ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​បញ្ជា​ឲ្យ​ពន្លឿន​ចុះ​បញ្ជី​ដី​ជនជាតិ​ដើម​ភាគ​តិច ​ខណៈ​វាយ​ប្រហារ​អ្នក​រិះ​គន់​រឿង​កាប់​ព្រៃឈើ


រូបឯកសារ៖ ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការ ​សម្រាប់​ដាំ​ដំណាំ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)
រូបឯកសារ៖ ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការ ​សម្រាប់​ដាំ​ដំណាំ​ នៅ​ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​បញ្ជា​ឲ្យ​ពន្លឿន​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ដី​ធ្លី​ផ្សេង​ទៀត ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ​ ២០២៣ ​ខណៈ​លោក​បាន​វាយ​ប្រហារ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ពាក់ព័ន្ធ​នឹង​រឿង​កាប់​ព្រៃ​ឈើ ​ដោយ​ព្រមាន​យក​ដី​របស់​ក្រុម​អ្នក​រិះ​គន់​ទាំង​នោះ។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ ​របស់​ក្រសួង​រៀប​ចំដែន​ដី ​នគរូប​នីយកម្ម ​និង​សំណង់។​

លោក ​ហ៊ុន សែន​ ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ចុះ​បញ្ជី​ដី​ធ្លី​បាន​ប្រមាណ​ ៦​ លាន​ ៧​ សែន​បណ្ណ​រហូត​មក​ដល់​ពេល​នេះ​ ដែល​ស្មើ​ប្រមាណ​ ៩៦,២%​ នៃ​ចំនួន​ក្បាល​ដី​ប៉ាន់​ស្មាន​ប្រមាណ ​៧ ​លាន​ក្បាល​ដី។ ​លោក​ទទូច​ឲ្យ​ពន្លឿន​ការងារ​ចុះ​បញ្ជី​ក្បាល​ដី​នេះ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​ដូច​ដែល​ក្រសួង​រៀបចំ​ដែន​ដី​បាន​ប្តេជ្ញា។​

លោក ​ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ពន្លឿន​ចុះ​បញ្ជី​ដី​ធ្លី​ រួម​ទាំង​ដី​រដ្ឋ ​ដី​សាធារណៈ​របស់​រដ្ឋ ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ដីសហគមន៍​ជនជាតិ​ដើម​ភាគ​តិច ​ដើម្បី​ធានា​សុវត្ថិភាព​កាន់​កាប់​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ចំណុច​សេស​សល់​របស់​យើង ​វា​នៅ​មិន​ច្រើន​ទេ។​ វា​នៅ​តិច​ណាស់។​ ប៉ុន្តែ​កន្លែង​ខ្លះ​ពន្យារ​នូវ​ការ​ធ្វើ​រឿង​នេះ ​ទោះ​បី​ការ​ចុះ​បញ្ជី ​ឬ​ធ្វើ​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្តី ​ជា​លក្ខណៈ​ដាច់​ដោយ​ដុំ​ក្តី ​គឺ​ហាក់​ដូច​ជា​នៅ​ទ្រឹង​ ឬ​ធ្វើ​ដែរ ក៏​ប៉ុន្តែ​ធ្វើ​ដោយ​មិន​មាន​ការ​ជំរុញ ​[គឺ​]មិន​មាន​សន្ទុះ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​រង់ចាំ​រឿង​នេះ»។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា ការកាប់​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ដើម្បី​យក​ដី​មក​បំពេញ​តម្រូវ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ដោយ​សារ​តែ​មាន​កំណើនប្រជាជន។​ លោក​ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះ​គន់​រឿង​កាប់​ព្រៃ​ឈើ​យ៉ាង​ដូច្នេះ​ថា៖​

