ពួកអ្នកគាំទ្រលោកស្រី Aung San Su Kyi មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលត្រូវយោធាបណ្តេញចេញពីអំណាច បានប៉ះទង្គិចជាមួយប៉ូលិសនៅថ្ងៃសុក្រនេះ ខណ:ពេលពេលដែលក្រុមបាតុកររាប់សែននាក់ បានធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទំាងប្រទេស ដើម្បីប្រឆាំងនឹងការអំពាវឲ្យបញ្ឈប់ការប្រមូលផ្ដុំទ្រង់ទ្រាយធំរបស់របបយោធា។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការតវ៉ាដោយសន្តិវិធីភាគច្រើនកើតឡើងទូទាំងប្រទសមីយ៉ាន់ម៉ា ដែលជាការតវ៉ាដ៏ធំបំផុតក្នុងពេលកន្លងមក ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាកាលពីសប្ដាហ៍មុន មួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មលើក្រុមឧត្តមសេនីយ៍ដែលដឹកនាំការធ្វើរដ្ឋប្រហារនេះ។
មន្ត្រីអង្គការកាកបាទក្រហមមីយ៉ាន់ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មនុស្សបីនាក់ បានរងរបួស នៅពេលប៉ូលិសបាញ់គ្រាប់ជ័រ ដើម្បីបំបែកហ្វូងបាតុកររាប់ម៉ឺននាក់ នៅភាគអាគ្នេយ៍នៃទីក្រុង Mawlamyine។
វីដេអូដែលផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរីបង្ហាញពីក្រុមប៉ូលិសសម្រុកទៅកាន់ក្រុមបាតុករ រួចចាប់បាតុករម្នាក់ វាយសំពងក្បាលបាតុករនោះ។ បន្ទាប់មកក្រុមបាតុករបានគប់ដុំថ្មដាក់ប៉ូលិស មុនប៉ូលិសបាញ់គ្រាប់ជ័រ។
លោក Kyaw Myint មន្ត្រីកាកបាទក្រហម ដែលបានឃើញហេតុការណ៍ប៉ះទង្គិចនេះ បាននិយាយថា៖ «មនុស្សបីនាក់ត្រូវគេបាញ់ [គ្រាប់ជ័រចំ] ជាស្ត្រីម្នាក់ត្រូវចំពោះ បុរសម្នាក់ត្រូវចំថ្ពាល់ និងបុរសម្នាក់ទៀតត្រូវចំដៃ»។
លោក Myint បន្ថែមថា៖ «ក្រុមបាតុករនៅបន្តកើនឡើង»។
នៅក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងធំបំផុត វេជ្ជបណ្ឌិតរាប់រយនាក់ក្នុងឯកសណ្ឋានពណ៌ស ដើរក្បួន តវ៉ាឆ្លងកាត់វត្ត Shwedagon ទីគោរពបូជាផ្នែកសាសនាដ៏ធំបំផុតប្រចាំប្រទេសមីយ៉ាន់ម៉ា ស្របពេល ដែលនៅផ្នែកមួយផ្សេងទៀតនៃទីក្រុង ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ ស្លៀកឈុតកីឡា ដើរក្បួនកាន់បដាបរិហារយោធា៕