រថយន្ត Van របស់ប៉ូលិសហ្វីលីពីនបានបើកបុកក្រុមអ្នកតវ៉ា ដែលចូលរួមនៅក្នុងការតវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិកនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ ដោយបានធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស។
អ្នកតវ៉ាប្រហែលមួយពាន់នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកដើម្បីអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន។ ប៉ូលិសបានបាញ់ផ្សែងបង្ហូរទឹកភ្នែក និងបានប្រើបំពង់ទឹកបាញ់លើក្រុមបាតុករដើម្បីបំបែកពួកគេចេញពីការតវ៉ានេះ។
វីដេអូព័ត៌មានដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បានបង្ហាញថា អ្នកតវ៉ាបានឡោមព័ទ្ធរថយន្ត van របស់ប៉ូលិស និងបានប្រើដំបងឈើវាយលើរថយន្តនោះ មុនពេលដែលអ្នកបើករថយន្តនោះចាប់ផ្ដើមបើកបុកអ្នកតវ៉ាម្ដងហើយម្ដងទៀត។
លោក Renato Reyes ដែលជាមេដឹកនាំក្រុមអ្នកតវ៉ាមួយរូប បាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ា ៣ នាក់ ដែរ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរថយន្តរបស់ប៉ូលិសបានបើកបុកពួកគេ។
អ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលនៃការតវ៉ា បន្ទាប់ពីពួកគេជះទឹកថ្នាំក្រហមលើក្រុមមន្ត្រីប៉ូលិស។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្កើនការអំពាវនាវរបស់លោកឲ្យមានគោលនយោបាយការបរទេសមួយ ដែលមិនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិក និងបានធ្វើការវាយប្រហារដោយពាក្យសម្ដីទៅលើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ផងដែរ៕