ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ ថ្វីបើក្រុមមន្ដ្រីជំនាញផ្នែកសេដ្ឋកិច្ចនិងកសិកម្មមានសុទិដ្ឋិនិយមចំពោះលទ្ធភាព នៃការនាំចេញអង្ករឱ្យបានមួយលានតោននៅឆ្នាំ២០១៥ ក៏ប៉ុន្តែក្រុមមន្ដ្រីទាំងនោះបានប្រមើលមើលឃើញថា កម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលអាចជាឧបសគ្គដល់ការសម្រេចគោលដៅនេះ។
លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង ជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កត្តាទីផ្សារនិងគុណភាពគឺជាមូលដ្ឋានគ្រឹះដែលកម្ពុជាត្រូវយកចិត្តទុកដាក់។
«សំខាន់ទៅលើទីផ្សារ ធ្វើម៉េចឱ្យយើងនាំចេញបានច្រើន សំខាន់មួយទៀត អង្ករដែលមានហើយធ្វើម៉េចឱ្យវាអនុលោមទៅតាមលក្ខខណ្ឌតម្រូវតាំងពីគុណភាព អនាម័យ និងភូតគាមអនាម័យជាដើម»។
យោងតាមរបាយការណ៍ត្រួតពិនិត្យការអនុវត្តឯកសារគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ (ឆ្នាំ២០១០-២០១១) របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញថាប្រទេសកម្ពុជាមានម៉ាស៊ីន កិនស្រូវប្រហែលជា២០.០០០កន្លែង ប៉ុន្តែក្នុងនោះមានតែរោងម៉ាស៊ីនចំនួន២០ប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផលិតអង្ករនាំចេញ។ របាយការណ៍ដដែល បញ្ជាក់ថា រោងម៉ាស៊ីនទាំង២០នោះមិនទាន់អាចផលិតអង្ករគ្រប់មួយលានតោនក្នុងមួយឆ្នាំនៅឡើយទេ។
តម្លៃអង្ករកម្ពុជាក៏ជាការប្រឈមមួយលើទីផ្សារអន្តរជាតិផងដែរ។ ស្រូវកម្ពុជាដាក់លក់នៅលើទីផ្សារមានតម្លៃទាបជាងប្រទេសជិតខាងគឺប្រទេសថៃនិងវៀតណាម ប្រហែល៩០ដុល្លារក្នុងមួយតោន។ ប៉ុន្តែក្រោយកែច្នៃជាអង្កររួចនិងពេលដឹកជញ្ជូនដល់កំពង់ផែ អង្ករកម្ពុជាបែរជាមានតម្លៃថ្លៃជាងអង្ករថៃប្រមាណ៧០ដុល្លារនិងថ្លៃជាងអង្ករវៀតណាមប្រមាណ១០៥ដុល្លារក្នុងមួយតោនទៅវិញ។ នេះបើតាមតាមរបាយការណ៍ត្រួតពិនិត្យការអនុវត្តឯកសារគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រទេសថៃគឺជាប្រទេសដែលនាំអង្ករចេញបានធំជាងគេបង្អស់។ កាលពីឆ្នាំ២០១១ ប្រទេសនេះបាននាំចេញអង្ករចំនួន១០,៥លានតោន ហើយតាមពីក្រោយដោយប្រទេសវៀតណាមដែលនាំចេញបានចំនួន៧,២លានតោន។
លោកបណ្ឌិត យ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC)មានប្រសាសន៍ថាតម្លៃអង្ករខ្ពស់របស់កម្ពុជាគឺជាការរារាំងជាចម្បងសម្រាប់ការនាំចេញ។
«អង្កររបស់យើងនៅថ្លៃបើប្រៀបធៀបនឹងប្រទេសជិតខាង ដោយសារហេតុថាយើងត្រូវចំណាយច្រើនក្នុងការទិញស្រូវស្តុកទុក បញ្ហាខ្វះទុន ថ្លៃកិន និងដឹកជញ្ជូនមានតម្លៃខ្ពស់»។
