ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់បានធ្វើបាតុកម្មនៅក្នុងរាជធានីរបស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Najib Razak ចុះចេញពីតំណែង ដោយសារតែលោកមានជាប់ពាក់ព័ន្ធក្នុងបទចោទប្រកាន់ទាក់ទិននឹងរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារ។
លោក Najib កំពុងរងពាក្យរិះគន់និងការធ្វើបាតុកម្មប្រឆាំង ក្រោយពេលលោករងបទចោទប្រកាន់ទាក់ទិននឹងអំពើពុករលួយ។លោកបានធ្វើការបដិសេធចំពោះទង្វើខុសឆ្គងនេះ។
ក្រុមបាតុករអាវលឿងដែលគាំទ្រក្រុមប្រជាធិបតេយ្យ Bersih បានដើរដង្ហែនិងស្រែកស្រុះៗគ្នា នៅកណ្តាលទីក្រុង គូឡាឡាំពួរ ដោយមានកាន់បដាសរសេរថា «លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសម៉ាឡេស៊ីស្ថិតក្នុងការចងចាំ» អ្នកខ្លះទៀតសរសេរថា «ឆ្អែតឆ្អន់នឹងលទ្ធិប្រើប្រាស់អំណាចដើម្បីលួចជាតិ» ហើយបាតុករជាច្រើនអ្នកផ្សេងទៀតវាយស្គរនិងផ្លុំត្រែ។
មានវត្តមានប៉ូលិសបង្រ្កាបក្រុមបាតុករនិងឡានបាញ់ទឹកជាច្រើននៅតាមដងផ្លូវឆ្ពោះទៅកាន់ទីលាន Merdeka ដែលស្ថិតនៅកណ្តាលក្រុងត្រូវបានបិទ ដើម្បីរារាំងក្រុមបាតុករកុំឲ្យប្រមូលផ្តុំគ្នាដូចការគ្រោងទុករបស់ពួកគេ។
ប្រធានក្រុម Bersih ដែលជាអ្នករៀបចំធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រជាមួយនឹងអ្នកដែលគាំទ្រការធ្វើបាតុកម្មជាច្រើននាក់ទៀត រួមមានថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងនឹងសកម្មជនសិស្សនិស្សិតផងដែរ។
ការធ្វើបាតុកម្មនេះមិនទំនងអាចធ្វើឲ្យលោក Najib ចុះចេញពីតំណែងបាននោះទេ។ លោកបានទប់ទល់នឹងវិបត្តិនេះ បង្រួបបង្រួមអំណាចដោយបង្ក្រាបអ្នកដែលប្រឆាំងនឹងលោក ហើយនិងរឹតត្បិតទៅលើក្រុមអ្នកសារព័ត៌មាននិងក្រុមសកម្មជនផងដែរ៕