ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអញ្ជើញទៅទីបញ្ចុះសពជាតិក្រុង Arlington នៅក្បែររដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធម្សិលមិញដើម្បីប្រារព្ធទិវាអតីតយុទ្ធជន។
លោកប្រធានាធិបតី Trump បានសរសេរនៅក្នុងសេចក្តីប្រកាសសម្រាប់ទិវាអតីតយុទ្ធជននេះថា៖ «នៅទិវាអតីតយុទ្ធជននេះ យើងធ្វើការគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពោរពេញដោយមោទនភាពទាំងអស់របស់ជាតិយើង»។
លោកបានបន្ថែមថា៖ «យើងទទួលបានសន្តិភាព វិបុលភាព និងសេរីភាព ដោយសារតែអតីតយុទ្ធជនរបស់យើង ហើយយើងជំពាក់គុណពួកគេជារៀងរហូតដែលគ្មានអ្វីអាចវាស់វែងបាន»។
ចំណែកឯលោក Joe Biden ដែលត្រូវគេព្យាករណ៍ថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីវិញ បានប្រារព្ធទិវាអតីតយុទ្ធជន ដោយការអញ្ជើញទៅបូជនីយដ្ឋានសង្គ្រាមកូរ៉េនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។ កូនប្រុសរបស់លោក Biden ឈ្មោះ Beau បានបម្រើនៅជួរឆ្មាំការពារជាតិប្រចាំរដ្ឋ Delaware ហើយបានស្លាប់នៅឆ្នាំ ២០១៥ ដោយសារជំងឺមហារីកខួរក្បាល។
លោក Biden បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធម្សិលមិញថា៖ «ជូនចំពោះអតីតយុទ្ធជនដែលពោរពេញដោយមោទនភាពរបស់យើង ខ្ញុំនឹងក្លាយជាអគ្គមេបញ្ជាការដែលនឹងគោរពពលិកម្មរបស់អ្នក យល់អំពីការងាររបស់អ្នក ហើយនឹងមិនក្បត់តម្លៃដែលអ្នកបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីការពារ»។
មុនទិវាអតីតយុទ្ធជននេះចូលមកដល់ រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានប្រកាសថា អតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសាររបស់ពួកគេអាចទៅទស្សនាឧទ្យានជាតិនានានៅក្នុងសហរដ្ឋអាមេរិកដោយមិនគិតថ្លៃអស់មួយជីវិត៕