សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលម្សិលមិញនេះ បានផ្ញើរលិខិតមួយច្បាប់ជូនលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្ហាញពីគោលជំហររបស់ថៅកែរោងចក្រថា អាចមានលទ្ធភាពផ្តល់ឲ្យកម្មករនូវប្រាក់ឈ្នួលអប្បបរមាត្រឹមតែ១៤៤,២ដុល្លារប៉ុណ្ណោះ។
ការបញ្ជាក់ពីជំហរនេះកើតមានឡើង ក្រោយពីក្រុមសហជីពតំណាងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានបង្ហាញចំនួនប្រាក់ខែអប្បបរិមា១៧៩,៦ដុល្លារសម្រាប់ការចរចានៅថ្ងៃស្អែកជាមួយភាគីរដ្ឋាភិបាលនិងភាគីម្ចាស់រោងចក្រ។
លិខិតរបស់សមាគមរោងចក្រត្រូវបានផ្ញើរចេញពីរថ្ងៃ មុនថ្ងៃប្រជុំត្រីភាគីចរចាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៧ ដោយមានភាគីតំណាងកម្មករ រាជរដ្ឋាភិបាល និងតំណាងនិយោជក។
ក្នុងលិខិតនោះ លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់ថា ខាងនិយោជកមានលទ្ធភាពដំឡើងប្រាក់ឈ្នួលត្រឹមតែ៤,២ដុល្លារបន្ថែមតែប៉ុណ្ណោះ ពោលគឺដំឡើងពី១៤០ដុល្លារក្នុងឆ្នាំ២០១៦នេះ ឲ្យបានដល់១៤៤,២ដុល្លារសម្រាប់ឆ្នាំ២០១៧។
ការដំឡើងនេះគឺមានចំនួនតិចជាងចំនួនដែលតំណាងកម្មករធ្វើការទាមទារប្រមាណ៣៥ដុល្លារ។
លិខិតនោះបញ្ជាក់ហេតុផលថា វិស័យកាត់ដេរកំពុងតែប្រឈមនឹងស្ថានភាពមិនល្អ ដូចជាការធ្លាក់ចុះនៃអ្នកបញ្ជាទិញ អាត្រាកំណើននៃទឹកប្រាក់ ការនាំចេញធ្លាក់ចុះ និងការប្រឈមនឹងកំណើននៃការបិទរោងចក្រជាដើម។
ប៉ុន្តែលោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថា ខាងនិយោជកតែងតែបង្ហាញឆន្ទៈមិនចង់ដំឡើងប្រាក់ឈ្នួលតាមតម្រូវការរបស់កម្មករ ព្រោះទឡ្ហីករណ៍ដែលលើកឡើងដោយ GMAC ពុំបានបង្ហាញនូវភាពជាក់ស្តែងក្នុងឧស្សាហកម្មកាត់ដេរនោះឡើយ។
រីឯលោកប៉ាវ ស៊ីណា ជាប្រធានសហជីពចលនាកម្មករកម្ពុជា និងជាសមាជិកមួយក្នុងចំណោមសមាជិក១៦រូបក្នុងគណៈកម្មការពិសេសសម្រាប់ចរចាដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៧ បានប្រាប់ VOA ថា ការសម្តែងនូវចេតនា និងឆន្ទៈក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករពីសំណាក់ថៅកែរោងចក្រ មុនការចរចានេះ ជាសញ្ញាវិជ្ជមានមួយ ពីព្រោះជារៀងរាល់ឆ្នាំ ខាងថៅកែរោងចក្រមិនដែលបង្ហាញគោលជំហរក្នុងការដំឡើង មុនពេលចរចា និងប្រជុំត្រីភាគីបែបនេះឡើយ។
លោកបន្ថែមថា បើទោះជាសហជីពមួយចំនួនបង្ហាញពីគោលជំហរផ្សេងពី ១៧៩,៦ដុល្លារ ដូចជា១៨៣ដុល្លារជាដើម ក៏ការចរចាថ្ងៃស្អែកនេះ ចំនួន១៧៩,៦ដុល្លារនោះជាចំនួនសម្រេចមួយពីតំណាងសហជីព។ លោកអះអាងថា ចំនួននេះជាចំនួនដែលជាក់លាក់តាមការស្រាវជ្រាវពីទិន្នន័យរដ្ឋាភិបាល។
កំណើននៃការកើនឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជាមានការកើនឡើងជាលំដាប់។
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរិមារបស់កម្មកររោងចក្រមានចំនួន១០០ ដុល្លារ។ ប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សាដែលបានបណ្តាលឲ្យមានការស្លាប់ និងរងរបួស។ យ៉ាងហោចណាស់មានកម្មករ៥នាក់ស្លាប់ក្នុងបាតុកម្មធំមួយនាឆ្នាំ២០១៣ ក្នុងកំឡុងពេលបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួល។ ក្រោយការចរចាឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នូលអប្បបរមាកម្មករត្រូវបានដំឡើងមួយកម្រិតទៀតគឺពី១២៨ដុល្លារដល់១៤០ដុល្លារ។ កម្មករនៅតែត្អូញត្អែរថា ចំនួននេះមិនអាចឲ្យពួកគេរស់បានក្នុងសេចក្តីថ្លៃថ្នូរ និងសមរម្យនោះទេ៕