ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​អាមេរិក​និង​ចិន​ជួប​ប្រជុំ​គ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​​លោក​  Wang Wentao និង​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ អ្នកស្រី Gina Raimondo ជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ Twitter@SecRaimondo)
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​​លោក​  Wang Wentao និង​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ អ្នកស្រី Gina Raimondo ជួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។ (រូបថត៖ Twitter@SecRaimondo)

ក្រុម​មន្ត្រីពាណិជ្ជកម្ម​និង​ធុរកិច្ច​ជាន់ខ្ពស់​អាមេរិក​និង​ចិន​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​ ដែល​ជា​ការជួប​សន្ទនា​គ្នាមួយ​ដោយ​ផ្ទាល់​មិន​សូវ​ជា​ញឹកញាប់​ប៉ុន្មាន​រវាង​មេដឹកនាំ​ពាណិជ្ជកម្មនៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់ពិភពលោក​នោះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយរបស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ បាន​ឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិនលោក​ Wang Wentao និងរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ អ្នកស្រី Gina Raimondo បាន​«ពិភាក្សា​គ្នា​ដោយ​ត្រង់ៗ​និង​ប្រកប​ដោយ​ផ្លែផ្កា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ជុំវិញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន»។​

សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​នេះ​បន្ត​ទៀត​ថា​ កិច្ចប្រជុំ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​នេះ «ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​កំពុង​ធ្វើ​បន្ត​ ដើម្បី​រក្សា​ចរន្ត​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ ​ក៏​ដូចជា​ការ​គ្រប់គ្រង​ទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក​និង​ចិន ប្រកបដោយ​ការ​ទទួល​ខុសត្រូវផង​ដែរ»។

ខណៈ​ដែលប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden បាន​ជួប​ជា​មួយ​ប្រធានាធិបតី​ចិន​ លោក Xi Jinping នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​នោះ​ កិច្ចប្រជុំ​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជា​កិច្ចប្រជុំកម្រិត​ថ្នាក់រដ្ឋមន្ត្រី​លើក​ដំបូង​បំផុត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ រវាង​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​និង​ចិន​ ​ក្នុង​អំឡុង​ពេល​រដ្ឋបាល​របស់​លោក ​Biden។

លោក Wang កំពុង​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដើម្បី​ចូលរួមក្នុងកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម​ឆ្នាំ ២០២៣ របស់​អង្គការ APEC ​ក្នុង​ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋ​អាមេរិក​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters

XS
SM
MD
LG