កំណត់ហេតុដ៏ចម្រូងចម្រាសមួយដែលចោទប្រកាន់ក្រុមអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI ថាបានរំលោភអំណាចរបស់ខ្លួននៅក្នុងការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ គឺមាន «ចំណុចខ្វះខាតគួរឲ្យខ្មាសអៀន»។ នេះបើតាមការបញ្ជាក់របស់អនុប្រធានគណៈកម្មាធិការកិច្ចការតុលាការនៃរដ្ឋសភាដែលមកពីគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ម្សិលមិញ។
កំណត់ហេតុដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភានេះ គឺជា «ភាពអាម៉ាស់មួយ»។ នេះបើតាមការបញ្ជាក់របស់សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោក Jerrold Nadler នៅក្នុងការឆ្លើយតបទៅកាន់កំណត់ហេតុនេះ ដែលជាកំណត់ហេតុមួយនៅវិលវល់នៅក្នុងរង្វង់កិច្ចការនយោបាយសហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ។ លោក Jerrold Nadler បានបន្ថែមទៀតថា សមាជិកសភាខាងគណបក្សសាធារណរដ្ឋគួរតែខ្មាសខ្លួនឯង។
កំណត់ហេតុចំនួន ៦ ទំព័រនេះគឺជារបស់លោក Jerrold Nadler ផ្ទាល់។ កំណត់ហេតុដែលសរសេរឡើងសម្រាប់សហសេវិករបស់លោកខាងគណបក្សប្រជាធិបតេយ្យ និងដែលទទួលបានដោយបណ្ដាញព័ត៌មានទូរទស្សន៍នានានេះ បានរៀបរាប់ថា ឯកសារដែលគេស្គាល់ថាជា «កំណត់ហេតុ Nunes» ដែលជាឯកសាររបស់លោក Davin Nunes សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា «គឺមានបំណងចង់បង្វែងការពិត និងមានលក្ខណៈខុសឆ្គងយ៉ាងធ្ងន់ធ្ងរផ្នែកច្បាប់»។
កំណត់ហេតុដែលបានផ្សព្វផ្សាយទៅកាន់សាធារណជនកាលពីថ្ងៃសុក្រកន្លងទៅនេះ បានចោទប្រកាន់ថា ទីភ្នាក់ងារ FBI បានប្រើសិទ្ធិរបស់ខ្លួនហួសកម្រិតនៅក្នុងការទទួលបានដីកាតាមដានមួយដើម្បីតាមដានជំនួយការពិសេសម្នាក់នៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក Donald Trump៕