ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ពី​ប្រទេស​រុស្ស៊ី ​ចិន ​និង​ទទួល​ស្គាល់​​គ្រោះ​ថ្នាក់​នៃ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ


លោក​នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​នឹង​លោក Rex Tillerson នាយក​ក្រុមហ៊ុន Exxon Mobil ក្នុង​វិមាន Novo-Ogaryovo នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២។
លោក​នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​នឹង​លោក Rex Tillerson នាយក​ក្រុមហ៊ុន Exxon Mobil ក្នុង​វិមាន Novo-Ogaryovo នៅ​ខាង​ក្រៅ​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២។

លោក Rex Tillerson ដែល​ត្រូវ​បាន​​តែងតាំង​ជារដ្ឋ​មន្រ្តី​ការ​បរទេស​ដោយ​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់​​ ត្រាំ ​បាន​សម្តែង​នូវ​ការ​ព្រួយកង្វល់​អំពី​សកម្ម​ភាព​របស់​រុស្ស៊ី​នៅ​លើ​ឆាក​អន្តរជាតិ​ហើយ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ចាត់​វិធានការ​ថ្មី​នៅ​ពេល​ដែល​ដោះស្រាយ​ជាមួយ​ប្រទេស​ចិន។លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សវនាការ​នៅ​ព្រឹទ្ធសភា​ដើម្បី​ទទួល​បាន​ការ​តែងតាំង​នេះ។

ការ​ព្រួយ​កង្វល់​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​បាន​នាំឲ្យ​ពួក​បាតុករ​ទៅ​កាន់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅជិត​វិមាន​រដ្ឋ​សភា Capitol Hill ​ដែលស្ថិត​នៅ​២ប្លុក​ពី​ទីកន្លែង​ដែល​លោក Rex Tillerson អតីត​ប្រធាន​ក្រុមហ៊ុន Exxon-Mobile បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ដើម្បី​បាន​ទទួល​ការ​តែងតាំង​ជា​រដ្ឋ​មន្រ្តីការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក។

ក៏​ប៉ុន្តែ សំណួរ​ភាគ​ច្រើន​របស់​សមាជិក​ព្រឹទ្ធសភា​គឺ​អំពី​ទំនាក់​ទំនង​របស់​លោក​ Tillerson ជាមួយ​រុស្ស៊ី។ ខណៈ​ពេល​ដែល​លោក​ដឹកនាំ​ក្រុម​ហ៊ុន Exxon លោក Tillerson បាន​ធ្វើ​ការ​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី។ ពួក​សមាជិក​ព្រឹទ្ធ​ស​ភាចង់​ដឹង​ថា​តើ​លោក​នឹង​ដោះស្រាយ​យ៉ាង​ដូចម្តេច​ជាមួយ​ប្រទេស រុស្ស៊ី​ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ពួក​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ហើយ​និង​បំភិត​បំភ័យ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នោះ។​

លោក Tillerson ថ្លែងថា៖ «កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ផ្អែក​លើ​ផល​ប្រយោជន៍​រួម​ដូចជា​ការកាត់​បន្ថយ​ការ​គំរាម​កំហែង​ភេរវកម្ម​ទូទាំង​សាកលលោក ​យើង​គួរតែ​ស្វែងរក​ជម្រើស​ទាំង​នេះ។ នៅ​ពេល​ការ​មិន​ចុះ​សម្រុង​គ្នា​ដ៏​ខ្លាំង​នៅ​តែ​មាន​យើង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​អាមេរិក​ហើយ​និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ រុស្ស៊ី​ត្រូវតែ​ដឹង​ថា យើង​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការ​តាំង​ចិត្ត​របស់​យើង ​ហើយ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​សម្ព័ន្ធ​មិត្ត​របស់​យើង ​ហើយ​ថា ​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន‍»។

ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ ​លោក Tillerson មាន​ប្រសាសន៍​ថា ​ចិន​គួរ​តែ​ខំ​ឲ្យ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ក្លាយ​ជា​ដៃគូ​ដែល​អាច​ទុក​ចិត្ត​បាន។

លោក​បាន​ថ្លែងថា៖ «ការ​ស្ថាបនា​កោះ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ការ​ចាត់​វិធានការ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ។ សេដ្ឋកិច្ច​ និង​ការធ្វើ​ការ​ពាណិជ្ជកម្ម​របស់​ចិន​ជានិច្ចកាល​មិន​បាន​ធ្វើ​ទៅ​តាម​ការ​សន្យា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សាកល​ទេ។ ចិន​បាន​លួច​កម្មសិទ្ធ​បញ្ញា​របស់​យើង ​ហើយ​មាន​ភាព​គគ្លើន​ និង​ជា​អ្នក​វាតទី​និយម​នៅ​ក្នុង​វិស័យ​ឌីជីថល (Digital‍)»។

បាតុករ​គាំទ្រ​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​អាកាសធាតុ​បាន​បង្អាក់​សវនាការ​តែងតាំង​ជា​ច្រើន​លើក។ លោក Tillerson ​បាន​មាន​ប្រសាសន៍​ថា ​លោក​ទទួល​ស្គាល់​ពី​គ្រោះថ្នាក់​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ហើយ​លោក​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា​ជារឿងសំខាន់​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​រក្សា​វត្តមាន​របស់​ខ្លួន​នៅ​តុ​ពិភាក្សា​អំពី​បញ្ហា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ៕

ប្រែ​សម្រួល​ដោយ ​ជឹងប៉ូជីន

XS
SM
MD
LG