ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សរាប់ម៉ឺននាក់ចេញតវ៉ាប្រឆាំងអំពើហិង្សាលើស្ត្រី បន្ទាប់ពីនិស្សិតស្រីម្នាក់ត្រូវបានសម្លាប់នៅអ៊ីតាលី


ស្ត្រីម្នាក់កាន់រូបនាង Giulia Cecchettin ដែលត្រូវបានសង្ស័យថាត្រូវបានសម្លាប់ដោយមិត្តប្រុសរបស់នាង អំឡុងការដើរហែក្បួនតវ៉ាមួយ នៅក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ត្រីម្នាក់កាន់រូបនាង Giulia Cecchettin ដែលត្រូវបានសង្ស័យថាត្រូវបានសម្លាប់ដោយមិត្តប្រុសរបស់នាង អំឡុងការដើរហែក្បួនតវ៉ាមួយ នៅក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចេញតាម​ដង​ផ្លូវ​នានា​នៃ​ទីក្រុង​ចម្បងៗ​របស់​ប្រទេស​អ៊ីតាលី​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ពួកគេ​ដើរ​ក្បួន​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ចំ​ពេល​ដែល​បុរស​អ៊ីតាលី​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា​បាន​សម្លាប់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​ត្រូវ​បាន​គេ​បញ្ជូន​ខ្លួនមក​កាន់​ប្រទេស​អ៊ីតាលី​ពី​ប្រទេស​អាល្លឺម៉ង់។

ការ​សម្លាប់​និស្សិត​សាកលវិទ្យាល័យ​អាយុ ២២ ឆ្នាំ​ឈ្មោះ Giulia Cecchettin ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឡើង​ដោយ​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​នៅ​ទូទាំង​ប្រទេស​អ៊ីតាលី ដែល​នៅ​ទីនោះ​ជា​មធ្យម​ស្ត្រី​ម្នាក់​ត្រូវ​បាន​សម្លាប់​រៀងរាល់ ៣ ថ្ងៃ​ម្ដង។

ជន​ឈ្មោះ Filippo Turetta អាយុ ២១ ឆ្នាំ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​សម្លាប់​នាង Cecchettin ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន Venice កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។ ជន​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​ពន្ធនាគារ​នៅ​ក្នុង​ទីក្រុង Verona នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ដើម្បី​ប្រឈម​នឹង​ការ​សួរ​ចម្លើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី។

នាង Cecchettin បាន​បាត់​ខ្លួន​បន្ទាប់ពី​បាន​ញ៉ាំ​ប៊ឺហ្គឺ​ជាមួយ​ជន​ឈ្មោះ Turetta នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ជិត​ទីក្រុង Venice គឺ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​នាង​ត្រៀម​ទទួល​បរិញ្ញាបត្រ​វិស្វកម្ម​ជីវវេជ្ជសាស្ត្រ។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង។

សាកសព​របស់​នាង Cecchettin ដែល​រុំ​ដោយ​ស្បោង​ផ្លាស្ទិក​ពណ៌​ខ្មៅ​នៅ​ក្នុង​ប្រឡាយ​ជិត​បឹង​មួយ​នៅ​ជើង​ភ្នំ​នៃ​ជួរ​ភ្នំ Alps ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា។ ជន​ឈ្មោះ Turetta ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​បន្ទាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់។

ការ​សម្លាប់​នាង Cecchettin នេះ​បាន​បង្ក​ឱ្យ​មាន​រលក​មិន​ធ្លាប់​មាន​ពី​មុន​មក​នៃ​ទុក្ខសោក​និង​កំហឹង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​នៅ​ទី​នោះ​ស្ត្រី​ជា​ច្រើន​ថា​ឥរិយាបថ​បែប​បុរស​ជា​ធំ​នៅតែ​ចាក់​ឬស​ចាក់​គល់​យ៉ាង​ខ្លាំង។

ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី​បាន​បង្ហាញ​ថា កន្លង​មក​ស្ត្រី ១០៦ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ ៥៥ នាក់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ត្រូវ​បាន​សម្លាប់​ដោយ​ដៃគូ​ឬ​ក៏​អតីត​ដៃគូ​របស់​ខ្លួន។

ទូរទស្សន៍ RAI របស់​អ៊ីតាលី​បាន​រាយការណ៍​ថា ក្នុង​ថ្ងៃ​ជា​បន្តបន្ទាប់​ក្រោយ​មក​បន្ទាប់ពី​សាកសព​របស់​នាង Cecchettin ត្រូវ​បាន​រក​ឃើញ ការ​ហៅ​ទូរស័ព្ទ​តាម​ខ្សែ​ទូរស័ព្ទ​បន្ទាន់​ថ្នាក់​ជាតិ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​ស្ត្រី​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​របស់​ខ្លួន​នៅ​ក្រោម​ដៃ​របស់​បុរស​បាន​កើនឡើង​ពី​ប្រហែល ២០០ ទៅ ៤០០ ករណី​ក្នុង​មួយ​ថ្ងៃ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហៅ​ទូរស័ព្ទ​របស់​ឪពុក​ម្ដាយ​របស់​ស្ត្រី​ក្មេងៗ​ផង​ដែរ។

នាង Aurora Arleo និស្សិត​អាយុ ២៤ ឆ្នាំ ដែល​មកពី​ក្រុង Ladispoli ជិត​រដ្ឋធានី​រ៉ូម​និង​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម បាន​និយាយ​ថា៖ «អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​អ្វី​ដែល​ប៉ះពាល់​អារម្មណ៍​របស់​ខ្ញុំ​និង​មនុស្ស​គ្រប់​គ្នា​ដោយ​ផ្ទាល់។ យើង​បាន​រួបរួម​គ្នា​ដើម្បី​នាង Giulia [Cecchettin] ដោយសារ​តែ​រឿងរ៉ាវ​របស់​នាង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពួក​យើង ហើយ​ខ្ញុំ​សង្ឃឹម​ថា​រឿង​រ៉ាវ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ»៕

ប្រែសម្រួលដោយ​លោក ភី សុភាដា

XS
SM
MD
LG