«អ៊ីចឹង​អា​អ្នក​ជេរ​ វា​ចេះ​តែ​ជេរ។ អា​តម្រូវ​ការ​របស់​យើង​ចេះ​តែ​មាន​តម្រូវការ។ អ៊ីចឹង​បាន​ខ្ញុំ​ថា​ ពេល​ខ្លះ​ត្រូវ​តែ​លេង​ពួក​អា​អ្នក​ជេរ​ហ្នឹង​ដែរ ​ចាប់​អ្ហែង​ឲ្យ​ជាប់​ … ដី​អ្ហែង​នៅ​កន្លែង​ណា​ អើ​អ្ហែង​ជេរ​អញ​ អញ​យក​ដី​ហ្នឹង​វិញ។ ​ដី​អត់​យក​ទៅ​ណា​ទេ ​យក​មក​ដាក់​រដ្ឋ​វិញ ​ដើម្បី​ឲ្យ​អ្ហែង​ដឹង​ថា​ អ្ហែង​ជេរ​ហ្នឹង​វា​ខុស»។​

លោក ​ហ៊ុន សែន ​ក៏​ជំរុញ​ឲ្យ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លីក្រៅ​ប្រព័ន្ធ​តុលាការ ​ដោយ​ធានា​ថា​ មាន​ក្រុម​ការ​ងារ​ដោះ​ស្រាយ​វិវាទ ​ដោយ​មិន​លម្អៀង​ទៅ​ភាគី​ណា​មួយ។

លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ប្រាប់​វីអូអេ​ថា​ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ​ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​កាន់​កាប់ដី​ធ្លី ​ដូច​ជា​វិវាទ​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ា​ឡាយ ​(Hoang Anh Gia Lai ឬ HAGL) ​ដែល​ទទួល​បាន​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្ត​រតនគិរី។​ លោក​បន្ថែម​ថា ​ការ​ចុះ​បញ្ជី​ដី​កម្ម​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា​មាន​មិន​ដល់​ ៤០ ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​យើង​ទទូច​សុំ​ឲ្យ​ក្រសួង​សាមី ​ជាពិសេស​ក្រសួង​ដែល​ពាក់ព័ន្ធ​ដូច​ជា​ក្រសួង​ដែន​ដី និង​ក្រសួង​ដទៃ​ទៀត ​ខាង​កសិកម្ម​ហ្នឹង ​គឺ​ធ្វើ​ការ​ពន្លឿន​នូវ​នីតិវិធី ​គឺ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី​ហ្នឹង​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ»។​

ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នីតិបុគ្គល​ សរុប​ចំនួន​ ១៥២​ សហគមន៍​នៅ​ទូទាំង​ប្រទេស ​គិត​ត្រឹម​ខែ​មិថុនា ​ឆ្នាំ​ ២០២១។​ នេះបើ​តាម​របាយ​ការណ៍​អំពី​ស្ថានភាព​ប្រជា​សាស្រ្ត ​និង​សង្គម ​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ ដែល​រៀបចំ​ដោយ​ក្រសួង​ផែន​ការ ​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០២១។ ​ដោយ​ឡែក​ក្រសួង​រៀបចំ​ដែន​ដី ​នគរូប​នីយកម្ម ​និង​សំណង់​បាន​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជា​សមូហភាព​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​ ៣៣​ សហគមន៍ ​ស្មើ​នឹង​ ៨៥៦ ​បណ្ណ ​លើ​ផ្ទៃ​ដី​ទំហំ​សរុប​ប្រមាណ​ ៣៤.០០០​ហិកតា ​ស្មើ​នឹង​ ៣.២៣៥ ​គ្រួសារ ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​ ២០២០។​

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​វីដេអូ​មួយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥​ ជាមួយ​ផលិតករ​ភាព​យន្ត​អាមេរិក​ម្នាក់​ឈ្មោះ​ Robert H. Lieberman​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ដោយ​ស្មោះត្រង់​ថា ​បញ្ហា​ដីធ្លី​គឺ​ជា​ការ​សោក​ស្តាយ​ធំ​បំផុត​របស់​លោក ដោយ​លោក​ថា​ រដ្ឋា​ភិបាល​គួរ​តែផ្តល់​កម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​លឿន​ជាង​នេះ៕

XS
SM
MD
LG