សហភាពអឺរ៉ុបបានជំរុញកាលពីថ្ងៃចន្ទឲ្យមានអន្តរកាលនយោបាយដោយសន្តិវិធីនៅប្រទេសស៊ីរីដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ក្រោយពីក្រុមឧទ្ទាមដឹកនាំដោយក្រុមអ៊ិស្លាមនិយមបានបណ្តេញប្រធានាធិបតីស៊ីរីលោក Bashar al-Assadចេញពីអំណាច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្លុកដែលមានប្រទេស ២៧ ជាសមាជិកនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាចាំបាច់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាបែបបរិយាបន្នដែលបង្កើតឡើងនិងដឹកនាំដោយប្រជាពលរដ្ឋស៊ីរីផ្ទាល់អំពីបញ្ហាគន្លឹះនានាដើម្បីធានាឲ្យបាននូវអន្តរកាលមួយប្រកបដោយរបៀបរៀបរយ សន្តិវិធី និងបរិយាបន្ន»។
សហភាពអឺរ៉ុបថា វា «មានសារៈសំខាន់ខ្លាំងបំផុតក្នុងការរក្សាបូរណភាពទឹកដីរបស់ស៊ីរីនិងគោរពឯករាជ្យភាព អធិបតេយ្យភាព និងស្ថាប័នរដ្ឋរបស់ស៊ីរី និងច្រានចោលរាល់ទម្រង់ទាំងអស់នៃអំពើជ្រុលនិយម»។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនោះបានបន្ថែមថា៖ «យើងជំរុញឲ្យតួអង្គទាំងអស់បញ្ចៀសនូវអំពើហិង្សាបន្ថែមទៀតដើម្បីធានានូវការការពារជនស៊ីវិលនិងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដែលក្នុងនោះរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ»។
សេចក្តីថ្លែងការណ៍ដដែលនេះបានអំពាវនាវឲ្យមាន «ការការពារសមាជិកនៃក្រុមជាតិសាសន៍ភាគតិចទាំងអស់ រួមទាំងអ្នកកាន់សាសនាគ្រិស្តនិងអ្នកកាន់សាសនាភាគតិចផ្សេងទៀត ក៏ដូចជាការការពារសុវត្ថិភាពជនបរទេសនិងការគោរពតំណាងទូតនានាក្នុងទីក្រុងដាម៉ាសផងដែរ»។
ការវាយលុកដ៏លឿនដូចផ្លេកបន្ទោរដែលដឹកនាំដោយពួកឧទ្ទាមអ៊ិស្លាមនិយមបានបណ្តេញលោក Assad ចេញពីអំណាចកាលពីថ្ងៃអាទិត្យ ដោយបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រប្រទេសស៊ីរីនៅក្រោយការគ្រប់គ្រងរយៈពេល ៥ ទសវត្សរ៍របស់ក្រុមគ្រួសារលោក Assad៕
វេទិកាបញ្ចេញមតិ