ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​រ៉មនី​ លោក​​ភែរី​ និង​លោក​ស្រី​​​បាកម៉ាន់​នាំ​មុខ​​បេក្ខជន​ប្រធានាធិបតី​​​គណបក្ស​សាធារណរដ្ឋ


លោក​​ រិក​ ភែរី​ អភិបាល​រដ្ឋ​ តិចសាស់ធ្វើ​យុទ្ធ​នាការ​នៅ​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១​ នៅ​ទីក្រុង​គ្រីនលែន​ រដ្ឋ​ញូ​ ហាំសឺរ ពេល​លោក​​ប្រកាស​ថា​នឹង​ចូល​ប្រកួត​សម្រាប់​ដំណែង​ប្រធានាធិបតី​សម្រាប់​ឆ្នាំ​២០១២។
លោក​​ រិក​ ភែរី​ អភិបាល​រដ្ឋ​ តិចសាស់ធ្វើ​យុទ្ធ​នាការ​នៅ​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១​ នៅ​ទីក្រុង​គ្រីនលែន​ រដ្ឋ​ញូ​ ហាំសឺរ ពេល​លោក​​ប្រកាស​ថា​នឹង​ចូល​ប្រកួត​សម្រាប់​ដំណែង​ប្រធានាធិបតី​សម្រាប់​ឆ្នាំ​២០១២។

នៅ​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​របស់​សហរដ្ឋ​អាមេរិក​ ទី​ធ្លា​ដ៏​ណែន​ណាន់​នៃ​បេក្ខជន​ប្រធានាធិបតី​របស់គណបក្ស​សាធារណរដ្ឋ​ កំពុង​តែ​មាន​ភាព​ស្រឡះ​បន្តិច​ហើយ​ នៅ​ក្រោយ​ការ​បោះឆ្នោត​សាក​ល្បង​មួយ​នៅ​រដ្ឋ​ អាយ៉ូវ៉ា​ (Iowa)​ កាល​ពី​ថ្ងៃ​សៅរ៍​មុន​ និង​មាន​ការ​បន្ថែម​លោក រិក​ ភែរី​ (Rick Perry) អភិបាល​រដ្ឋ​ តិចសាស់​ (Texas) ទៅ​ក្នុង​ការ​ប្រកួត​នេះ​ទៀត។

ក្រុម​អ្នក​ជំនាញ​ខាង​នយោបាយ​និយាយ​ថា​ ការ​ប្រកួត​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​នា​បច្ចុប្បន្ន​ មាន​អ្នក​ប្រជែង​បី​រូប​ដែល​លេ​ច​មុខ​ជាង​អ្នក​ឯ​ទៀត​នៅ​ក្នុង​ទី​ធ្លា​ដ៏​ចង្អៀត​ - គឺ​មាន​លោក មីត​ រ៉មនី​ (Mitt Romney)​ ​អតីត​អភិបាល​រដ្ឋ​ ម៉ាសាឈូសែត​ (Massachusetts) លោក​ រិក​ ភែរី​ (Rick Perry) អភិបាល​រដ្ឋ​ តិចសាស់​ (Texas)​ និង​លោក​ស្រី​ មីស្ហែល​ បាកម៉ាន់​ (Michele Bachman)​ អ្នក​តំណាង​រាស្រ្ត​ពី​រដ្ឋ​ មីនេសូតា​ (Minnesota)។

លោក​ស្រី​ បាកម៉ាន់​ បាន​ទទួល​ការ​លើក​កម្លាំង​ ពី​ជ័យ​ជំនះ​របស់​លោក​ស្រី​នៅ​ក្នុង​ការ​បោះឆ្នោតដែល​លទ្ធផល​មិន​យក​ជា​ផ្លូវ​ការ​ ហៅ​ straw poll របស់​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​ អាយ៉ូវ៉ា។​ នេះ​ជា​ការ​បោះឆ្នោត​សាក​ល្បង​មួយ​សម្រាប់​អ្នក​ប្រកួត​ ដែល​អាច​ចាត់​ទុកថា​ជា​ការ​ប្រមើល​មើល​ទៅ​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​របស់​ក្រុម​ប្រតិភូ​នៃ​រដ្ឋ​ អាយ៉ូវ៉ា​ ​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតីនៅ​ឆ្នាំ​ក្រោយ។

