ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គ្មាន​គោល​បំណង​បង្ហាញ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក​នោះ​ទេ


លោក រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ Steven Mnuchin (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​បន្ទប់​ព័ត៌មាន​ នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។
លោក រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ Steven Mnuchin (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​បន្ទប់​ព័ត៌មាន​ នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក លោក Steven Mnuchin បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​ប្រធានាធិបតី Donald Trump «គ្មាន​គោល​បំណង» ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក​នោះ​ទេ ទោះបីជា​សេតវិមាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ពន្ធដារ​ក៏​ដោយ។

ប្រសិន​បើ​គ្មាន​ការ​បង្ហាញ​អំពី​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក Trump ទេ គេ​មិន​អាច​ស្វែង​យល់​ឲ្យ​បាន​ពេញលេញ​អំពី​ថា​តើ​សំណើ​កំណែ​ទម្រង់​ពន្ធដារ ដែល​បាន​ចាប់ផ្ដើម​ធ្វើ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ មាន​ផល​ប៉ះពាល់​ប៉ុណ្ណា​លើ​លោក Trump និង​លើ​ឥទ្ធិពល​អាជីវកម្ម​របស់​ក្រុម​គ្រួសារ​របស់​លោក នោះ​ទេ។

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន លោក Trump បាន​បដិសេធ​មិន​ធ្វើ​ការ​បង្ហាញ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក ដោយ​លោក​បាន​ពន្យល់​ថា គេ​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​លោក។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក លោក​មិន​ដែល​បង្ហាញ​ភស្តុតាង​អំពី​ការ​ត្រួត​ពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​លោក​នោះ​ទេ។ មេធាវី​ខាង​ពន្ធដារ បាន​បញ្ជាក់​ថា មិន​មាន​ច្បាប់​ណា​មួយ​ហាម​ឃាត់​បុគ្គល​ណា​ម្នាក់ ដែល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ មិន​ឲ្យ​បង្ហាញ​ពី​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ខ្លួន​នោះ​ទេ។

លោក Trump បាន​និយាយ​ថា លោក​ប្រហែល​ជា​នឹង​បង្ហាញ​ពី​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក នៅ​ពេល​ដែល​ការ​ត្រួតពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​លោក បាន​បញ្ចប់​រួច​រាល់។ ប៉ុន្តែ លោក រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Steven Mnuchin មើលទៅ ដូចជា​ជួយ​ការពារ​រឿង​មិន​បង្ហាញ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក Trump នេះ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Steven Mnuchin បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump គ្មាន​គោល​បំណង​បង្ហាញ​ក្នុង​ការ​បង្ហាញ​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក​នោះ​ទេ។ លោក​បាន​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​រួច​មក​ហើយ ហើយ​ខ្ញុំ​គិត​ថា លោក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​លោក ច្រើន​ជាង​នរណាៗ​ទាំង​អស់។ ខ្ញុំ​គិត​ថា ពលរដ្ឋ​អាមេរិកាំង​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ហើយ អំពី​រឿង​នេះ»៕

XS
SM
MD
LG