ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ពិនិត្យ​និង​កែប្រែ​ច្បាប់​ចរាចរណ៍​ថ្មី


រូបឯកសារ៖ ក្រុម​ប៉ូលិស​បញ្ជា​ចរាចរណ៍​នៅ​ខាង​ក្រៅ​ទី​កន្លែង​នៃ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៨​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០០២។
រូបឯកសារ៖ ក្រុម​ប៉ូលិស​បញ្ជា​ចរាចរណ៍​នៅ​ខាង​ក្រៅ​ទី​កន្លែង​នៃ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៨​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០០២។

ការធ្វើ​ពិនិត្យ​មើល​និង​ការបង្កើត​យន្តការ​នានា​ជុំ​វិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​ បាន​ធ្វើឡើង ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​សាធារណជន​អំពី​ចំណុច​អវិជ្ជមាន​នៃ​ច្បាប់​និង​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​ទាមទារ​ឲ្យ​មាន​ការ​កែសម្រួល​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ថែម​ទៀត​ផង​។​

ការធ្វើ​ពិនិត្យ​មើល​និង​ការបង្កើត​យន្តការ​នានា​ជុំ​វិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​ បាន​ធ្វើឡើង ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​សាធារណជន​អំពី​ចំណុច​អវិជ្ជមាន​នៃ​ច្បាប់​និង​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​ទាមទារ​ឲ្យ​មាន​ការ​កែសម្រួល​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ថែម​ទៀត​ផង​។​

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ មាន​ការ​ប្រជុំ​ផ្ទៃ​ក្នុង​អន្តរក្រសួង​មួយ​ធ្វើឡើង​នៅឯ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​ជុំវិញ​ការធ្វើ​កំណែ​ទម្រង់​ច្បាប់​ចរាចរណ៍។

ដូច​គ្នា​ដែរ​ កាល​ពីចុង​សប្តាហ៍​កន្លងទៅ លោក​ ស ខេង ​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​បង្កើត​ក្រុម​ការងារ​វេទិកា​ អប់រំ​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយអំពី​ចរាចរណ៍​ផ្លូវគោក​ ​ជូន​ដល់​សាធារណជន។ ការផ្សព្វផ្សាយ​នេះ​នឹង​ធ្វើឡើង​តាម​គ្រប់​មធ្យោបាយ​ រួមមាន​តាម​រយៈ​វិទ្យុ ​ទូរទស្សន៍ ​និង​ផ្ទាំង​ប៉ាណូ​រូបភាព​តាម​ទី​សាធារណៈ​ជាដើម។ នេះ​បើ​តាម​សេចក្តី​សម្រេច​មួយ​ចេញ​ដោយ​គណៈកម្មជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ចុះថ្ងៃទី​១០ ​ខែ​មករា​កន្លង។

អ្នក​ជំនាញ​ និងអ្នក​វិភាគឯករាជ្យ​បង្ហាញ​ការស្វាគមន៍​ចំពោះ​ការ​កែប្រែច្បាប់​នេះ ​ក៏ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម។​

លោក អ៊ា ចរិយា អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បង្ហាញ​ការពេញ​ចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​យក​កង្វល់​របស់​ប្រជាពលរដ្ឋ​មក​ពិចារណា​ និង​ចាត់វិធានការ​ដោះស្រាយ​ភ្លាមៗ។ ក៏​ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​យូរអង្វែង​ដើម្បី​ធានា​ថា​ប្រជា​ពលរដ្ឋ​គ្រប់រូប​អាច​យល់​ច្បាស់​ពី​ច្បាប់​នេះ។​

«វិធានការ​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​គឺជា​ការ​ល្អ ​គ្រាន់​តែ​ថា​តើ​យន្តការ​នេះ​នឹង​ដំណើរការ​យ៉ាងម៉េច ​ហើយ​វាមាន​រយៈពេល​ប៉ុន្មាន​ ហើយអាច​ទៅ​ដល់​ប្រជាពលរដ្ឋ​ដល់​កម្រិត​ណា​ខ្លះ។​ ជា​សំណូមពរ​ខ្ញុំ ត្រូវ​តែ​មាន​ការ​រិត​បណ្តឹង​ការផ្សព្វផ្សាយ​ឲ្យ​មាន​ជា​បន្ត​រហូត​ អត់អាចឃើញ​លទ្ធផល​ប៉ុណ្ណឹង​យើង​សប្បាយ​ ហើយ​បញ្ឈប់​ការអប់រំ ​បញ្ឈប់​ការរិតបន្តឹង​ច្បាប់។ នេះ​ជា​បទពិសោធន៍​មិន​ល្អ​ពីមុន​មក យើង​ធ្វើអ្វី​តែ​មួយ​ភ្លែត​ ​ហើយ​យើង​បំភ្លេច​វា​ចោល​វិញ​ដែលធ្វើ​ឲ្យ​បញ្ហា​នៅតែជា​បញ្ហា»។ ​

លោក អ៊ា ចរិយា ​គូសបញ្ជាក់​ថា​ដើម្បី​ឲ្យ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​នេះ​ឲ្យ​កាន់​តែ​មាន​សក្តានុពលភាព​នោះ​ វា​ទាម​ទារ​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ​ចូល​រួមច្រើន​ទៀត​ មិន​មែន​ពិភាក្សា​តែ​ក្នុង​រង្វង់​រដ្ឋាភិបាល​ប៉ុណ្ណោះ​នោះ​ទេ។

«បើ​សិន​ជា​គាត់​នៅ​តែ​ធ្វើការ​ពិភាក្សា​ក្នុង​ចំណោមគ្នា​គាត់ ​ប្រហែល​ជាអាច​មាន​បញ្ហា​នៅថ្ងៃ​ខាង​មុខ​ទៀត បើ​សិនជា​មិន​មាន​ការអនុញ្ញាត​ឲ្យ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ អង្គការ​សង្គម​ស៊ីវិល​ដើម្បី​មក​ពិភាក្សា​គ្នា​មុនពេល​រៀបចំ​កែតម្រូវ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នេះ»​។

សម្រាប់​លោក អ៊ូ វីរៈ ​ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​បង្ហាញ​ការស្វាគមន៍​ចំពោះ​ ការ​កែ​តម្រូវ​ច្បាប់​ដើម្បី​ការអនុវត្ត​កាន់​តែ​រលូន។ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​អ៊ូ វីរៈ​សោក​ស្តាយ​នោះ​គឺ​ នីតិ​វិធី​នៃ​ការ​កែសម្រួល​ច្បាប់​ដែល​ឆ្គាំឆ្គង​ ពោល​គឺ​ការ​កែតម្រូវ​ច្បាប់ដែល​ចេញ​ពី​នាយក​រដ្ឋ​មន្រ្តី​មិន​មែន​ចេញ​ពី​រដ្ឋសភា។​

«សោកស្តាយ​ត្រង់​ថា​ការអនុម័ត​ច្បាប់​មួយ​មិនព្រម​គិត​ឲ្យ​បាន​ច្បាស់លាស់​ទេ​ គូស​មុន​សិន ​ដល់​ពេល​មាន​ប្រតិកម្ម​បាន​ទៅ​គិតវិញ។ ទី២​គឺ​ ច្បាប់​នីមួយៗ​គួរ​តែឆ្លងទៅ​សភា​ សម្រេច​ដោយ​នាយករដ្ឋមន្ត្រី​តាម​ពិត​វា​ខុស​នីតិវិធី។ មាន​តែ​សភា​ទេ​មាន​សិទ្ធិ​សម្រេច​ទាក់ទង​ការ​កែប្រែ​ខ្លឹមសារ​ច្បាប់»។​

ដូច​គ្នា​នឹង​លោក អ៊ា ចរិយា​ដែរ​ លោក អ៊ូ វីរៈ ចង់ឃើញ​ការ​ចៀសវាងវិសោធនកម្ម​ច្រំ​ដែលៗ។

«គួរ​តែ​ធ្វើ​ការ​ពិចារណា​គ្រប់​ជ្រុង​ជ្រោយសិន ​មុនធ្វើ​វិសោធនកម្ម​ ចៀសវាង​ការ​ធ្វើ​វិសោធនកម្ម​ហើយ​ស្រាប់​តែ​មាន​ប្រតិកម្ម​ទៀត​នាំ​គ្នា​ផ្អាក​ទៀត​ធ្វើ​វិសោធនកម្ម​វិលវល់ ​ធ្វើឲ្យ​វង្វេង​មួយ​នគរ»។

ដោយ​យោង​តាម​នាយកដ្ឋាន ​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ ក្នុង​រយៈ​ពេល​១១ថ្ងៃ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ថ្មី​នេះ​ មន្ត្រី​នគរ​បាល​ចរាចរណ៍​បាន​ត្រួតពិនិត្យយាន​យន្ត​សរុប​ចំនួន​ប្រមាណ​២៩ម៉ឺន​គ្រឿង​ ក្នុង​នោះ​យាន​ដែល​ល្មើស​មាន​ចំនួន​ជាង​៦​ម៉ឺន​គ្រឿង៕

XS
SM
MD
LG