ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​គាំទ្រ​ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី​និង​ប្រកប​ដោយ​បរិយាបន្ន​នៅ​ស៊ីរី


រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock ជួបជាមួយមេដឹកនាំស៊ីរីលោក Ahmad al-Sharaa នៅទីក្រុង Damascus ប្រទេសស៊ីរី។
រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock ជួបជាមួយមេដឹកនាំស៊ីរីលោក Ahmad al-Sharaa នៅទីក្រុង Damascus ប្រទេសស៊ីរី។

សហភាព​អឺរ៉ុប​គាំទ្រ​ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី​និង​ប្រកប​ដោយ​បរិយាបន្ន​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​កំពូល​បារាំង​និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សុក្រ នៅពេល​ដែល​មន្ត្រី​ទាំងនេះ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ដាម៉ាស​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ស៊ីរី​លោក Ahmed al-Sharaa។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Noel Barrot និង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ពិភាក្សា​តាង​នាម​ឱ្យ​សហភាព​អឺរ៉ុប។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ដែល​ធ្វើឡើង​ដោយ​មហា​អំណាច​បស្ចិម​ប្រទេស​តាំងពី​ពេល​ដែល​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​បាន​ផ្តួល​រំលំ​មេដឹកនាំ​ដ៏​យូរ​អង្វែង​លោក Bashar al-Assad នៅ​ស៊ីរី​កាលពី​ខែ​មុន​មក។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Barrot បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​ប្រទេស​ស៊ីរី​មួយ​ដែល​មាន «អធិបតេយ្យភាព ស្ថិរភាព និង​សន្តិភាព»។

លោក​បាន​បន្ថែម​ថា វា​ក៏​ជា​ក្តីសង្ឃឹម​ផងដែរ​ថា «បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ស៊ីរី​ទាំងអស់​អាច​ក្លាយជា​ការពិត» ក៏ប៉ុន្តែ «វា​ជា​ក្តីសង្ឃឹម​មួយ​ដែល​ងាយ​ប្រេះស្រាំ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Baerbock បាន​និយាយ​ថា អាល្លឺម៉ង់​ចង់​ជួយ​ប្រទេស​ស៊ីរី​ឱ្យ​ក្លាយជា «ប្រទេស​មាន​សុវត្ថិភាព» មួយ​សម្រាប់​ប្រជាពលរដ្ឋ​ស៊ីរី​ទាំងអស់ និង​ជា «រដ្ឋ​ដែល​ដំណើរការ​មួយ​ដែល​មាន​ការ​ត្រួតត្រា​ទាំងស្រុង​លើ​ទឹកដី​របស់​ខ្លួន»។

អ្នកស្រី​បាន​និយាយ​ទៀត​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា «សញ្ញា​ដ៏​ជាក់ច្បាស់» បង្ហាញ​ដល់​រដ្ឋាភិបាល​ស៊ីរី​អំពី​លទ្ធភាព​សម្រាប់​ទំនាក់ទំនង​ថ្មី​មួយ​រវាង​ស៊ីរី​និង​អាល្លឺ​ម៉ង់​និង​អឺរ៉ុប​ទាំងមូល។

នៅ​ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​អនឡាញ X លោក Barrot បាន​និយាយ​ថា៖ «ទាំង​បារាំង​និង​អាល្លឺម៉ង់​គឺ​គាំទ្រ​ប្រជាពលរដ្ឋ​ស៊ីរី​គ្រប់​ជាតិសាសន៍​ចម្រុះ​ទាំងអស់»។

លោក​បាន​បន្ថែម​ថា មហា​អំណាច​អឺរ៉ុប​ទាំង​ពីរ​ចង់​ជំរុញ​ឱ្យ​មាន «ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី» មួយ​នៅ​ស៊ីរី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG