រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនឹងសើរើពិនិត្យមើលឡើងវិញនូវរបាយការណ៍ផ្លាស់ប្តូរអាកាសធាតុដែលបានរៀបចំឡើងដោយទីភ្នាក់ងារសហព័ន្ធចំនួន១៣ដែលបានធ្វើការសន្និដ្ឋានផ្ទុយគ្នាពីទស្សនៈរបស់រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ។
របាយការណ៍នោះបានរកឃើញថា សកម្មភាពមនុស្សទំនងជាបុព្វហេតុជាងពាក់កណ្តាលនៃការធ្វើឲ្យកើនឡើងនូវសីតុណ្ហភាពនៅលើផែនដីចាប់តាំងពីឆ្នាំ១៩៥១មក ជាជំហរមួយដែលជាការផ្ទុយគ្នាជាមួយជំនឿរបស់រដ្ឋបាលលោកត្រាំថា មូលហេតុនៃការឡើងកម្តៅផែនដីមានភាពមិនប្រាកដប្រជា។
រយការណ៍នោះបានប្រាប់ឲ្យដឹងថា ផលប៉ះពាល់របស់មនុស្សបានបណ្តាលឲ្យកើនឡើងនូវសីតុណ្ហភាពសាកលពី០,៦ទៅ០,៧អង្សាសេនៅចន្លោះឆ្នាំ១៩៥១ទៅឆ្នាំ២០១០ហើយថា កម្តៅរបស់ឧស្ម័នផ្ទះកញ្ចក់ក៏ជាការរួមវិភាគទានដ៏សំខាន់មួយធ្វើឲ្យកើនឡើងនូវសីតុណ្ហភាពផែនដីនេះ។
របាយការណ៍ពិសេសខាងអាកាសធាតុវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថា «មិនមានការពន្យល់ក្រៅពីនេះ ហើយមិនមានការវិលចុះឡើងនៃធម្មជាតិបានត្រូវគេរកឃើញនៅក្នុងការសង្កេតដែលអាចពន្យល់ពីការផ្លាស់ប្តូរអាកាសធាតុនេះ»។
ពួកមន្ត្រីរដ្ឋបាលបាននិយាយថា រដ្ឋបាលរបស់លោកត្រាំបានទទួលឯកសារចម្លងនៃសេចក្តីព្រាងនៃរបាយការណ៍កាលពីពេលថ្មីៗបំផុតកាលពីមួយសប្តាហ៍ មុន។ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើរដ្ឋបាលរបស់លោកត្រាំដែលបានប្រកាសកាលពីខែមិថុនាថា ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសនឹងយល់ព្រមជាមួយនឹងរបាយការណ៍នោះដែរឬទេ។
ការសិក្សានោះនឹងត្រូវរួមបញ្ចូលទាំងការវាយតម្លៃអាកាសធាតុជាតិដែលត្រូវបានពិនិត្យដោយសភាជារៀង៤ឆ្នាំម្តង៕