ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន ខណៈដែល​​​​ប្រព័ន្ធ​ការពារ​មីស៊ីល​មាន​ភាព​តឹង​តែង


ទាហា​ន THAAD និង​ រថយន្ត​បំពាក់​ការ​ពារ
ទាហា​ន THAAD និង​ រថយន្ត​បំពាក់​ការ​ពារ

ប្រធាន​នាយកដ្ឋាន​ទាហាន​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈពេល​ដែល​មាន​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​សហរដ្ឋ​អាមេរិក និង​ស្រប​ពេល​ដែល​មាន​ភាព​តានតឹង​ទាក់ទិន​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​មេ​បញ្ជាការ Mark A. Milley បាន​ជួប​ជាមួយ​សមភាគី​ចិន​របស់​លោក និង​មេដឹកនាំ​ជាន់​ខ្ពស់នៃ​កង​ទាហាន​ដើម្បី​សេរីភាព​ប្រជាពលរដ្ឋ​ចិន​ផ្សេងៗ​ទៀត ក្នុង​គោល​បំណង​ពិភាក្សា​បញ្ហា​ព្រួយ​បារម្ភ​មួយ​ចំនួន និង​រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​ផ្នែក​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ហើយ​ព្យាយាម​គ្រប់គ្រង​ភាព​ខុស​គ្នា​ក្នុង​ន័យ​ស្ថាបនា‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ទាហាន​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក។

លោក Milley នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​យោធា​របស់​កងទាហាន​ដើម្បី​សេរីភាព​ប្រជាពលរដ្ឋ​ចិន​ផង​ដែរ ដើម្បី​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​ជាមួយ​នឹង​សាស្ត្រាចារ្យ និង​និស្សិត។

ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​ថា THAAD នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ប្រទេស​ចិន​ជឿ​ជាក់​ថា ប្រព័ន្ធ​រ៉ាដា X-band របស់​ប្រព័ន្ធ​មីស៊ីល​នេះ​មាន​គោល​បំណង​តាមដាន​មីស៊ីល​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​លើកឡើង​ថា ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​មាន​គោលបំណង​បំផ្លាញ​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ។

បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង លោក Milley នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ជួប​ជាមួយ​នឹង​ទាហាន​សហរដ្ឋ​អាមេរិក និង​បើក​កិច្ច​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​យោធា​កូរ៉េ​ខាង​ត្បូង​អំពី​ការ​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD និង​បញ្ហា​ផ្សេងៗ​ទៀត។ និង​បន្ទាប់​ពី​នោះ​មក លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក និង​ជា​គូ​បដិបក្ខ​មួយ​របស់​ប្រទេស​ចិន៕

XS
SM
MD
LG