សមាជិកសហគមន៍ជនជាតិភាគតិច ដែលជារឿយៗរងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមការប្រឆាំងតវ៉ាចំពោះរដ្ឋប្រហារយោធា ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិល នៅក្នុងប្រទេសនេះដែលការតវ៉ានេះកំពុងតែកើតមានឡើងនៅទូទាំងប្រទេស និងចូលដល់ថ្ងៃទី ៦ ហើយ។
ក្រុមសមាជិកសហគមន៍ជនជាតិភាគតិច Karen Rakhine និង Kachin បានចូលរួមការដើរក្បួនប្រឆាំងតវ៉ាមហាជន នៅតាមបណ្តាផ្លូវនានាក្នុងទីក្រុងយែងហ្គូន ដោយពួកគេស្លៀកពាក់ដែលមានពណ៌ទៅតាមតំបន់របស់គេ។
បាតុកម្មប្រឆាំងតវ៉ានេះកើតមានឡើង បន្ទាប់ពីរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាបន្តរឹតបន្តឹងអំណាចគ្រប់គ្រងរបស់ខ្លួនអស់រយៈពេលជាងមួយសប្តាហ៍កន្លងទៅ បន្ទាប់ពីបណ្តេញមេដឹកនាំស៊ីវិលអ្នកស្រីAung San Suu Kyi ចេញពីតំណែងមក។
ជំនួយការជិតស្និទ្ធបំផុតម្នាក់របស់អ្នកស្រីគឺលោក Kyaw Tint Swe ស្ថិតក្នុងចំណោមមន្ត្រីមួយចំនួននៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi ដែលត្រូវបានកម្លាំងសន្តិសុខនាំចេញពីផ្ទះនៅពេលយប់និងត្រូវឃុំខ្លួន។
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ក៏ត្រូវបានរាយការណ៍ថា ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ឃុំខ្លួនផងដែរ។ គណៈកម្មាធិការនេះបានបដិសេធការអះអាងរបស់ក្រុមយោធា ដែលអះអាងថា ការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ មានការលួចបន្លំ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi ឈ្នះការបោះឆ្នោតនោះយ៉ាងភ្លូកទឹកភ្លូកដី។
ក្រុមបាតុកររាប់ម៉ឺននាក់បានចេញមកតវ៉ាប្រឆាំងនៅតាមដងផ្លូវក្នុងទីក្រុងធំៗ របស់ប្រទេសមីយ៉ាន់ម៉ាជាការប្រឆាំងការដាក់បំរាមគោចរ និងការហាមប្រាមការជួបជុំ ដែលមានគ្នាលើសពីចំនួន ៤ នាក់ឡើងទៅ។ ក្រុមបាតុករប្រឆាំងតវ៉ាជាច្រើននាក់បានលើកបដា ដែលមានសរសេរពាក្យស្លោកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងរូបថតរបស់អ្នកស្រី Aung San Suu Kyi ផងដែរ។
កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាបានបង្កើនការបង្ក្រាបទៅលើក្រុមអ្នកប្រឆាំងតវ៉ា ដោយបាញ់គ្រាប់ព្រមានគ្រាប់កាំភ្លើងជ័រនិងបំពង់បាញ់ទឹកជាដើមដើម្បីបំបែកក្រុមបាតុករទាំងនោះ។ យ៉ាងហោចណាស់ មានក្រុមបាតុករប្រមាណ ២ នាក់ត្រូវរងរបួស ដោយគ្រាប់កាំភ្លើងពិតនៅដើមសប្តាហ៍នេះ ក្នុងទីក្រុងណៃពិដោ ដែលក្នុងនោះមាននាវីវ័យជំទង់មួយរូប ត្រូវរបួសនឹងគ្រាប់កាំភ្លើងចំក្បាល ហើយស្ថិតក្នុងស្ថានភាពមិនទាន់ដឹងខ្លួននៅឡើយ។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លើកឡើងថា រូបភាពវីដេអូដែលទទួលបានពីក្រុមបាតុករបង្ហាញថា បាតុករវ័យកេ្មង អាយុ ១៩ ឆ្នាំម្នាក់ឈ្មោះ Mya Thwe Thwe Khaing ត្រូវបានប៉ូលិសម្នាក់បាញ់ដោយប្រើកាំភ្លើងយន្តធន់តូចរបស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធ បានចុះហត្ថលេខលើបទបញ្ជាប្រតិបត្តិមួយដោយរាំងខ្ទប់មិនឲ្យក្រុមឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា ប្រើប្រាស់ទ្រព្យសម្បត្តិដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លា ដែលកំពុងត្រូវបានផ្អិបទុកក្នុងសហរដ្ឋអាមេរិកនាពេលនេះ។
«ពួកគេត្រូវតែប្រគល់ទៅវិញនូវអំណាចដែលគេដណ្តើមកាន់កាប់នោះ»។ នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតីអាមេរិក Joe Biden៕