ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បានចោទប្រកាន់លោក​​នាយក​រដ្ឋមន្ត្រីកាណាដា​ Trudeau ថា​ «លាក់ពុត»


ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អំឡុងពេលកិច្ចប្រជុំកំពូលអង្គការអូតង់ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អំឡុងពេលកិច្ចប្រជុំកំពូលអង្គការអូតង់ នៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

​ប្រធានាធិបតី​អាមេរិកលោក Donald Trump បាន​ចោទ​ប្រកាន់​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា​ថា «លាក់ពុត» បន្ទាប់ពី​លោកTrudeau និង​មេដឹកនាំ​ឯទៀតៗនៃ​អង្គការអូតង់​ហាក់​ដូច​ជា​បាននិយាយរអេចរអូចអំពីលោក។

វីដេអូមួយ​ដែល​បាន​ត្រូវថត​នៅ​ពេលបដិសណ្ឋារកិច្ច​កាលពី​យប់ថ្ងៃអង្គារ​នៅក្នុង​វិមាន Buckingham ក្នុង​ក្រុងឡុងដ៍បាន​បង្ហាញ​ឱ្យ​ឃើញលោក​ Trudeau ប្រមូល​ផ្តុំគ្នា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johson ព្រះអង្គ​ម្ចាស់ក្សត្រីយ៍ Anne នៃ​ប្រទេសអង់គ្លេស លោកនាយករដ្ឋមន្ត្រី​ហុល្លង់ Mark Rute និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron។​

គេ​បានឮ​លោក Trudeau ធ្វើអត្ថាធិប្បាយ​អំពី​ការ​និយាយ​យ៉ាងវែង​ដោយ​លោក Trump ជាមួយ​អ្នកកាសែត​ដែលនៅក្នុង​នោះ​លោក Trump បានថ្លែង​ថា ​លោក​ Trudeau ខ្វល់ខ្វាយ​ក្នុង​ចិត្ត​អំពី​ការនិយាយរបស់លោក​ដែល​ថា​ប្រទេស​កាណាដា​មិនបានបំពេញតាម​ការប្តេជ្ញា​ខាងហិរញ្ញវត្ថុ​របស់​ខ្លួនដល់​អង្គការអូតង់ទេ។

ក្នុង​រយៈពេល​ខ្លី​ក្រោយអត្ថាធិប្បាយ​របស់​លោក Trump អំពី​លោក Trudeau លោកប្រធានាធិបតី​បាន​ Tweet ថា​ អង្គការ​អូតង់​បានធ្វើឱ្យមាន «ការជឿនលឿនដ៏​អស្ចារ្យ» ចាប់​តាំង​ពីលោក​បានជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិកជិត​បី​ឆ្នាំកន្លង​ទៅនេះ។

លោក Trump បាននិយាយ​ថា «ប្រទេសឯទៀតៗ​ក្រៅពី​សហរដ្ឋអាមេរិកបានយល់ព្រម​បង់ប្រាក់​បន្ថែមចំនួន១៣០ពាន់លាន​ដុល្លារក្នុងមួយ​ឆ្នាំ​ហើយមិនហួស​ពី ឆ្នាំ២០២៤ទេ ​ចំនួនទឹកប្រាក់នេះ​នឹង​កើនឡើង​ដល់៤០០ពាន់លាន​ដុល្លារ​។អង្គការអូតង់​នឹងខ្លាំងក្លា​ជាងមុន»៕

XS
SM
MD
LG