កិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់ចិននៅផ្នែកនានារបស់ពិភពលោក ដើរតួនាទីដ៏សំខាន់នៅក្នុងការវិនិយោគទុនខាងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
ឥទ្ធិពលនៅទូទាំងសាកលលោកនេះកំពុងបង្ខំឲ្យរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គិតឡើងវិញពីផែនការនៃការកាត់បន្ថយជំនួយបរទេសរបស់ខ្លួននៅក្រោមយុទ្ធសាស្រ្ត«គិតប្រទេសអាមេរិកមុន»នោះ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo បានផ្តល់បទសម្ភាសន៍នៅក្នុងទីក្រុង Mexico City ជាមួយលោកស្រី Greta van Susteren អ្នកយកព័ត៌មានរបស់ VOA ថា ការវិនិយោគទុនបរទេសរបស់ចិន នឹងមិនមានចំនួនច្រើនលើសលុបជាងសហរដ្ឋអាមេរិកនោះទេ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានមានប្រសាសន៍ថា «យើងមិនមានបញ្ហាជាមួយការវិនិយោគខាងពាណិជ្ជកម្មរបស់ចិននោះទេ។ នេះជាសិទ្ធិរបស់គេដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងពិភពលោក។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងប្រកួតប្រជែងទាំងអស់ជាមួយពួកគេនៅលើពិភពលោក យើងនឹងបានល្អបំផុត»។
លោក Daniel Runde ជាអ្នកវិភាគនៅមជ្ឈមណ្ឌលយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិ (CSIS) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា នៅពេលដែលមន្រ្តីជាន់ខ្ពស់ណាម្នាក់នៅក្នុងរដ្ឋបាលបានធ្វើដំណើរទៅកាន់បរទេសហើយបានឃើញថា ចិនកំពុងបរិភោគអាហារថ្ងៃត្រង់របស់យើង ពួកគេបានគិតខ្លួនឯងថា យើងត្រូវតែធ្វើអ្វីមួយ៕