«លោក​ អូបាម៉ា​ (Obama)​ ជា​យុទ្ធសាស្រ្តរបស់​ខ្ញុំ។​ ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ជា​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ​ ហើយ​ប្រកួត​ជា​មួយ​លោក​ អូបាម៉ា​ ហើយ​យក​ជ័យ​ជំនះ​លើ​លោក​ក្នុង​ឆ្នាំ​ ២០១២»។

ក៏​ប៉ុន្តែ​ការ​ចូល​ក្នុង​ឆាក​ប្រកួត​ដោយ​លោក​អភិបាល​រដ្ឋ​ តិចសាស់​ រិក​ ភែរី​ ហាក់​ដូច​ជា​បាន​គ្រប​ជា​ម្លប់​ទៅ​លើ​ជ័យ​ជំនះ​របស់​លោក​ស្រី​ បាកម៉ាន់។

«ខ្ញុំ​មាន​ជំនឿ​លើ​ប្រទេស​អាមេរិក។​ ខ្ញុំ​មាន​ជំនឿ​លើ​គោល​បំណង​និង​ពាក្យ​សន្យា​របស់​ប្រទេស​អាមេរិក។​ ខ្ញុំ​ជឿ​ថា​ប្រទេស​អាមេរិក​មិន​ទាន់​បាន​រស់​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ប្រសើរ​បំផុតរបស់​ខ្លួន​នៅ​ឡើយ​ទេ។​ ហើយ​ដោយ​មាន​ជំនួយ​ពី​អស់​លោក​អ្នក​ និង​សេចក្តី​អនុគ្រោះ​របស់​ព្រះ​ជា​ម្ចាស់​ យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​ការជឿន​លឿន​ជា​ថ្មី​ឡើង​វិញ»។

ដូច​គ្នា​និង​លោកស្រី​ បាកម៉ាន់​ លោក​ ភែរី​ បាន​ទទួល​ការ​និយម​ពី​ក្រុម​អភិរក្សនិយម​សង្គម និង​ក្រុម​សកម្មជន​គណបក្ស​ ធី​ (Tea Party)​ ដែល​ចង់​កាត់​បន្ថយ​ទំហំ​នៃ​រដ្ឋាភិបាល​សហព័ន្ធ។

លោក​ ភែរី​ ក៏​សង្ឃឹម​ថា​នឹង​បានទទួល​ការ​គាំទ្រ​ពី​ក្រុម​អភិរក្ស​សេដ្ឋកិច្ច​ផង​ដែរ​ ដែល​បាន​គាំទ្រ​អ្នក​នាំ​មុខ​គេ​សម្រាប់​ការ​តែង​តាំង​របស់​គណបក្ស​សាធារណរដ្ឋ គឺ​ អភិបាល​រដ្ឋ​ ម៉ាសាឈូសែត​ លោក មីត​ រ៉មនី។

លោក​ មីត​ រ៉មនី​ កំពុង​ផ្តោត​ការ​ទិតៀនរបស់​លោក​ទៅ​លើ​លោក​ប្រធានាធិតី​ បារ៉ាក់​ អូបាម៉ា​ (Barack Obama)។

«ព្រឹក​មិញ​ ខ្ញុំ​បាន​ឃើញ​អត្រា​គាំទ្រ​លោក​បាន​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប​បំផុត​សម្រាប់​រូប​លោក។​ រឿង​នេះ​មិន​មែន​មក​ពី​លោក​មិនបានធ្វើ​ការ​ឃោសនា​នោះ​ទេ។​ គឺ​មក​ពី​លោក​មិន​បាន​(មែន​ជា​អ្នក)​ដឹក​នាំ។​ ប្រជា​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​ការ​ប្រធានាធិបតី​មួយ​រូប​ ដែល​អាច​ដឹក​នាំ​ប្រទេស​នេះ​ឲ្យ​ត្រឡប់ទៅ​ភាព​រស់​រវើក​ឡើង​វិញ»។

