ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​សិទ្ធិ​មនុស្ស​​កម្ពុជា​ដាក់​ញត្តិ«គាំទ្រ​ប្រជាជន»និង​ថ្កោល​ទោស​​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា


មន្រ្តីសង្គមស៊ីវិល និងសហជីព ឈរខាងមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីដាក់ញត្តិគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ (រូបថតផ្តល់ឲ្យ)

ក្រុម​សិទ្ធិ​មនុស្ស សហជីព​និង​តំណាង​សហគមន៍​នៅ​កម្ពុជា កាល​ពី​ព្រឹកថ្ងៃ​សុក្រ បាន​ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ភ្នំពេញ ដោយ​ទាម​ទារឲ្យ​ដោះ​លែង​មេដឹកនាំ​ប្រជាធិបតេយ្យ​និង​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ក្រុម​សិទ្ធិ​មនុស្ស​ទាំង​នោះ មាន​ចំនួន​ ៦០ ​ស្ថាប័ននិង​ក្រុម ដែល​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​តម្លាភាព​កម្ពុជា អង្គការលីកាដូ និង​សមាគម​ធាង​ត្នោត​ជា​ដើម។ នេះ​បើ​យោង​តាម​ញត្តិ​របស់​ពួក​គេ ចុះ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

ពួកគេ​ប្រមាណ ​២០ នាក់ ​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថាន​ទូត​មីយ៉ាន់ម៉ា ហើយ​លើក​សញ្ញា​មួយ​ចំនួន ដែល​សរសេរ​ថា ​«We Stand With the People of Myanmar» ដែល​មាន​ន័យ​ថា «យើង​ឈរ​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា»។

នៅ​ក្នុង​ញត្តិ​ដែល ​VOA ​ទទួល​បាន ពួកគេ​បាន​ថ្កោល​ទោស​ចំពោះ​ការ​រឹប​អូស​អំណាច ​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា ដែល​ពួកគេ​ថា​ នេះជា​ការ​រំលោភ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ និង​ប៉ះពាល់​លទ្ធិ​ប្រជាធិប​តេយ្យក្នុង​ប្រទេស​នោះ។

បើ​តាម​ញត្តិ​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទាមទារ​ឲ្យដោះ​លែង​ទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ដទៃ​ទៀត។ ពួកគេ​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​តស៊ូ​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ដើម្បី​ប្រឆាំង​នឹងរដ្ឋ​ប្រហារ​យោធា​ផងដែរ។

មន្រ្តីសង្គមស៊ីវិល និងសហជីព ឈរខាងមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីដាក់ញត្តិគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ (រូបថតផ្តល់ឲ្យ)
មន្រ្តីសង្គមស៊ីវិល និងសហជីព ឈរខាងមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីដាក់ញត្តិគាំទ្រប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ (រូបថតផ្តល់ឲ្យ)

អ្នកស្រី ចក់ សុភាព នាយិកាអង្គការ​សិទ្ធិ​មនុស្ស​កម្ពុជាដែល​បាន​ចូលរួម​ដាក់​ញត្តិ​នៅ​ខាង​មុខ​ស្ថានទូត​មីយ៉ាន់ម៉ា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​នរោត្តម ជិតស្តុបចំការមន ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​បង្ហាញ​«ការ​មិន​គាំទ្រ​របស់​យើង​ចំពោះ​រដ្ឋ​ប្រហារ​យោធា​ដោយ​ប្រើកម្លាំង»។

អ្នកស្រី​បញ្ជាក់​ថា៖ «អញ្ចឹង​អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​បង្ហាញ​នូវ​ការ​គាំទ្រដល់​សេរីភាព​និង​លម្ហប្រជា​ធិបតេយ្យ​ ហើយសំខាន់​បំផុតគឺ​ការមិន​គាំទ្រ​នៃរូបភាព​ទាំងឡាយណានៃ​ការ​ក្តោបក្តាប់អំណាច​តាម​រយៈ​រដ្ឋប្រហារ ហើយជាពិសេស​ការ​ប្រើកម្លាំង​កង​យោធា​អី​ជា​ដើម»។

អ្នកស្រី​បន្តថា​ ស្ថាន​ទូត​បិទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​ក្រុម​សង្គម​ស៊ីវិល​បាន​ប្រគល់​ញត្តិ​ទៅ​ឲ្យ​សន្តិសុខ​ម្នាក់​ ដែល​យាម​នៅ​ទីនោះ។

VOA​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​មីយ៉ាន់​ម៉ា​ប្រចាំនៅ​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

កាល​ពីដើម​ខែ​កុម្ភៈ ក្រុម​កងទ័ព​ជាតិ​មីយ៉ាន់ម៉ា Tatmadaw បាន​ធ្វើ​រដ្ឋប្រហារ​ក្រសោប​យក​អំណាច​ជំទាស់​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា ដែល​គណបក្ស​គ្រប់គ្រង​ដោយ​យោធា​នេះ​ចាញ់​គណបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិប​តេយ្យ​ (National League for Democracy) ដែល​គ្រប់គ្រង​ដោយលោកស្រី Aung San Suu Kyi។ យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នេះបាន​សម្រេចដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​មួយ​ឆ្នាំ។

កន្លង​មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញ​ជំហរ​របស់​ខ្លួន​ថា ​នឹង​មិន​ធ្វើ​ប្រតិកម្ម​ណា​មួយ​អំពី​រដ្ឋ​ប្រហារ​យោធានៅ​មីយ៉ាន់ម៉ា​នោះ​ទេ ដោយ​ចាត់​ទុក​ថា​នេះ​ជា ​«កិច្ចការ​ផ្ទៃ​ក្នុង»។

អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា យល់​ថា​ ការ​ប្រកាន់​គោល​ការណ៍​«មិន​ជ្រៀត​ជ្រែក​»​នេះ មិន​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​ទៅ​ពលរដ្ឋ​ និង​រដ្ឋាភិបាល​ទៅ​រដ្ឋាភិបាល​របស់​ប្រទេស​ជាសមាជិក​អាស៊ាន​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG