ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរ​ក្រហម​បន្ត​សវនា​កាត់​នួន ជា​ ខៀវ​ សំផន

  • គង់ សុឋានរិទ្ធ

សន្និសីទ​​កាសែត​​ស្តី​អំពី សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​​ការពិភាក្សា​ដេញដោល​លើក​ភស្តុតាង​នៃ​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី១។
ភ្នំពេញ៖ ជន​ជាប់​ចោទ​នួន ជា​ និង​ខៀវ ​សំផន​នឹង​បង្ហាញ​មុខក្នុង​សវនាការ​ដើម្បី​សន្និដ្ឋាន​បញ្ចប់​ការ​កាត់​ទោស​សំណុំ​រឿង​០០២​ ​វគ្គ​ទី១ ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បើ​ទោះជា​ពួក​គេ​មាន​បញ្ហា​សុខភាព​ក៏ដោយ។​

សវនាការ​នេះ ​នឹង​មាន​រយៈ​ពេល​២​សប្តាហ៍​ គឺ​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​៣១​ខែ​តុលា​ហើយ​គឺ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ក្នុង​ការ​ថ្លែង​ទៅ​កាន់​ក្រុម​ជំនុំ​ជម្រះ​សម្រាប់​ការ​កាត់​ក្តី​វគ្គទី​មួយ​នេះ។

លោក​ឡាស ​អលសិន ​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ​សម្រាប់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នួន ​ជា​និង ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ខៀវ​ សំផន​នៅ​ដដែល។​

«យើង​រំពឹង​ថា ​ខៀវ ​សំផន​នឹង​មាន​វត្តមាន​ពេញ​មួយ​រយៈ​ពេល​នៃ​សវនាការ​សន្និដ្ឋាន​បញ្ចប់​ការ​កាត់​ទោស​សំណុំ​រឿង​០០២​ ​វគ្គទី១​នេះ។​ យោង​តាម​ដំណឹង​ដែល​យើង​ទទួល​បាន​គឺ​នួន​ ជា​មិន​សូវ​ច្បាស់​លាស់​បន្តិច​ ដែល​ថា ​គាត់​អាច​នៅ​ក្នុង​ដំណើរ​ការ​សវនាការ។​ ប៉ុន្តែ​គាត់​នឹង​ត្រូវ​នាំ​ខ្លួន​មក​ឲ្យ​អង្គុយ​នៅ​ទី​នេះ»។​

មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​ដដែល​បញ្ជាក់​ថា បើ​សិន​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ជន​ជាប់​ចោទ​ទាំង​ពីរ​នឹង​ត្រូវ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​នេះ ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សវនាការ​លើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី១។​

យោង​តាម​កម្ម​វិធី​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​សវនាការ​សន្និដ្ឋាន​បញ្ចប់​ ការ​កាត់​ទោស​សំណុំ​រឿង​០០២​ ​វគ្គទី១​នឹង​មាន​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ក្រុម​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ ដែល​ជា​ភាគី​តំណាង​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ ជាពិសេស​ទាក់​ទង​នឹង​សំណង​ផ្លូវ​ចិត្ត​ជា​និមិត្តរូប​ និង​សំណង​សមូហ​ភាព។ ​សហ​ព្រះ​រាជ​អាជ្ញា​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​បទ​ចោទ​លើ​ជន​ជាប់​ចោទ​ទាក់ទង​នឹង​ធ្វើ​ការ​ដោយ​បង្ខំ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​សាសនា​ អំពើ​ប្រល័យ​ពូជ​សាសន៍ ​ការ​ជម្លៀស​ប្រជាជន​ ការ​សម្លាប់​ទាហាន​លន់ នល់​នៅ​ទួល​ពោធិ៍ជ្រៃ។ ​ក្រៅ​ពី​នោះ​ក៏​នឹង​មាន​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​មេធាវី​ជន​ជាប់​ចោទ​ ការ​ដេញ​ដោល​របស់សហ​មេធាវី​នាំមុខ​ និង​ព្រះ​រាជ​អាជ្ញា​ទល់​នឹង​មេធាវី​របស់​ជន​ជាប់​ចោទ​ជា​ដើម។​

