មន្រ្តីការទូតជាន់ខ្ពស់អាមេរិក និងចិនបានជួបប្រជុំក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាដំបូង នៃកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីបញ្ហាសន្តិសុខ ដែលនឹងមានជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់ការជជែកពិភាក្សាលើបញ្ហាមួយចំនួន ដែលមានចាប់ពី ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មលើសកលលោក រហូតដល់ការប្រើប្រាស់ឥទ្ធិពលចិនលើទំនាក់ទំនងរបស់ប្រទេសនេះជាមួយនឹងកូរ៉េខាងជើង ដើម្បីឲ្យកូរ៉េខាងជើងគោរពតាមលក្ខខណ្ឌមួយចំនួន។
នៅតុពិភាក្សា ក្រុមមន្រ្តីអាមេរិក និងចិនបានធ្វើការជជែកពិភាក្សាថ្នាក់ការទូតដំបូងស្តីពីបញ្ហាសន្តិសុខ។
កិច្ចពិភាក្សារបស់ក្រុមមន្រ្តីទាំងនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស្លាប់របស់យុវជន Otto Warmbier និស្សិតអាមេរិកាំង ដែលបានជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ នៅប្រទេសកូរ៉េខាងជើង។
ដោយលើកឡើងពីការស្លាប់របស់យុវជន Warmbier រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក លោក James Mattis បានថ្កោលទោសរបបដឹកនាំនៅកូរ៉េខាងជើង ចំពោះអ្វីដែលលោកនិយាយថា «ការប្រើអំណាចក្រៅក្បួនច្បាប់»។
លោក Mattis បាននិយាយថា៖
«យើងមិនអាចមើលស្ថានការណ៍បែបនេះ ហើយអាចយល់បានទេ។ នេះគឺហួសពីការយល់ដឹងណាមួយពីច្បាប់ និងសណ្តាប់ធ្នាប់ ពីមនុស្សជាតិ ពីការទទួលខុសត្រូវទៅលើបុគ្គលជាមនុស្សណាម្នាក់»។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ដែលបានចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធកន្លងទៅនេះ បានសង្កត់ធ្ងន់ពីតម្រូវការឲ្យ រដ្ឋាភិបាលក្រុងប៉េកាំង ដើរតួសកម្ម ដើម្បីបន្ធូរបន្ថយការគំរាមកំហែងនៅលើពិភពលោក ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង។
លោក Tillerson បានមានប្រសាសន៍ថា៖
«មិនថា ជាការលាងលុយ ការជំរិតអតីតអ្នកសេ្នហាជាតិកូរ៉េ ឬសកម្មភាពព្យាបាទតាមប្រព័ន្ធអ៊ីនធឺណិត ប្រទេសកូរ៉េខាងជើងបានប្រឡូកនៅក្នុងបណ្តាញឧក្រិដ្ឋកម្មមួយចំនួន ដែលជួយផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធរបស់ខ្លួន»។
កិច្ចពិភាក្សាស្តីពីបញ្ហាសន្តិសុខ ត្រូវបានធ្វើឡើង ខណៈពេលមានការដាក់សម្ពាធកាន់តែខ្លាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារជម្លោះដែនដី ដែលកំពុងកើតមានឡើង នៅតំបន់សមុទ្រចិនខាងត្បូង។
ក្រុមមន្រ្តីការទូតក៏បានសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការសារជាថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដោយនិយាយថា សហរដ្ឋអាមេរិកនឹងងាកទៅរកប្រទេសចិន ដើម្បីជួយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងសង្រ្គាម ដែលកំពុងតែអូសបន្លាយទៅមុខ ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
កិច្ចពិភាក្សាបន្ថែមរវាង សហរដ្ឋអាមេរិក និងចិន នៅតែជាអាទិភាពចម្បង សម្រាប់បណ្តាប្រទេសទាំងពីរ នៅមុខដំណើរទស្សនកិច្ច ដែលត្រូវបានរំពឹងទុក របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់រដ្ឋធានីប៉េកាំង នៅចុងឆ្នាំនេះ។
លោករដ្ឋមន្រ្តីការទេសអាមេរិក Tillerson បាននិយាយថា៖
«កិច្ចពិភាក្សាតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ បើយើងនិយាយក្នុងបរិបទការបង្កើនកិច្ចសហប្រតិបត្តិការ និងការកាត់បន្ថយការខ្វែងគំនិតគ្នា រវាងភាគីទាំងពីរ។ ចំណុចស្តីពីចំណាត់ការក្នុងទម្រង់ជាសកម្មភាពផ្សេងៗ ដែលយើងបានព្រមព្រៀងឡើងនៅថ្ងៃនេះ បានកំណត់ជាមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យផ្សេងៗទៀត»។
នេះជាការប្តេជ្ញាសម្រាប់កិច្ចប្រតិបត្តិការបន្ត នៅមុនកិច្ចប្រជុំកំពូល ដែលត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In និងលោកប្រធានាធិបតីត្រាំ នាសប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា