ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ប្រុងប្រយ័ត្ន ការ​លុបចោល និង​ការ​តវ៉ា​នានា ខណៈ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន


លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Mahathir Mohamad ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្រុង Port Dickson ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Mahathir Mohamad ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្រុង Port Dickson ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

ការ​ព្រួយបារម្ភ​អំពី​ការ​ជំពាក់​បំណុល​ទៅ​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​ចិន បាន​ក្លាយ​ជា​ប្រធានបទ​ពិភាក្សា​ដេញដោល​កាន់​តែ​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​អាស៊ី ទ្វីប​អាហ្វ្រិក និង​មជ្ឈិមបូព៌ា។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ គម្រោង​នានា​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​៣០​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​លុបចោល​វិញ ហើយ​ប្រាក់​កម្ចី​និងវិនិយោគ​ដទៃទៀត​កំពុង​ត្រូវ​បាន​ពិនិត្យ​វាយតម្លៃ​ឡើង​វិញ។ ​

ការ​ប្រឆាំង​ពី​សាធារណជន​ក៏​កំពុង​តែ​សាកល្បង​ទៅ​លើ​ការ​ដឹកនាំ​របស់​អាជ្ញាធរ​នានា​នៃ​រដ្ឋាភិបាល​ក្រុង ហាណូយ និង​រដ្ឋាភិបាល​ក្រុង Lusaka នៃ​ប្រទេស ហ្សំប៊ី ផង​ដែរ ខណៈ​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​ការ​វិនិយោគ​របស់​ចិន។

កាល​ពី​ចុង​ខែ សីហា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី លោក Mahathir Mohamad បាន​លុបចោល​គម្រោង​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ សម្រាប់​សាងសង់​ផ្លូវ​អយស្ម័យយាន​និង​បំពង់​បង្ហូរ​ទឹក។ ប្រទេស​ប៉ាគីស្ថាន​បាន​លុបចោល​គម្រោង​សាងសង់​ផ្លូវ​អយស្ម័យយាន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​២ពាន់​លាន​ដុល្លារ ក្រោយ​ពី​ការ​លុបចោល​គម្រោង​សាងសង់​ទំនប់​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​១៤​ពាន់​លាន​ដុល្លារ​កាល​ពី​ចុង​ឆ្នាំ​មុន ដោយ​ព្រួយបារម្ភ​ថា​មិន​អាច​មាន​លទ្ធភាពសង​ចិន​វិញ​បាន។

ប្រទេស​ នេប៉ាល់ បាន​លុបចោល​គម្រោង​សាងសង់​ទំនប់​កាល​ពី​ខែ​មុន ហើយ​ប្រទេស សៀរ៉ាឡែអូន បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​លុបចោល​គម្រោង​សាងសង់​អាកាសយានដ្ឋាន​មួយ ដោយសារ​ការ​ព្រួយបារម្ភ​ពី​ប្រាក់​បំណុល៕

XS
SM
MD
LG