ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump កំពុង​រៀបចំ​ផែនការ​ពាណិជ្ជកម្ម​ដើម្បី​តទល់​នឹង​ចិន


កុងតឺន័រ​របស់​ចិន​ស្ថិត​នៅ​លើ​កំពង់ផែ Los Angeles បន្ទាប់​ពី​នាំ​ចូល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៧ ខែតុលា​ឆ្នាំ២០១០។
កុងតឺន័រ​របស់​ចិន​ស្ថិត​នៅ​លើ​កំពង់ផែ Los Angeles បន្ទាប់​ពី​នាំ​ចូល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៧ ខែតុលា​ឆ្នាំ២០១០។

រដ្ឋបាល Trump កំពុងពិចារណា​អំពី​ការ​ផ្តើមគំនិត​ធ្វើ​សកម្មភាព​មួយ​ដែល​អាច​នាំ​ឱ្យ​ស.រ.អា.​ដាក់​កំហិត​ពន្ធដារ ​និង​ការ​រិតត្បិត​ឯទៀតៗ​ខាង​ពាណិជ្ជកម្មលើ​ទំនិញ​ចិន​ដឹក​ជញ្ជូន​មក​លក់​ក្នុង​ប្រទេសអាមេរិក។​

បណ្តាញផ្សាយ​ព័ត៌មាន​របស់​ស.រ.អា.​និយាយ​ថា ប្រធានាធិបតី Donald Trump នឹង​បញ្ជា​ដល់លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្​មស.រ.អា.​ឱ្យ​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​តាម​រយៈមាត្រា​មួយ​នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ១៩៧៤។ ​មាត្រា​នេះ​មានគោលដៅ​ការពារ​ឧស្សាហកម្ម​ស.រ.អា.ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ដោយ​ប្រទេស​ក្រៅ។​

ពួក​មន្ត្រី​រដ្ឋបាល​អាមេរិកាំង​និយាយ​ថា​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​មួយ​អាច​ត្រូវ​ធ្វើក្នុង​រយៈពេល​បី​បួនថ្ងៃខាង​មុខ​នេះ។​

ប្រធានាធិបតី Trump និង​ពួក​សមាជិក​ក្រុម​សេដ្ឋកិច្ច​របស់គាត់​បានចោទ​ប្រកាន់​ប្រទេស​ចិន​ជា​យូរយារ​មក​ហើយ​ថា​បាន​ធ្វើពាណិជ្ជកម្ម​នាំ​ឱ្យ​ខូច​ផលប្រយោជន៍​ខាង​ជំនួញ​របស់​អាមេរិក​គឺ​មាន​តាំង​ពី​ការ​ដឹកជញ្ជូន​ដែក​ថែប​ច្រើនពេក​មក​លក់​ប្រទេស​អាមេរិក​រហូត​ដល់​ការ​លួច​កម្មសិទ្ធខាង​បញ្ញា។ នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​បោះពុម្ព​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​កាសែត​ Wall

Street Journal លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស.រ.អា. Wilbur Ross បាន​ចោទប្រកាន់​ប្រទេស​ចិន​និង​ទ្វីប​អឺរ៉ុប​ថា​បាន​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ពួក​គេ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​តាម​រយៈមធ្យោបាយ​នានា​ដូចជា

«ការ​ផ្តល់​ប្រាក់​ជំនួយ ប្រាក់​កម្ចី​មាន​សោហ៊ុយ​ទាប ប្រាក់ជំនួយ​បន្ថែម​ខាង​ថាមពល ការ​ប្រគល់​ប្រាក់​ពន្ធដារ​ពិសេស​ឱ្យ​មក​វិញ» និង​វិធី​ឯ​ទៀតៗ៕

XS
SM
MD
LG