ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ឡាន​ក្រុង​ដំណើរ​ការ​បាន​បី​ឆ្នាំ ​បរិមាណ​និង​គុណភាព​សេវា​នៅ​តែ​ជា​បញ្ហា​ចោទ


រថយន្ត​ក្រុង​ឈប់​នៅ​អំឡុង​ពេល​ភ្លើង​ស្តុប​ពណ៌ក្រហម និង រៀប​ដំណើរ​ចេញ​ទៅ​ចំណត​រង់ចាំ​មួយ​ទៀត​នៅ​លើ​មហាវិថី​ព្រះមុន្នីវង្ស រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ីង សុជាតា/VOA)
រថយន្ត​ក្រុង​ឈប់​នៅ​អំឡុង​ពេល​ភ្លើង​ស្តុប​ពណ៌ក្រហម និង រៀប​ដំណើរ​ចេញ​ទៅ​ចំណត​រង់ចាំ​មួយ​ទៀត​នៅ​លើ​មហាវិថី​ព្រះមុន្នីវង្ស រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ីង សុជាតា/VOA)

កាលពីឆ្នាំមុននេះ​ ​កញ្ញា ស្រី​ នី​ ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​សេវា​រថយន្តសាធារណៈ​ជំនួសឲ្យយានជំនិះផ្ទាល់ខ្លួនរបស់នាង ដើម្បី​ធ្វើ​ដំណើរ​ទៅ​សកលវិទ្យាល័យ ដោយសារតែ​សេវា​រថយន្ត​ក្រុង​នេះ​មិន​អស់​ថ្លៃ​សម្រាប់​នាង​ដែល​ជា​សិស្ស​ ក៏​ប៉ុន្តែ​ផល​លំបាក​ដែល​នាងមិន​ចូល​ចិត្ត​នោះ​ គឺ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ពេល​វេលា​ដែល​ឡាន​មក​យឺត។

ស្រី​ នី​ ដែល​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​បានបញ្ជាក់​ប្រាប់​ថា​ឡាន​ក្រុង​ដែល​មក​ដល់​ចំណត​លើស​ជាង​ម៉ោង​ដែល​ដាក់​តាម​កាល​វិភាគ​ប្រហែល​ជាង​២០​នាទី៖

«ពេល​ខ្លះ​ ខ្ញុំ​ត្រូវ​ងើប​រៀប​ចំ​ខ្លួន​ឲ្យ​លឿន​មុន​មួយ​ម៉ោង​ដែល​សាលា​ចូល​ដើម្បី​មក​រង់​ចាំ​ឡាន​ក្រុង»។

រថយន្ត​ក្រុង​កំពុង​ឈប់​នៅ​ចំណត​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឡើងជិះ លើ​ចំណតទី​៣៤ មហាវិថី​ព្រះមុនីវង្ស​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៧។​ (ហ៊ីង​ សុជាតា/VOA)
រថយន្ត​ក្រុង​កំពុង​ឈប់​នៅ​ចំណត​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឡើងជិះ លើ​ចំណតទី​៣៤ មហាវិថី​ព្រះមុនីវង្ស​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៧។​ (ហ៊ីង​ សុជាតា/VOA)

ឡាន​ក្រុង​សាធារណៈ​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ២០១៤​ បន្ទាប់​ពី​បរាជ័យ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ២០០១ ជាមួយ​នឹង​ការ​វិនិយោគ​សាធារណៈ​នេះ​ដើម្បី​បន្ធូរ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ផ្លូវ​ដែល​ឡានក្រុង​នេះ​រត់​កាត់​ទាំងអស់​មាន​៣​ខ្សែ​ ដែល​មាន​តាំង​ពី​តំបន់​ជាយ​ក្រុង​មកទីប្រជុំជន​ ដោយ​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ប្រហែល​ពី​៦០០០​ទៅ​៨០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ភោធ​ស្ពាន​កាល​ពី​ឆ្នាំ២០១៤ ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បើក​ដំណើរ​ការ​ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ ​ទោះ​បី​ជា​រដ្ឋ​ត្រូវ​ខាត​បង់​លុយ​យ៉ាង​ច្រើន​ក៏ដោយ។

ស្ថានីយ​រង់ចាំ​មាន​ប្រហែល​ ១០០កន្លែង​នៅ​តាម​បណ្ដោយ​ខ្សែ​ឡាន​ក្រុង​ទាំង​បី​ ប៉ុន្តែ​អ្នក​ដំណើរ​ត្រូវ​រង់​ចាំ​យូរ​ ជាង​ម៉ោង​ដែល​មាន​ក្នុង​កាល​វិភាគ ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​ដែល​ទីក្រុង​មាន​ចរាចរណ៍​ប្រញាប់​ប្រញាល់​ និង​កក​កុញ​ រួម​ទាំង​សេវា​និង​គុណភាព​ដែល​ផ្ដល់​ដោយ​សេវាកម្ម​រថយន្ត​ក្រុង​មួយ​ចំនួន​មាន​ភាព​តិចតួច។ នេះ​បើ​តាម​លោក​ អ៊ា ចរិយា ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍។

