS
SM
MD
LG