ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញខាងរដ្ឋធម្មនុញ្ញ​អាមេរិកបីនាក់​ថា​ លោក Trump បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែលអាច​ត្រូវ​ចោទប្រកាន់​ដក​ចេញ​ពីតំណែង​បាន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលជំនួបមួយក្នុងកិច្ចប្រជុំកំពូលអង្គការអូតង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលជំនួបមួយក្នុងកិច្ចប្រជុំកំពូលអង្គការអូតង់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

កាលពី​ថ្ងៃពុធ អ្នកប្រាជ្ញ​បីនាក់​ខាង​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បាន​និយាយ​ប្រាប់​សភា​អាមេរិកថា​ លោកប្រធានាធិបតី​ Donald Trump បាន​ប្រព្រឹត្ត​បទល្មើស​ដែល​អាចត្រូវ​ចោទប្រកាន់​ដក​ចេញ​ពី​តំណេង​បាន ​ដោយសារ​លោកបាន​ជំរុញ​អាជ្ញាធរ​អ៊ុយក្រែនឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេតដើម្បី​ផ្តល់អត្ថប្រយោជន៍​ខាង​នយោបាយ​ឱ្យ​លោក។​

លោកស្រី​ Noah Feldman សាស្ត្រាចារ្យ​ច្បាប់នៅ​ឯសាកលវិទ្យាល័យ Harvard បានមានប្រសាសន៍​ប្រាប់​ក្រុមអ្នកតាក់តែង​ច្បាប់ថា​ ដោយលោកបាន «សុំ​តាម​បែប​ពុក​រលួយ» ឱ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែន Volodymyr Zelensky បើក​ធ្វើការ​ស៊ើបអង្កេតអំពី​គូ​ប្រជែង​សំខាន់ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកក្នុង​ឆ្នាំ២០២០គឺ លោកអតីត​អនុប្រធានាធិបតី​ Joe Biden លោក​ Trump «បានប្រព្រឹត្ត​ដោយច្បាស់លាស់​នូវ​ឧក្រិដ្ឋកម្មនិងបទល្មើស​មជ្ឈឹម​» ដែល​ជា​ស្តង់ដារត្រូវកំណត់​ដោយ​រដ្ឋធម្មនុញ្ញ​អាមេរិក ដើម្បី​ចោទ​ប្រកាន់​ដកតំណែង​ប្រធានាធិបតីម្នាក់។

លោកស្រី​ Pamela Karlan ដែល​ជា​សាស្ត្រាចារ្យ​ច្បាប់នៅ​ឯសាកលវិទ្យាល័យ Stanford បានមានប្រសាសន៍​ថា ​ប្រធានាធិបតី​អាមេរិកម្នាក់គួរ​ទប់ទល់នឹងអន្តរាគមន៍​បរទេសនៅ​ក្នុង​ការ​បោះឆ្នោតក្នុង​ប្រទេស​អាមេរិក​ ហើយមិន​ត្រូវ​អញ្ជើញអន្តរាគមន៍​បែបនេះ​ទេ។ លោកស្រី​បានហៅ​សំណើសុំ​របស់លោក Trump ដល់​លោក Zelenskiy ថាជា «ការ​រំលោភអំណាច​ធ្ងន់ធ្ងរ​ជា​ពិសេស»។

នៅក្នុង​សេចក្តី​ថ្លែងការណ៍បើកការបញ្ចេញមតិ​របស់លោក លោក Michael Gerhardt សាស្ត្រាចារ្យ​ច្បាប់​នៅឯសកលវិទ្យាល័យ​រដ្ឋ​ North Carolina បានមានប្រសាសន៍​ប្រាប់គណៈកម្មាធិការ​នីតិកម្មនៃ​សភាតំណាង​រាស្ត្រអាមេរិកាំង​ថា​ «ប្រសិន​បើ​សភា​ខកខានមិនបានធ្វើការ​ចោទ​ប្រកាន់ដើម្បី​ដក​តំណែងប្រធានាធិបតីនៅទី​នេះ​ទេ នោះដំណើរ​ការ​ធ្វើការ​ចោទប្រកាន់ដើម្បី​ដក​តំណែងប្រធានាធិបតី​នឹងបាត់បង់​ន័យ​ទាំង​អស់​ហើយ​ជា​មួយការណ៍នេះ​ការការពារ​ដែល​បានត្រូវរៀប​ចំដោយ​ប្រុងប្រយ័ត្ន​ប្រឆាំងនឹង​ការ​តែង​តាំង​ស្តេច​មួយ​អង្គនៅលើដីប្រទេស​អាមេរិក​ក៏នឹង​អស់ន័យដែរ។គ្មាន​នរណា​ម្នាក់​ ទោះ​ជា​ប្រធានាធិបតី​ក៏​ដោយ ក៏​មិនឋិត​នៅលើ​ច្បាប់បានឡើយ»៕

XS
SM
MD
LG