លោក​ឌឹម​ សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា សវនាការ​ចុង​ក្រោយ​នៃ​កា​រកាត់ក្តី​សំណុំ​រឿង​០០២ ​វគ្គ១​នេះឈាន​ដល់​ ក្រោយ​ពីអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​បើក​សវនការ​អស់​រយៈ​ពេល​ជាង​២០០​ថ្ងៃ។​

«ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​នៃ​សំណុំ​រឿង​០០២​ដំណាក់​កាល​ទី​១នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​បិទ​បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្តី​នៅថ្ងៃទី​២៣​ខែ​កក្កដា​ឆ្នាំ​២០១៣​ ដោយ​បាន​ធ្វើ​សវនាការ​ចំនួន​២១២​ថ្ងៃ។​ ហើយ​បាន​សួរសាក្សី ​អ្នក​ជំនាញ​ និង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​រហូត​ដល់​៩២​រូប»។​

សាលាក្តី​គ្រោង​នឹង​ចេញ​សាល​ក្រម​សំណុំ​រឿង​០០២​ វគ្គ១​ នេះ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤។​ ទាំង​លោក​ឡាស​ អលសិន​ ទាំង​លោក​ឌឹម ​សុវណ្ណារុំ​សុទ្ធ​តែ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ ថា​តើ​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គទី​២​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។​

​យ៉ាងណា​ក៏ដោយ ​លោក​ឆាំង ​យុគ​ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ប្រមូល​ផ្តុំ​ដោយ​ឯកសារ​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ដ៏​ច្រើន​បំផុត​ គិត​ថា​ សេចក្តី​សន្និដ្ឋាន​លើ​ការ​កាត់​ក្តី​វគ្គ​ទី១​នៃ​សំណុំ​រឿង​០០២​គឺ​ជា​ការរ​ង់​ចាំ​យ៉ាង​អន្ទះ​សារ​របស់​ជន​រងគ្រោះ។

«សេចក្តី​សន្និដ្ឋាន​ជំហាន​ដំបូង​នេះ​ បើ​យើង​គិត​ទៅ​ ដូចជា​គ្រាប់​បាយ​មួយ​គ្រាប់។​ចំពោះ​អ្នក​ដែល​ស្រេក​ឃ្លាន​នៅ​សម័យខ្មែរ​ក្រហម​មាន​តម្លៃ​ដូច​ទឹក​មួយ​ដំណក់​នៅ​ពេល​ដែល​យើងហៀប​នឹង​ស្លាប់​អញ្ចឹង។​ ទឹក​មួយ​ដំណក់​ក៏​ដោយ​ នៅ​ពេល​ដែល​យើង​ហៀប​ស្លាប់​ ហើយ​យើង​បាន​ផឹក​ទៅ​មាន​តម្លៃ​ណាស់។ ​ហើយ​សេចក្តី​សន្និដ្ឋាន​នេះ​បង្ហាញ​នូវ​ជំហាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ​ពី​អតីត​កាល។ ​ហើយ​វា​នាំ​មក​នូវ​ការ​ធូរ​ស្រាល​ច្រើន​ចំពោះ​មនុស្ស​រាប់​លាន​នាក់»។

ជាមួយ​គ្នា​នេះ ​លោក​ឆាំង​ យុគ​គិត​ថា ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​មាន​ការ​ប្រឈម​ផ្នែក​ចាស់​ជរា​របស់​ជន​ជាប់​ចោទ ​និង​បញ្ហា​ថវិកា​សម្រាប់​ការ​កាត់​ទោស​សំណុំ​រឿង​ទី​២​នេះ​បន្ត​ទៀត៕​
XS
SM
MD
LG