ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ក្រុមហ៊ុន Microsoft ព្រមាន​ថា ​ក្រុម hackers ចិន វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​«សំខាន់ៗ»


បុរស​ម្នាក់​ដើរ​កាត់​ក្រុមហ៊ុន Microsoft នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។
បុរស​ម្នាក់​ដើរ​កាត់​ក្រុមហ៊ុន Microsoft នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

ក្រុម​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ឬ hackers ជា​ជនជាតិ​ចិន​ដែល​មាន​រដ្ឋ​នៅ​ពីក្រោយ បាន​ជ្រៀត​ចូល​ក្នុង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អាមេរិក។ នេះ​បើ​តាម​ប្រភព​ពី​សហរដ្ឋ​អាមេរិក​ ​សម្ព័ន្ធមិត្ត​បស្ចិមប្រទេស​របស់​ខ្លួន និង​ក្រុមហ៊ុន Microsoft ដែល​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​វាយប្រហារ​ចារកម្ម​ស្រដៀង​គ្នា​នេះ អាច​កំពុង​កើត​ឡើង​នៅ​ទូទាំង​សកលលោក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រុមហ៊ុន Microsoft បាន​គូស​បញ្ជាក់​ថា​កោះ Guam ដែល​ជា​ដែនដី​របស់​អាមេរិក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជិត​ទ្វីប​អាស៊ី ​ដែល​មាន​មូលដ្ឋាន​យោធា​ដ៏​សំខាន់​មួយ​ផង​នោះ​ គឺជា​គោលដៅ​មួយ​នៃ​ការ​វាយ​ប្រហារ​នេះ ហើយ​ថា​ខ្លួន​ក៏​ចាប់​បាន​សកម្មភាព​«ដែល​មាន​បំណង​អាក្រក់»​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន Microsoft និយាយ​ថា​ ការ​វាយប្រហារ​ដោយ​លាក់លៀម ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​ឈ្មោះ​ Volt Typhoon ដែល​មាន​រដ្ឋ​ចិន​នៅ​ពីក្រោយ​ ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២០២១​មក អនុញ្ញាត​ឲ្យ​មាន​ចារកម្ម​រយៈ​ពេលវែង ហើយ​ទំនង​ជា​មាន​គោលដៅ​រារាំង​សហរដ្ឋ​អាមេរិក បើ​មាន​ជម្លោះនៅ​ក្នុង​តំបន់។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Microsoft រៀបរាប់​ថា៖ «ក្រុម​ហ៊ុន​ Microsoft ​វាយតម្លៃ​ដោយ​មាន​កម្រិត​ជឿជាក់​មធ្យម​ថា​ យុទ្ធនាការ​របស់ក្រុម​ Volt Typhoon នេះ កំពុង​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ដែល​អាច​រារាំង​ហេដ្ឋារចនាសម្ព័ន្ធ​សារគមនាគមន៍​សំខាន់​រវាង​សហរដ្ឋ​អាមេរិក​និង​តំបន់​អាស៊ី​ក្នុង​គ្រា​មាន​វិបត្តិ​នៅ​ពេល​អនាគត»។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ទៀត​ថា៖ ​«អង្គភាព​ដែល​រង​ផល​ប៉ះពាល់​រួមមាន​សារគមនាគមន៍ រោងចក្រ ដឹកជញ្ជូន សំណង់ លម្ហសមុទ្រ រដ្ឋាភិបាល បច្ចេកវិទ្យា​ព័ត៌មាន​និង​វិស័យ​អប់រំ»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន Microsoft​ នេះ ធ្វើ​ឡើង​ចំ​ពេល​ជាមួយ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​អាមេរិក អូស្ត្រាលី កាណាដា ​នូវែលសេឡង់ និង​អង់គ្លេស ដែល​ព្រមាន​ថា ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នេះ ទំនង​កំពុង​កើត​ឡើង​នៅ​ទូទាំង​សកលលោក៕

XS
SM
MD
LG