លោក ចាន់ សុផល ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា តម្លៃអង្ករខ្ពស់របស់កម្ពុជា នឹងបង្កផលវិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។
«បញ្ហាប្រឈមខ្លាំងសម្រាប់ការនាំចេញគឺតម្លៃនៃការកិនស្រូវឱ្យទៅជាអង្ករ ព្រោះយើងនៅមានថ្លៃខ្ពស់ដោយសារតែថ្លៃប្រេងឥន្ធនៈនិងអគ្គីសនីខ្ពស់ ដូច្នេះពេលខាងមាស៊ីនស្រូវ លោកត្រូវការសម្ងួតស្រូវ ការកិនប៉ូលាអង្ករ វេចខ្ចប់ដើម្បីនាំចេញគឺត្រូវចំណាយខ្ពស់ ចំណាយខ្ពស់ អញ្ចឹងពេលយើងយកទៅលក់នៅទីផ្សារអន្តរជាតិគឺយើងចាញ់ប្រៀបប្រទេសផ្សេងទៀតជាពិសេសប្រទេសវៀតណាមនិងថៃ»។
បើតាមការអង្កេតរបស់លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ជកិច្ចកម្ពុជា និងជាស្ថាបនិកបង្គោលនៃគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ តម្លៃអង្ករខ្មែរបែរជាថ្លៃជាងគេគឺដោយសារ ការច្នៃវត្ថុធាតុដើមស្រូវឱ្យទៅជាអង្ករនិងការដឹកជញ្ជូនទៅដល់កំពង់ផែមានតម្លៃខ្ពស់។
«បញ្ហាកែឆ្នៃ គឺទីមួយរឿងភ្លើង យើងថ្លៃជាងវៀតណាមនិងថៃ ទីពីររឿងឥណទាន សម្រាប់ម៉ាស៊ីនកិនស្រូវ បញ្ហាចម្បងគឺការប្រាក់ថ្លៃ ហើយធនាគារតម្រូវមានរបស់បញ្ចាំដូចជាផ្ទះក្តីដីក្តីប៉ុន្តែអចលនវត្ថុជាវត្ថុមានកម្រិត ដូច្នេះធនាគារចង់ឱ្យខ្ចីប៉ុន្តែឱ្យខ្ចីអត់បានដោយសារអត់របស់បញ្ចាំ ទីបីបញ្ហាដឹកជញ្ជូនធ្វើម៉េចឱ្យតម្លៃថោក»។
កាលពីឆ្នាំកន្លងទៅប្រទេសកម្ពុជាបាននាំអង្ករចេញចំនួន ២០០,០០០ តោនទៅកាន់ប្រទេសចំនួន៤៨ ក្នុងពិភពលោក។ ៨០ភាគរយនៃអង្ករត្រូវនាំចេញទៅកាន់ទ្វីបអឺរ៉ុប រីឯ២០ភាគរយទៀតទៅកាន់ទ្វីបអាស៊ី អាមេរិក អូស្រ្តាលីនិងអាហ្វ្រិក។
កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីសហភាពអឺរ៉ុបក្នុងឋានៈជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក(LDC)។ ប៉ុន្តែ លោក ចាន់ សុផល ព្រួយបារម្ភពីការបាត់បង់ទីផ្សារទាំងនេះក្នុងពេលអនាគត ដោយហេតុថាកម្ពុជាអាចរំកិលខ្លួនចេញពីឋានៈជាប្រទេសក្រីក្រនេះនាពេលខាងមុខដ៏ខ្លី។
នៅពេលដែលប្រទេសថៃនិងប្រទេសវៀតណាមឈរជើងជាប្រទេសដែលនាំអង្ករចេញច្រើនជាងគេបំផុតក្នុងពិភពលោក ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនបានលក់ស្រូវឱ្យប្រទេសទាំងពីរនេះជាច្រើនក្នុងមួយឆ្នាំៗ។
លោកបណ្ឌិត ហ៊ាន វណ្ណហន បន្ថែមថា លំហូរនៃការលក់ស្រូវរបស់ប្រជាកសិករខ្មែរទៅកាន់ប្រទេសជិតខាងនឹងបណ្តាលឱ្យមានបញ្ហាដល់ការស្តុកទុកស្រូវរបស់កម្ពុជាដើម្បីបង្កើនបរិមាណអង្ករ។
លោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា មូលហេតុដែលមានការលេចធ្លាយនៃការនាំស្រូវក្រៅផ្លូវការទៅកាន់ប្រទេសជិតខាងព្រោះពួកគេហ៊ានទិញផលស្រូវពីកសិករខ្មែរក្នុងតម្លៃមួយខ្ពស់។
លោកបណ្ឌិត ម៉ី កល្យាណ យល់ឃើញថាការលក់ស្រូវទៅឱ្យបរទេសនេះ គឺជាការខាតបង់មួយ។
«ប៉ុន្តែការនាំស្រូវជាវត្ថុធាតុដើមទៅបរទេសទាំងអស់យើងបាត់តម្លៃបន្ថែម ព្រោះទីមួយស្រូវថោកអង្ករថ្លៃ ទីពីរកាលណាយើងលក់ស្រូវឱ្យគេទាំងអស់ កន្ទក់ក៏អត់សល់អង្កាមក៏អត់សល់កាចុងក៏អត់សល់ នេះធ្វើឱ្យយើងចិញ្ចឹមសត្វក៏អត់បាន ចិញ្ចឹមត្រីក៏អត់បាន ដោយសារតែចំណីត្រីចំណីសត្វហ្នឹងវាឡើងថ្លៃ»។
ដើម្បីទប់ស្កាត់លំហូរស្រូវទៅកាន់ប្រទេសជិតខាងដែលជាគូប្រជែងផ្នែកនាំចេញអង្កររបស់កម្ពុជា ក្រុមអ្នកសេដ្ឋកិច្ចកម្ពុជាផ្តល់យោបល់ថារោងម៉ាស៊ីនកិនស្រូវដែលមានសក្តានុពលត្រូវតែបង្កើនការទិញស្រូវស្តុកទុក ក៏ប៉ុន្តែមូលធនគឺបញ្ហាចម្បងដែលរោងម៉ាស៊ីនទាំងនោះត្រូវរត់ទៅរកធនាគារមួយចំនួន ហើយកត្តាការប្រាក់ខ្ពស់នឹងក្លាយជាឧបសគ្គដល់រោងម៉ាស៊ីនទាំងនោះ។
យោងតាមរបាយការណ៍ត្រួតពិនិត្យការអនុវត្តឯកសារគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ រដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់ប្រាក់កម្ចីដល់ការវិនិយោគកសិកម្មនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួនជាង២៨លានដុល្លារគិតមកត្រឹមខែឧសភាឆ្នាំ២០១១។
កម្ពុជានាពេលថ្មីៗនេះបានចុះអនុស្សារណៈយោគយល់ជាមួយប្រទេសឥណ្ឌូនេស៊ីក្នុងការផ្គត់ផ្គង់អង្ករចំនួន១សែនតោនក្នុងមួយឆ្នាំ និងប្រទេសចិនចំនួន៣សែនតោនក្នុងមួយឆ្នាំ ដែលជាការអនុគ្រោះដល់ការសម្រេចគោលដៅនាំអង្ករចេញរបស់កម្ពុជា។ ប៉ុន្តែលោក ចាន់ សុផល មានប្រសាសន៍ថា ចំនួននេះនៅមិនទាន់អាចធានាបាននៅឡើយត្បិតអនុស្សារណៈគឺមិនមែនជាកិច្ចសន្យាទេ ស្ថានការណ៍អាចនឹងមានការប្រែប្រួល។
លោក បណ្ឌិត ហ៊ាន វណ្ណហន បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាតម្លៃនិងបញ្ហាប្រឈមដទៃទៀត រាជរដ្ឋាភិបាលពីសំណាក់ក្រសួងពាក់ព័ន្ធទាំងឡាយ បានធ្វើកំណែទម្រង់សង្វាក់ផលិតកម្មជាប្រព័ន្ធ ដែលរួមមានការជំរុញផលិតកម្មស្រូវ ការប្រមូលទិញនិងកែឆ្នៃស្រូវ ការសម្រួលបែបបទនាំចេញ និងការស្វែងរកទីផ្សារ រួមទាំងការណែនាំពូជស្រូវដែលមានទិន្នផលខ្ពស់ដល់កសិករ ផងដែរ៕