ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​បង្ហាញ​ពី​គម្រោង​ពន្ធដារ​នៅ​ថ្ងៃ​ពុធ​នេះ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​មុន​ពេល​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ នៅ​ក្រសួង​រតនាគារ​ជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​មុន​ពេល​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ នៅ​ក្រសួង​រតនាគារ​ជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

ក្ដី​រំពឹង​អំពី​គម្រោង​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ក្នុង​ការ​កាត់​ពន្ធ​លើ​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ និង​ការ​កាត់​ពន្ធ​លើ​ប្រជាពលរដ្ឋ​ម្នាក់ៗ បាន​ជំរុញ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ Wall Street មាន​អត្រា​កើន​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អាស៊ី​កើន​ឡើង​ផង​ដែរ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Trump មាន​គោល​បំណង​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​ពន្ធ​ខ្លាំងក្លា​លើ​អត្រា​ពន្ធ​របស់​ក្រុមហ៊ុន​អាជីវកម្ម​ធំៗ ដែល​ជា​ចំនួន​ពន្ធ​ខ្ពស់​ជាង​គេ​បំផុត ក្នុង​ចំណោម​បណ្ដា​ប្រទេស​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ពិភពលោក។

លោក Trump គ្រោង​នឹង​បង្ហាញ​ពី​គម្រោង​ពន្ធ​របស់​លោក នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ជំនួយការ​របស់​លោក​បាន​និយាយ​ថា លោក Trump នឹង​សួរ​សភា​ឲ្យ​បញ្ចុះ​អត្រា​ពន្ធ​បច្ចុប្បន្ន ដែល​មាន​ចំនួន ៣៥ ភាគរយ មក​នៅ​ត្រឹម ១៥ ភាគរយ ដែល​នេះ​ជា​ការ​សន្យា ដែល​លោក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​សេតវិមាន លោក Sean Spicer បាន​និយាយ​ថា សហរដ្ឋ​អាមេរិក មិន​មាន​ការ​ប្រជែង​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​ការ​ទាក់ទាញ​អាជីវកម្ម​ថ្មីៗ​នោះ​ទេ ដែល​មួយ​ផ្នែក​ធំ គឺ​បណ្ដាល​មកពី​អត្រា​ពន្ធ​របស់​សហរដ្ឋ​អាមេរិក។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​សន្យា​ថា នឹង​ធ្វើ​ការ​កែ​ទម្រង់​ពន្ធដារ​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ៕

XS
SM
MD
LG