ក្រុម​អ្នក​ជំនាញ​ការ​និយាយ​ថា​ សេចក្តី​សម្រេច​ចិត្ត​របស់លោក​ ភែរី​ ដើម្បី​ចូល​ក្នុង​ការ​ប្រកួតបាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ប្រជែង​ដើម្បី​ឲ្យ​បាន​ទទួល​ការ​តែង​តាំង។ លោក​ ម៉ាធ្យូ​ ដោវដ៍​ (Matthew Dowd)​ ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​របស់​បណ្តាញ​ទូរទស្សន៍​ អេប៊ីស៊ី​ (ABC)​ ដែល​ធ្លាប់​ធ្វើ​ការ​ជូន​លោក​អតីត​ប្រធានាធិបតី​ ជជ​ ដិបបិលយូ​ ប៊ុស្ហ​ (George W. Bush)។​ លោក​ទាយ​ថា​ លោក​ ភែរី នឹង​ក្លាយ​ជា​បេក្ខជន​ដ៏​មាន​ឥទ្ធិឬទ្ធិ​មួយ​រូប។

«បុរស​ម្នាក់​នេះ​ជា​អ្នក​ប៉ិន​ប្រសប់​ខាង​ការ​ឃោសនា​ណាស់​ ហើយ​ចំពោះ​ខ្ញុំ​ ក្រោយ​ពីខ្ញុំបាន​មើល​លោក​ ជជ​ ប៊ុស្ហ​ និង​ក្រោយ​ពី​បាន​ធ្វើ​ការ​ឲ្យ​លោក​ ជជ​ ប៊ុស្ហ ហើយ​ក្រោយ​ពី​បាន​ស្គាល់​លោក​ រិក​ ភែរី​ (ខ្ញុំ​គិត​ថា)​ ​បើប្រៀប​ធៀប​គ្នា​ លោក​ ភែរីពិត​ជា​អ្នក​ឃោសនាមាន​ថ្វីដៃ​ជាង​លោក​ ជជ​ ប៊ុស្ហ នៅ​ត្រង់​ចំណុចនេះ»។

នៅ​ក្នុង​ការ​ស្ទង់មតិ​សាធារណៈ​ លោក​ រ៉មនី​ កំពុង​នាំ​មុខ​អ្នក​ប្រជែង​ដទៃ​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​ដោយ​ចំនួន​តិច​តួច ក៏​ប៉ុន្តែ​ក្រុម​អភិរក្សនិយម​ជា​ច្រើន​នាក់មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​សមិទ្ធិ​របស់​លោក​ក្នុង​ឋានៈ​ជា​អភិបាលនៅ​ក្នុង​រដ្ឋ​ ម៉ាសាឈូសែត​ ដែល​និយម​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​ពួក​គេ​កំពុង​រិះ​រក​បេក្ខជន​ជម្រើស​មួយ​ ដែល​ជា​អ្នក​អភិរក្ស​ជាង​លោក។

លោក​ ភែរី​ មាន​ប្រជាប្រិយភាព​ជា​មួយ​ក្រុម​អភិរក្ស​និយម​ ក៏​ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ​មាន​ចម្ងល់​ថា​តើ​លោក​អាច​ទាក់ទាញ​ប្រភេទ​អ្នក​បោះ​ឆ្នោត​ដែល​និយម​ផ្លូវ​កណ្តាល​បាន​ឬ​ទេ​ ដែល​ជា​ញឹក​ញយ គេ​ត្រូវ​ការដើម្បី​ឲ្យ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី។​ ​លោក​ ភេរី​ នឹង​បាន​ទទួល​ការ​ល្បង​មើលនៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​ ពិព្រោះ​គ្រាន់​តែ​នៅ​ក្នុង​ខែ​កញ្ញា​តែ​មួយ​ប៉ុណ្ណោះ គណបក្ស​សាធារណរដ្ឋ​នឹង​មានកំណត់ធ្វើការ​ពិភាក្សា​ដេញ​ដោល​យោបល់ ​ដល់​ទៅ​បី​ដង៕​៚

ប្រែ​សម្រួល​ដោយ​លោក អ៊ូ ធួក

វីដេអូថ្មីៗបំផុត

XS
SM
MD
LG