ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្ករ​ផ្កាម្លិះ​ខ្មែរ​ត្រូវ​បាន​ប្រកាស​ជា​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១២


កម្ពុជា​ទទួលជ័យលាភី​អង្ករ​ផ្កាម្លិះ​​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១២។
កម្ពុជា​ទទួលជ័យលាភី​អង្ករ​ផ្កាម្លិះ​​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១២។
ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ នេះ​គឺជា​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​សិក្ខាសាលា​ស្តីពី​អង្ករ​ពិភពលោក​សម្រាប់​ពាណិជ្ជកម្ម​អង្ករ​ឆ្នាំ២០១២​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ សិក្ខាសាលា​ដែល​ដំណើរការ​ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ចូល​រួម​ដោយ​ប្រទេស​នាំ​អង្ករ​ចេញ​សំខាន់ៗ​ជាង​៤០​ ដែល​ក្នុង​នោះ​មាន​ប្រទេស​មកពី​ទ្វីប​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក។
លោក​អ៊ឹង ឆេង​សៀ តំណាង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ ឡូ អៀក ហេង សេក​មាស ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​សម្តែង​សេចក្តី​រីករាយ​ហើយ​សង្ឃឹមថា​ជ័យលាភី​ដោយ​មោទនភាព​នេះ​នឹងធ្វើ​ឲ្យ​ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​កាន់តែ​ប្រសើរ។
«ការ​ទទួល​ពាន​រង្វាន់​នេះ អាច​ជួយ​បង្កើន​ការ​បញ្ជា​ទិញ​ពី​អន្តរជាតិ​ដែល​ពី​មុន​មក​គេ​ពុំទាន់​យល់​ច្បាស់​ពី​គុណភាព​នៃ​អង្ករ​ខ្មែរ​យើង។ ឥឡូវ​នេះ​ធ្វើ​ឱ្យ​អ្នកទិញ​អន្តរជាតិ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង។ អញ្ចឹង​យើង​អាច​ជំរុញ​ការ​នាំ​ចេញ​អង្ករ​យើង​បាន​ច្រើន​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ចង់​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១លាន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ​ទី១។ ទី​២ យើង​អាច​ណែនាំ​ថា​អង្ករ​កម្ពុជា​ឥឡូវ​ហ្នឹង​ក៏​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​អង្ករ​មកពី​ថៃ​ឬ​វៀតណាម​ដែរ។»
ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ៣​បាន​ទៅ​អង្ករ​មក​ពី​ប្រទេស​ថៃ។ កាលពី​ឆ្នាំមុន​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អង្ករ​មក​ពី​ប្រទេស​ភូមា។
លោក​អ៊ឹង ឆេង​សៀ មាន​ប្រសាសន៍​តាម​ទូរសព្ទ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ថា លក្ខខណ្ឌ​នៃ​ការ​ឱ្យ​ពិន្ទុអង្ករ​មាន​ភាព​សម្ងាត់ ប៉ុន្តែ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​វាយតម្លៃ​ត្រូវ​បាន​យោង​ទៅ​លើ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​អង្ករ​ដូចជា ភាព​ស​រលោង ទំហំ​អង្ករ កម្រិត​នៃ​ភាពបាក់ រសជាតិ និង​ក្លិន​ជាដើម។
បាយ​នៃ​អង្ករ​ផ្កាម្លិះ​កម្ពុជា​មាន​ក្លិន​ក្រអូប​ប្រហើរ និង​ទន់​ល្អ។ សព្វថ្ងៃនេះ កម្ពុជា​នាំ​ចេញ​នូវ​អង្ករ​ផ្កាម្លិះ ផ្ការំដួល នាង​ម្លិះ សូម៉ាលី ផ្កា​ខ្ញី និង​សែន​ក្រអូប​ជាដើម ដែល​សុទ្ធសឹង​ជា​ប្រភេទ​អង្ករ​មាន​ក្លិនប្រហើរ​និង​មាន​រសជាតិ​ឆ្ងាញ់។
បើតាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រឹម​ប្រាំបី​ខែ​ដើមឆ្នាំ​២០១២ កម្ពុជា​បាន​នាំ​ចេញ​អង្ករផ្កា​ម្លិះ​នេះ​ចំនួន​ជាង​៤ម៉ឺន២​ពាន់​តោន។
លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ស្ថាបនិក​បង្គោល​នៃ​គោលនយោបាយ​ស្តីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំ​អង្ករ​ចេញ យល់​ឃើញ​ថា តាមរយៈ​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នេះ តម្រូវការ​អង្ករ​ផ្កាម្លិះ​ខ្មែរ​នឹង​កើន​ឡើង​ក្នុង​ទីផ្សារ​អន្តរជាតិមិន​ខាន។
«ទី១​គេ​ចាប់ផ្តើម​ស្គាល់​យើង។ មិនមែន​ត្រឹមតែ​ស្គាល់​យើង​ទេ យើង​បាន​លេខ១ទៀត។ អញ្ចឹង​ហើយ​យើង​ត្រូវ​បង្កើត​សកម្មភាព​មួយ​ទៀត​គឺ​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​សកលលោក​កាន់តែ​ស្គាល់​អង្ករ​យើង​ទៀត។ ស្គាល់​ហើយ​ឱ្យគេ​ជឿ ព្រោះ​មាន​ប្រយោជន៍​ណាស់​ទៅ​ថ្ងៃក្រោយ»។
សូម​បញ្ជាក់​ថា សិក្ខា​សាលា​ស្តីពី​អង្ករ​ពិភពលោក​សម្រាប់​ពាណិជ្ជកម្ម អង្ករ​នេះ ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សិក្ខា​សិលា​អន្តរជាតិ​នេះ​នា​ឆ្នាំក្រោយ។ សិក្ខាសាលា​នេះ​ផ្តោត​លើ​ការពិភាក្សា​អំពី​តម្រូវការ ឱកាស និង​ការ​ប្រឈម​នៃ​ការនាំចេញ​អង្ករ​ពិភពលោក ជាមួយ​បណ្តា​ប្រទេស​អ្នក​ផលិត​និង​នាំចេញ​អង្ករ​ជាច្រើន​លើ​ពិភពលោក។ ក្នុង​សិក្ខាសាលា​នោះ​ក៏មាន​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​ពានរង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ផងដែរ។
នៅ​ឆ្នាំនេះ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ដោយ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​សរុប​ចំនួន១២ ក្រោម​ការដឹកនាំ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​ពិភពលោក (International Finance Corporation, World Bank)។
លោក បាស រ៉ូ​ហ្សេ​មូល​ឡឺ (Bas Rozemuller) ប្រធាន​គម្រោង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​សន្និសីទ​នេះ មាន​ប្រសាសន៍​ថា មាន​អ្នក​ជំនួញ​ជា​ច្រើន​បាន​មក​ទាក់ទង​ក្រុមហ៊ុន​កម្ពុជា​បន្ទាប់ពី​ចប់​សិក្ខា​សាលា។ ដូច្នេះ​លោក​ជឿជាក់​ថា​ពាន​រង្វាន់​នេះ​នឹង​ជួយ​បង្កើន​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។
XS
SM
MD
LG