លោក អ៊ា ចរិយា​ បាន​ប្រាប់ ​VOA ​ថា៖

«ការ​ជ្រើសរើស​ឡានក្រុង ​គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ប្រសិន​បើ​ពួកគេ​មិន​ចង់​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ជាប់​គាំង​នៅ​ក្នុង​ការ​កកស្ទះ​ចរាចរណ៍»។
រយៈពេល​នៃ​ការ​រង់ចាំ​មើល​ទៅ ​គឺជា​បញ្ហា​ចម្បង​ចំពោះ​អ្នកដំណើរ​ជាច្រើន​ ដូចជា​កញ្ញា​ ប៉ូ លីន ​ជាដើម​ដែល​បាន​និយាយ​ថា​ នាង​មានការ​ខកចិត្ត​ចំពោះ​ការ​យឺតយ៉ាវ​នៃ​ឡានក្រុង​ ដែល​បណ្ដាល​ឱ្យ​នាង​ទៅ​ធ្វើការ​និង​សិក្សា​មិន​ទាន់​ពេល។ នាង​បាន​និយាយ​ថា៖

«ការ​ដើរ​ទៅ​ចំណត​ឡាន​ក្រុង​មិនមែន​ជា​បញ្ហា​ចម្បង​នៃ​ការ​យឺតយ៉ាវ​ទេ​ ប៉ុន្តែ​ពេលវេលា​ដែល​ខ្ញុំ​ជិះ​រថយន្ត​មក​ដល់​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខកចិត្ត»។

សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ស្គាល់​នូវ​ភាព​មាន​កម្រិត​នៃ​គុណភាព​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ។ លោក​ ម៉េត មាសភក្ដី ​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ VOAថា៖

«យើង​ទទួល​ស្គាល់​ថា​នៅ​តែ​មាន​ចំណុច​ខ្លះ​ខ្វះខាត ​ដែល​តម្រូវ​ឱ្យ​យើង​ផ្លាស់ប្ដូរ ​និង​រៀបចំ​ឲ្យ​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ជាង​មុន​ រួម​ទាំង​បញ្ហា​លើ​រថយន្ត​ក្រុង​ អ្នក​បើកបរ ​និង​សេវាកម្ម​ ក៏​ប៉ុន្តែ​[បញ្ហា]​ទាំងអស់​នេះ​ យើង​នឹង​ខិត​ខំ​កែលំអ​ និង​រៀប​ចំ​ឡើង​វិញ​ ដើម្បីផ្ដល់​ជូន​អ្នក​ដំណើរ​នូវ​សេវា​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន»។

រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ជូន​ពលរដ្ឋ​កម្ពុជានៅក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​ កំពុង​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ជូន​ពលរដ្ឋ​កម្ពុជានៅក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

របាយ​ការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ស្ដីពី​ចំនួន​ស្ថិតិ​រថយន្ត​ និង​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ បង្ហាញ​ថា ចំនួន​រថយន្ត​ និង​ម៉ូតូ​បាន​កើន​ឡើង​ដល់​ជាង​ ២លាន​គ្រឿង​ នៅ​ឆ្នាំ​ ២០១៦។​ ការ​កក​ស្ទះ​ចរាចរណ៍ បាន​នាំ​ឱ្យ​មាន​ការ​ខាត​បង់​ប្រាក់​តម្លៃ ៦លាន​ដុល្លារ ​ជា​រៀង​រាល់​ខែ។ នេះ​បើ​យោង​តាម​ការ​បញ្ចេញ​ឱ្យ​ដឹង​ដោយ​រដ្ឋាភិបាល ​កាល​ពី​ឆ្នាំ ២០១៥ ។

ដើម្បី​ជំរុញ​សេវា​នេះ​ឲ្យ​ល្អ​ រដ្ឋាភិបាល​ចិន​ក៏បាន​ផ្ដល់​ជំនួយ​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​ នូវ​រថយន្ត​ក្រុង​ចំនួន​ ១០០គ្រឿង​ដើម្បី​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​ និង​ពង្រីក​ខ្សែ​រថយន្ត​ក្រុង​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​ទីក្រុង។

លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើប​តែងតាំង​ថ្មី​ បាន​និយាយ​នៅ​ពិធី​ទទួល​ និង​ប្រគល់​ឡាន​រថយន្ត​ថ្មី​ជា​ផ្លូវ​ការ​ថា​ ឡាន​ក្រុង​ថ្មី​ដែល​ផ្ដល់​ដោយ​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​មិន​បណ្ដាល​ឱ្យ​ខូច​បរិស្ថាន។

ខណៈ​ដែល​ការ​បម្រើ​អ្នកដំណើរ​មិនទាន់​បាន​ល្អ​នោះ​ ប្រព័ន្ធ​រថយន្ត​ក្រុង​សាធារណៈ​ត្រូវ​ការ​ការ​កែលំអ​បន្ថែម​ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រាប់​បញ្ចូល​ពី​ការ​ខ្វះ​ផ្លូវ​ថ្មើរ​ជើង​រហូត​ដល់​ការ​តុបតែង​និង​ភាព​ស្អាត​នៃ​រថយន្តក្រុង។ នេះ​បើ​យោង​តាម​លោក អ៊ា ចរិយា៖ «ប្រសិន​បើ​បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ នោះ​រថយន្ត​ក្រុង​នឹង​ជួបប្រទះ​ការ​បរាជ័យ»៕

XS
SM
MD
LG