ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden លោក Trump និង​លោក Obama ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania


ប្រធានាធិបតីអាមេរិក​លោក Joe Biden បេក្ខជន​អភិបាល​រដ្ឋ Pennsylvania លោក Josh Shapiro (ឆ្វេង) ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​​​លោក John Fetterman (ស្តាំ) និង​​អតីត​ប្រធានាធិបតី​លោក Barack Obama ក្នុង​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ទី​ក្រុង Philadelphia កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ប្រធានាធិបតីអាមេរិក​លោក Joe Biden បេក្ខជន​អភិបាល​រដ្ឋ Pennsylvania លោក Josh Shapiro (ឆ្វេង) ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​​​លោក John Fetterman (ស្តាំ) និង​​អតីត​ប្រធានាធិបតី​លោក Barack Obama ក្នុង​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ទី​ក្រុង Philadelphia កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រាប់​ក្រុម​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Pennsylvania ថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ នោះ​នឹង​មាន​ផល​វិបាក «រាប់​ទសវត្សរ៍»។

លោក Biden ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ ដែល​ក្នុង​នោះ​រួម​ទាំង​លោក​អតីត​ប្រធានាធិបតី Donald Trump ផង​ដែរ បាន​ទស្សន៍ទាយ​ថា គណបក្ស​សាធារណរដ្ឋ​នឹង​ឈ្នះ​ទាំងស្រុង​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

លោក Biden លោក Trump និង​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​សៅរ៍ ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​ប្រជែង​តំណែង​សមាជិក​ព្រឹទ្ធសភា​ដ៏​សំខាន់​តំណាង​រដ្ឋ Pennsylvania នេះ​រវាង​អភិបាល​រង​រដ្ឋ Pennsylvania លោក John Fetterman ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ​លោក Mehmet Oz ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក Biden បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឯ​សាកលវិទ្យាល័យ Temple ក្នុង​ទីក្រុង Philadelphia ថា៖ «អ្នក​ទាំង​អស់​គ្នា! យើង​នៅ​សល់​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​ចូល​មក​ដល់។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​នឹង​កំណត់​អនាគត​ប្រទេស​របស់​យើង​សម្រាប់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ ហើយ​អំណាច​ដែល​អាច​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក»។

លោក​បាន​បន្ថែម​ថា៖ «ការ​បោះឆ្នោត​នេះ​គឺ​ជា​ជម្រើស​រវាង​ចក្ខុវិស័យ​ពីរ​ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ទាំង​ស្រុង​សម្រាប់​សហរដ្ឋ​អាមេរិក»។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Latrobe នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Pittsburgh នៃ​រដ្ឋ Pennsylvania លោក Trump បាន​រៀបរាប់​អំពី​បញ្ហា​ជា​ច្រើន​ដែល​លោក​ចាត់ទុក​ថា​បង្ក​ឡើង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដូចជា​បញ្ហា​អតិផរណា និង​កម្មវិធី​សិក្សា​ដែល​ក្រុម​អ្នក​គាំទ្រ​លោក​ចាត់ទុក​ថា​មាន​លក្ខណៈ​កែ​ទម្រង់​ជ្រុល​ជាដើម។

លោក Trump បាន​និយាយ​ថា៖ «ប្រសិនបើ​អ្នក​ចង់​បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​ប្រទេស​របស់​យើង​និង​ជួយ​សង្គ្រោះ​ក្ដី​សុបិន​អាមេរិក នោះ​អ្នក​ត្រូវតែ​បោះឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​ឱ្យ​បាន​ច្រើន»។

សម្រាប់​លោក Obama វិញ លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង Pittsburgh ថា ការ​វាយ​ប្រហារ​ដែល​មាន​ចរិត​នយោបាយ​កាលពី​សប្ដាហ៍​មុន​លើ​លោក Paul Pelosi ដែល​ជា​ស្វាមី​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nacy Pelosi គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​វោហារសាស្ត្រ​បែប​ស្អប់​គុំកួន។

លោក Obama បាន​និយាយ​ដោយ​មិន​យោង​ដោយ​ផ្ទាល់​លើ​គណបក្ស​សាធារណរដ្ឋ​ថា៖ «ទម្លាប់​លាប​ពណ៌​គូ​ប្រជែង​នយោបាយ​ថា​ជា​មនុស្ស​អាក្រក់ ទម្លាប់​និយាយ​រឿង​ឆ្កួតៗ​នេះ​គឺ​បង្កើត​ឱ្យ​មាន​នូវ​បរិយាកាស​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់»។

ការ​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​តំណាង​រដ្ឋ Pennsylvania រវាង​លោក Fetterman និង​លោក Oz នេះ​គឺ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ប្រជែង​សំខាន់ៗ​ចំនួន ៣ នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នេះ។ ការ​ប្រកួត​ប្រជែង​សំខាន់​ចំនួន ២ ទៀត​គឺ​ការ​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​តំណាង​រដ្ឋ Georgia និង​ការ​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​តំណាង​រដ្ឋ Nevada។ ការ​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​ដ៏​សំខាន់​ទាំង​នេះ​នឹង​កំណត់​ថា​តើ​គណបក្ស​ណា​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា។

អ្នក​ព្យាករណ៍​ការ​បោះឆ្នោត​និង​ការ​ស្ទង់មតិ​នានា​កន្លង​មក​បាន​បង្ហាញ​ថា គណបក្ស​សាធារណរដ្ឋ​អាច​ឈ្នះ​បាន​គ្រប់គ្រង​រដ្ឋសភា ហើយ​គណបក្ស​ទាំង​ពីរ​នឹង​មាន​ការ​ប្រជែង​គ្នា​ប្រកៀកប្រកិត​សម្រាប់​ការ​គ្រប់គ្រង​ព្រឹទ្ធសភា។ ការ​គ្រប់គ្រង​សភា​ណា​មួយ​មិន​ថា​រដ្ឋសភា​ឬ​ក៏​ព្រឹទ្ធសភា​នោះ​ទេ​នឹង​ផ្ដល់​អំណាច​ឱ្យ​គណបក្ស​សាធារណរដ្ឋ​អាច​រារាំង​របៀបវារៈ​របស់​លោក Biden បាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG