ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​តែ​ចំនួន​អ្នក​ស្លាប់​កើនឡើង​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ

  • ហេង រស្មី

​ប្រទេស​កម្ពុជា​មាន​ការ​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍។​
ភ្នំពេញ៖ ក្នុង​រយៈពេល​៥​ថ្ងៃ​មុន​និង​ក្រោយ​ចូលថ្ងៃ​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​យ៉ាង​តិចមាន​មនុស្ស​ចំនួន​៦៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​បើប្រៀបធៀប​រយៈ​ពេល​៥ថ្ងៃ​ដូចគ្នា​កាលពីឆ្នាំ​២០១២។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីប៉ូលិស​របស់​ក្រសួង​មហាផ្ទៃ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទថារិទ្ធ​ អ្នកនាំពាក្យ​អគ្គស្នងការ​នគបាលជាតិ​បាន​និយាយ​ថា​មូល​ហេតុ​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ​បាន​កើត​ឡើង​ដោយ​សារតែ​ការ​បើក​បរក្នុង​ស្ថាន​ភាព​ស្រវឹង​ប្រមាណ​២៤​ភាគរយ​ លើស​ល្បឿន​កំណត់​៤៧ភាគរយ​និង​ការ​បើក​ប្រជែង​គ្នា​មិន​ប្រយ័ត្ន​១៣ភាគរយ។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖
«យើងមាន​ការ​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ដែល​កើត​ឡើង​ក៏​ប៉ុន្តែ​យើងកត់​សម្គាល់​ឆ្នាំ​នេះ​ស្ថានភាព​ចរាចរណ៍​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ដោយ​សារ​ថាគ្រប់ទី​កន្លែង​មធ្យោ​បាយច្រើន​ប៉ុន្តែ​មិន​មាន​ការ​កកស្ទះ​ទេ​ដូច​ឆ្នាំទៅៗមានការ​កកស្ទះ»។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​គិត​ចាប់​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខែ្មរ​កន្លង​ទៅ​នេះនៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ​១៤៨​លើក​ធៀប​នឹង​ឆ្នាំ​២០១២ ដែល​មាន​១៦៥​លើក​គឺ​ថយចុះ​១៧​លើក ស្មើ​នឹង១០​ភាគរយ។​

អាជ្ញាធរ​ឱ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម​អ្នក​រងគ្រោះទាំងអស់​មាន​អ្នកថ្មើរ​ជើងចំនួន​២០​នាក់ និង​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ១៦២​នាក់។​

លោក​គៀត ច័ន្ទថារិទ្ធ​បាន​និយាយ​ថា​ក្នុង​រយៈពេល​តែមួយ​ថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៧​មេសា​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យកជីវិត​មនុស្ស​ចំនួន​២០​នាក់។​

លោក​បាន​បញ្ជាក់​ថា​ខេត្ត​ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​ក្នុង​ឆ្នាំនេះ​គឺ​ខេត្ត​កំពង់ចាម​មាន​ចំនួន​២៥​លើក​ ខេត្ត​បាត់​ដំបង​៩លើក​និង​ខេត្ត​រតនៈគីរី​៥លើក។​

លោក​ ចេវ ហាក់​ អនុប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោគ​នៃស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ចាប់ពីថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសាមាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​១១ករណី​ បាន​សម្លាប់​មនុស្ស​៧​នាក់​ របួស​ធ្ងន់​១១​និង​របួស​ស្រាល​៥នាក់​។​

លោក​បាន​បន្ថែម​ថា៖
«ក្នុង​ករណី​នេះ​បើយើង​ប្រៀបធៀប​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​កាលពី​ឆ្នាំ​២០១២​ឆ្នាំ​នេះ​យើង​ឃើញថា​មាន​ការ​កើន​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ។ មាន​៤ករណី​ដែល​កើន​ឡើង​ហើយ​ស្លាប់​កើន​ឡើង​៥​ករណី»។​

កាលពីឆ្នាំ​២០១២​មាន​មនុស្ស​ចំនួន​៤៨ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​៣៥០​នាក់​ទៀត​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចណ៍​អំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។​
តាម​ការ​សិក្សា​ដោយ​អង្គ​ការ​ជន​ពិការ​បែលហ្សិក​ HANDICAP​ International​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រទេស​កម្ពុជា​មាន​ការ​ខាត​បង់​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍៕​
XS
SM
MD
LG