ការលួចចូលប្រព័ន្ធទូរគមនាគមន៍អាមេរិក ដែលមានទំនាក់ទំនាក់ជាមួយប្រទេសចិន ដែលពីដំបូងហាក់ដូចជាផ្ដោតលើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក មានភាពស៊ីជម្រៅជាងនេះ។ នេះបើយោងតាមក្រុមអ្នកស៊ើបអង្កេត។ ការលួចចូលនេះទំនងជាផ្នែកមួយនៃការខំប្រឹងឈ្លបយកការណ៍លើសហរដ្ឋអាមេរិកពីសំណាក់ចិន។
ទីភ្នាក់ងារ FBI និងទីភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខអ៊ីនធឺណិត CISA បានព្រមានកាលពីថ្ងៃពុធថាការលួចចូល ដែលត្រូវចាប់សញ្ញាបានលើកទី១កាលពីចុងខែមុន ឥឡូវ«លាតត្រដាងឱ្យឃើញពីយុទ្ធនាការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏សំខាន់និងទ្រង់ទ្រាយធំ»។
ទីភ្នាក់ងារទាំងពីរបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា ការស៊ើបអង្កេតរបស់ពួកគេបានបញ្ជាក់ថា ក្រុមលួចចូលប្រព័ន្ធអ៊ីនធឺណិតដែលមានទំនាក់ទំនងជាមួយចិន បានធ្វើឱ្យរអាក់រអួលបណ្ដាញក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនរបស់អាមេរិក ហើយបានលួចចូលទៅដល់កន្លែងផ្ទុកព័ត៌មានយ៉ាងច្រើន។
ទីភ្នាក់ងារទាំងពីរថាក្រុមលួចចូលប្រព័ន្ធអ៊ីនធឺណិតទាំងនោះ បានចូលទៅមើលកំណត់ត្រាអតិថិជននិងជ្រៀតចូលក្នុងបណ្តាញទំនាក់ទំនងឯកជនរបស់មន្ត្រីរដ្ឋាភិបាលនិងអ្នកនយោបាយមួយចំនួន។
លើសពីនេះ ក្រុមលួចចូលប្រព័ន្ធអ៊ីនធឺណិតទាំងនោះហាក់ដូចជាបានថតចម្លងព័ត៌មានដែលមន្ត្រីអនុវត្តច្បាប់អាមេរិក បានស្នើសុំតាមបញ្ជារបស់តុលាការផងដែរ។
ទីភ្នាក់ងារ FBI និង CISA ថា«យើងរំពឹងថាការលួចចូលទាំងនេះ នឹងមានច្រើនថែមទៀតពេលដែលការស៊ើបអង្កេតកំពុងបន្ត»។
ទីភ្នាក់ងារទាំងពីរបន្ថែមថា«យើងសូមលើកទឹកចិត្តដល់អង្គការណាដែលជឿថាខ្លួនប្រហែលជាជនរងគ្រោះ ឱ្យទាក់ទងការិយាល័យនៅមូលដ្ឋានរបស់ FBI ឬ CISA»។
ទីភ្នាក់ងារទាំងពីរ បានប្រកាសលើកដំបូងថាពួកគេកំពុងស៊ើបអង្កេតការលួចចូលប្រព័ន្ធទូរគមនាគមន៍អាមេរិកនៅចុងខែតុលា គឺមិនដល់ពីរសប្ដាហ៍ផងមុនការបោះឆ្នោតសកលនៅអាមេរិក»។
កាសែត The New York Times រាយការណ៍មុនគេថា ក្រុមលួចចូលប្រព័ន្ធបច្ចេកវិទ្យាចិន ត្រូវបានគេជឿថាបានលួចចូលក្នុងបណ្ដាញទូរគមនាគមន៍ ដើម្បីដាក់ទីដៅលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump រួមទាំងទូរសព្ទដែលលោក Trump និងអនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance ប្រើផងដែរ។
យុទ្ធនាការរបស់លោក Trump បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍មួយមកកាន់វីអូអេថា ពិតជាមានការលួចចូលនេះមែន។ ដោយឡែក អ្នកស្និទ្ធនឹងការស៊ើបអង្កេតនេះម្នាក់ បានប្រាប់វីអូអថា មនុស្សដែលពាក់ព័ន្ធនឹងយុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិបតីអ្នកស្រី Kamala Harris ក៏ជាទីដៅនៃការលួចចូលនេះដែរ។
ប៉ុន្តែស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានច្រាលចោលការចោទប្រកាន់របស់អាមេរិកទាក់ទងនឹងការលួចចូលនេះ ដោយចាត់ទុកថា វាជាព័ត៌មានមិនពិតនិងថាអាមេរិកជា«ប្រភពនិងជាអ្នកប្រព្រឹត្តការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំជាងគេ»៕