ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ភ្លើង​ទៀន​៣នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ


រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​​ឈរ​លើ​រថយន្ត​ពេល​ដើរ​ដង្ហែ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​​ឈរ​លើ​រថយន្ត​ពេល​ដើរ​ដង្ហែ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។

គណបក្ស​ភ្លើង​ទៀន​ចាត់​ទុក​ថា ការចាប់​ខ្លួន​មន្រ្តី និង​សកម្មជន​របស់​ខ្លួន​ចំនួន​បីនាក់​ទៀត ​ជា​ការ​គំរាម​កំហែង​បន្ថែម​ដល់​គណបក្ស​ប្រឆាំង​ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២៤ បញ្ជាក់​ថា សកម្មជនគណបក្ស​ភ្លើង​ទៀន​បីនាក់​ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន រួមមាន លោក ដាង ប៊ុនហាក់ អតីត​អនុប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​រាជធានី​ភ្នំពេញ ​និង​លោក គឹម ថាយមុន្នី ចៅ​សង្កាត់​រងទី២ សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌ​មានជ័យ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០២៤ និងលោក គឹម ហុង ចៅ​សង្កាត់​រងទី២ សង្កាត់​ផ្សារ​អូរឬស្សី​ទី៤ ខណ្ឌ​៧មករា ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​រសៀល​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០២៤។​

បើតាម​សេចក្តី​ថ្លែងការណ៍​ គណបក្ស​ភ្លើង​ទៀន​ថ្កោល​ទោស​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជា​បន្តបន្ទាប់​។

គណបក្ស​ភ្លើងទៀន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះថា៖ «គណបក្ស​ភ្លើង​ទៀន​ចាត់​ទុកការ​ចាប់​ខ្លួន​លោក ដាង ប៊ុនហាក់ លោក គឹម ថាយមុន្នី និង​លោក គឹម ហុង គឺ​ជា​រូបភាព​គំរាម​កំហែង​ថ្មី​មួយ​មក​លើ​គណបក្ស​ភ្លើង​ទៀន​ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្ត​ទី៤ ឆ្នាំ​២០២៤ នឹង​ឈាន​ចូល​មក​ដល់​ឆាប់ៗ​នេះ»។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះ​ថា សកម្មជន​គណបក្ស​ភ្លើងទៀនទាំង​៣នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ (PJ) រួច​ហើយ។ លោក​បន្ត​ថា គណបក្ស​ភ្លើង​ទៀន​បាន​នឹង​កំពុង​រៀប​ចំ​មេធាវី​ការពារ​ក្តី​ជូន​សកម្មជន​ទាំង​៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ហើយ។

អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​លោក ​សំ វិច្ឆិកា ប្រាប់​វីអូអេ​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំ​រឿង និង​បញ្ជូន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំង​៣​រូប​នោះ​ទៅ​តុលាការ​រួចហើយ ដោយ​ទាក់​ទង​នឹង​បទ​ល្មើស​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ក្លែង​ឯកសារ​ទុច្ចរិត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ ករណី​ហ្នឹង​គឺ​យើង​អនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់​ បទ​ល្មើស​ដែល​កើត​ឡើង​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ អ៊ីចឹង​មិន​មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ​ពាក់​ព័ន្ធ​នឹង​រឿង​អីទេ​ យើង​សូម​បដិសេធ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​លោក សួស វិទ្យារ៉ាន់ឌី បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃចន្ទនេះ​។

ទាក់​ទិន​នឹង​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា មួយ​រយៈ​ក្រោយ​នេះ​មាន​ការ​កើន​ឡើង​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ ទាំង​សំណុំ​រឿង​ចាស់ និង​ថ្មី ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ ខិត​ជិត​មក​ដល់។ លោក​ថា ការណ៍​នេះ​អាចបង្ក​ឱ្យ​មាន​ការ​រិះគន់​ថា ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​មិន​សូវ​ល្អ​នៅ​មុន​ពេល​បោះ​ឆ្នោត​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​នៅ​ករណី​ថ្មីៗ​នេះ ខ្ញុំ​មើល​ទៅ​អាច​មាន​ការ​រិះគន់​បន្ថែម​ទៀត អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក​យើង​ឃើញ​ថា​សហគមន៍​អន្តរជាតិ​គេ​តែង​តែ​ទាមទារ​ថា​សុំ​ឱ្យ​កម្ពុជា​យើង​បើក​លំហ​សេរីភាព​នយោបាយ​ ដោយ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា​ស្ថានភាព​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ​»។

បើ​តាម​លោក អំ សំអាត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ តែង​តែ​ចង់​ឃើញ​បរិយាកាស​នៅ​មុន​ការបោះ​ឆ្នោត​មាន​ភាព​ល្អ​ប្រសើរ ដោយ​មិន​ចង់​ឃើញ​សកម្មភាព​នៃ​ការ​ចាប់ ឬ​ការ​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ណា​មួយ​ឡើយ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២៣​មក សកម្មជន​គណបក្ស​ភ្លើង​ទៀន​ប្រមាណ​ជា១៧​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​ផ្សេងៗ​។ នេះ​បើ​តាម​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​លោក ដាង ប៊ុនហាក់ លោក គឹម ថាយមុន្នី និង​លោក គឹម ហុង ឱ្យ​មាន​សេរីភាព​ឡើង​វិញ ​ដើម្បី​បន្ត​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស ក៏​ដូចជា​បង្ក​ឱ្យ​មាន​បរិយកាស​ល្អ​ប្រសើរ​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្ត​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៦ ខែ​ឧសភា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG