ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ប្រកាន់​មនុស្ស​៣​នាក់ ពី​បទ​ញុះញង់ ក្រោយ​តវ៉ា​មុខ​ស្ថានទូត​ចិន


បាតុករប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនតាមការរៀបចំដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការំលាយ ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតពីហ្វេសប៊ុក)
បាតុករប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនតាមការរៀបចំដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការំលាយ ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតពីហ្វេសប៊ុក)

តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​មនុស្ស​៣​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ចោទ​ពួកគេ​ពី​បទ​ញុះញង់ ក្រោយ​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ពួកគេ​ទាំង​៣​នាក់​នោះ មាន​ឈ្មោះ ​លោក តុន និមល អតីត​ក្រុម​ប្រឹក្សា​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ អ្នកស្រី លឹម សាន អតីត​ក្រុម​ប្រឹក្សា​ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល និង​អ្នកស្រី យ៉យ ស្រីមុំ ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។ នេះ​បើ​យោង​តាម​ក្រុម​គ្រួសារ​របស់​ពួកគេ។

អ្នកនាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង មាន​ប្រសាសន៍នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះ​រាជ​អាជ្ញា​រង លោក សុខ កែវ​បណ្ឌិត បាន​សម្រេច​ចោទ​ប្រកាន់ពួក​គេ​ទាំង​៣នាក់ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ លោក​បន្ត​ថា​ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​បញ្ជាក់​ថា៖ «ក្រោយ​ពី​បាន​សាកសួរ​តាម​នីតិវិធី​រួច​រាល់​ហើយ លោក​ចៅក្រម (លោក)​ឯក​ ប៉ូលីហ្វីល​ បាន​សម្រេច​ឃុំ​ខ្លួន​ទាំង​បី​នាក់​តាម​នីតិវិធី»។

កាល​ពី​ថ្ងៃ​សុក្រ​ កម្លាំង​សន្តិ​សុខ​រាប់​សិប​នាក់ ​បាន​បំបែក​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​តវ៉ា​រាប់​សិប​នាក់​ជា​ស្ត្រី បាន​ប្រមូល​ផ្តុំ និង​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​អ្នក​ខ្លះ​បាន​ស្រែក​ថា «បដិ​សេធ​កងទ័ព​ចិន»​ក្នុង​ប្រទេស​កម្ពុជា។

លោក ចាន់ តុន អាយុ​៦៨​ឆ្នាំ ជា​ឪពុក​របស់​លោក តុន និមល ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​ចោទ​ប្រកាន់​ទាំងអយុត្តិធម៌ ហើយ​កូន​ប្រុស​របស់​លោក មិន​បាន​បង្ក​ភាព​វឹកវរ​អ្វី​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​អាជ្ញាធរ​ធ្វើ​នេះ រំលោភ​លើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហើយ ព្រោះ​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​ពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ ធ្វើ​កូដកម្ម ដោយ​សន្តិវិធី។ ហើយ​យើង​មើល​រូបភាព​យើង​បួន​ដប់​ម្ភៃ​នាក់​ហ្នឹង ទៅ​បង្ក​អី»?

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា តុលាការបាន​ចោទ​ប្រកាន់​ពួកគេ​ទាំង​៣​នាក់ ​ដូច​អ្នក​ចេញ​មុខ​តវ៉ា​មុនៗ​ដែរ។ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​រំលោភ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់។

មុន​ការ​តវ៉ា​ខាង​មុខ​ស្ថានទូត​ចិន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​អ្នក​មាន​គម្រោង​តវ៉ា​រួច​ជាស្រេច​ ដោយ​លោក​អះអាង​ថា ​មាន​គម្រោង​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ ទី​២៣​ ខែ​តុលា។ លោក ហ៊ុន សែន ថា​ «កុំ​មក​រញ៉េរញ៉ៃ» ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ផង​ និង​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ផង៕

XS
SM
MD
LG