ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នាំ​ឱ្យ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍


បើ​តាម​របាយការណ៍​អង្គការ​ជន​ពិការ​អន្តរជាតិ​ឆ្នាំ​២០១១ ​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១.៩០៥​នាក់ ​អ្នក​របួស​៥.៨០៧​នាក់ ​និង​ខាតបង់​ថវិកា​អស់​៣១០​លាន​ដុល្លារ។
បើ​តាម​របាយការណ៍​អង្គការ​ជន​ពិការ​អន្តរជាតិ​ឆ្នាំ​២០១១ ​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១.៩០៥​នាក់ ​អ្នក​របួស​៥.៨០៧​នាក់ ​និង​ខាតបង់​ថវិកា​អស់​៣១០​លាន​ដុល្លារ។
ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ដោយ​បណ្តាញ​សារព័ត៌មាន​និង​តាម​ទី​សាធារណៈ​ទំនង​ជាបាន​ជួយ​ជំរុញ​ដល់​ការ​កើន​ឡើងនៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​និង​ជាតិ​ស្រវឹង​នៅ​ឯ​មន្ទីរពេទ្យ​កុមារជាតិកាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ​លោក​វេជ្ជបណ្ឌិត​ មុំ គង់ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កំណើន​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​ប្រភព​នៃ​ការ​កើន​ឡើងចំនួន​អ្នក​ប្រើប្រាស់។

«ជំរុញ​ឱ្យ​មាន​អ្នក​ផឹក​ច្រើន​ យើង​មើល​ទៅ​លើ​កត្តា​សំខាន់​មួយ​គឺ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​នៅ​ទី​ណា ​យើង​ក៏​ឃើញ​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​នៅ​ទី​ណា​ក៏​យើង​ឃើញ​ប៉ូស្ទើ ​ហើយ​សូម្បី​តែ​តាម​វិទ្យុ​និង​ទូរទស្សន៍​ក៏​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្តល់​រង្វាន់​យ៉ាង​គគ្រឹក​គគ្រេង»។

លោក អ៊ា ចរិយា ​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​របស់​អង្គការ​ជនពិការ​ពិភពលោក​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ ​ប៉ុន្តែ​លោក​បន្ថែម​ថា​បញ្ហា​នេះ​ក៏​ដោយ​សារ​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ជា​កម្រិត​បុគ្គល​ផង​ដែរ។

ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​ប្រេវ៉ាឡង់​នៃ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​មាន​ការកើន​ឡើង​ជា​លំដាប់​ហើយ​នៅ​ឆ្នាំ​២០១០​ ពលរដ្ឋ​កម្ពុជា​ចំនួន​៦៣,៥​%​ប្រើប្រាស់​គ្រឿង​ស្រវឹង ​ភាគ​ច្រើន​ជា​បុរស​និង​ជា​មនុស្ស​វ័យ​ជំទង់។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០១០។

លោក​វេជ្ជបណ្ឌិត​មុំ គង់​បាន​ពន្យល់ថា​មនុស្ស​ស្រវឹង​មាន​ការ​ពិបាក​ប្រមូល​អារម្មណ៍​ពេល​បើក​បរ​ ពន្យឺត​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ហេតុការណ៍​ ស្រវាំង​ភ្នែក​ ងាយ​គេង​លក់ ​និង​ជឿ​ជាក់​លើ​ខ្លួន​ឯងជ្រុល​ដែល​នាំ​គេ​ឱ្យ​ប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់។

បើ​តាម​របាយការណ៍​អង្គការ​ជន​ពិការ​អន្តរជាតិ​ឆ្នាំ​២០១១ ​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១.៩០៥​នាក់ ​អ្នក​របួស​៥.៨០៧​នាក់ ​និង​ខាតបង់​ថវិកា​អស់​៣១០​លាន​ដុល្លារ។ ក្នុង​នោះ​គ្រឿង​ស្រវឹងជា​មូលហេតុ​ទី​ពីរ​បន្ទាប់​ពី​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ដែល​មាន​មនុស្ស​ស្លាប់​២៧៤​នាក់ឬ​១៤%។ ហើយ​ជន​រងគ្រោះ​៣៣,៨%​ត្រូវ​បាន​រក​ឃើញ​បរិមាណ​គ្រឿង​ស្រវឹង​ក្នុង​ឈាមលើស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​កំណត់។

ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ដោយ​សារគ្រឿង​ស្រវឹង​ លោក​វេជ្ជ​បណ្ឌិតមុំ គង់​បានផ្តល់​អនុសាសន៍​ថា​រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍​គ្រប់គ្រង​និង​កាត់​បន្ថយការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​មក។

កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១១ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​សារាចរ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ស៉្បត​ពាណិជ្ជកម្ម​ស្រា​បៀរ​ភ្ជាប់​នឹង​រង្វាន់​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថាពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។
លោក​វេជ្ជបណ្ឌិត​ មុំ គង់ ​បន្ថែម​ថា​ការ​ដំឡើង​ពន្ធលើ​គ្រឿង​ស្រវឹងមិន​ត្រឹម​តែ​ជួយ​បង្កើន​ចំណូល​រដ្ឋ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

«មួយ​ទៀត​ការ​ដំឡើង​ពន្ធ​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់។ ឧទាហរណ៍ ​មនុស្ស​ម្នាក់​មាន​លុយ​តែ​មួយ​ម៉ឺន​[រៀល]​ទេ​ប្រសិន​បើ​ស្រាបៀរ​តម្លៃ​២ពាន់ ​យើង​អាច​ផឹក​បាន​៥​កំប៉ុង ​ប៉ុន្តែ​ពេល​ដែល​ស្រា​បៀរ​ហ្នឹង​ឡើង​ទៅ​ដល់​៥​ពាន់​ក្នុង​មួយ​កំប៉ុង ​យើង​អាច​ផឹក​បានតែ២​កំប៉ុង​ទេ ​ដូច្នេះ​អាច​កាត់​បន្ថយ​បរិមាណ​យើង​ប្រើប្រាស់។ ​អត្ថប្រយោជន៍​ខ្លាំង​នោះ​គឺ​ថា​កាល​ណា​យើង​ផឹក​តិច​គ្រោះថ្នាក់​ចរាចរណ៍​ក៏​តិច​ដែរ»។

ការ​យក​ពន្ធ​លើ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​មាន​អត្រាត្រឹមតែ​៣០​%​ប៉ុណ្ណោះ ​ដែល​ទាប​ខ្លាំង​ជាង​ប្រទេស​ជិត​ខាង​ ដូចជា​ប្រទេស​ថៃ​ជា​ដើម​ដែល​មាន​អត្រា​រហូត​ដល់​៧០​%។
លោក ទី ឡុង ​អនុ​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ថា​ការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ជា​ការ​លំបាក។

«ការ​ផ្សព្វផ្សាយ​ជា​សិទ្ធិ​សេរីភាព​របស់​គេ ​ប្រសិន​បើ​យើង​ឈាន​ទៅ​មិន​ឱ្យ​គេ​ផ្សព្វផ្សាយ ​បច្ចុប្បន្ន​គឺ​មិន​អាច​បិទ​បាន។ ខ្ញុំ​មិន​មែន​និយាយ​ថា​វា​មិន​ពាក់ព័ន្ធ​ទេ ​ប៉ុន្តែ​វា​ជា​សិទ្ធិ​នៃ​ផ្សាយ​ព័ត៌មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ហើយ​ទី​ពីរ​ការ​ញ៉ាំ​របស់​យើង​ត្រូវ​តែ​ឈរ​លើ​ស្មារតី​ប្រុង​ប្រយ័ត្ន ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ខ្លួន​យើង»។

ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​មួយ​អំពី​គោល​នយោបាយ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​តាំង​ពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​សេចក្តី​ព្រាង​នេះ​មិន​ទាន់​បាន​អនុម័ត​នៅ​ឡើយ​ទេ៕
XS
SM
MD
LG